អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ត្រាំ អាចបន្តតំណែងរហូតដល់ចប់អាណត្តិ ក្រោយព្រឹទ្ធសភាសម្រចថា គ្មានទោស
× លោក ដូណាល់ ត្រាំ នឹងបន្តតំណែងប្រធានាធិបតីអាមេរិករហូតចប់អាណត្តិដដែល បន្ទាប់ពីព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី៥ ខែកុម្ភៈ បោះឆ្នោតផ្ដល់ភាពស្អាតស្អំដល់រូបលោកទាក់ទងការចោទប្រកាន់ពីបទបំពានអំណាច និងការរារាំងដំណើរការយុត្តិធម៌។ ការសម្រេចចិត្តរបស់ព្រឹទ្ធសភាអាមេរិក ជារឿងដែលគេរំពឹងទុក ដ្បិតបក្សសាធារណរដ្ឋរបស់លោក ត្រាំ មានសំឡេងភាគច្រើនស្រាប់ទៅហើយ។ ប៉ុន្តែបក្សប្រជាធិបតេយ្យឯណោះចាត់ទុករឿងថា គ្មានតម្លៃ។
ដូចការរំពឹងទុក ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតប្រឆាំងមាត្រានៃការចោទប្រកាន់ចំនួនពីរ ដែលត្រូវបានផ្ដួចផ្ដើមដោយសភាតំណាង ដែលដឹកនាំបក្សប្រជាធិបតេយ្យ សំដៅដកហូតតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ ។ សវនាការជំនុំជម្រះលើសំណុំរឿងដកហូតតំណែងរបស់លោក ត្រាំ ក៏ត្រូវចប់ ហើយលោក ត្រាំ នៅតែជាប្រធានាធិបតីអាមេរិកដដែល។
ទោះជាបក្សប្រជាធិបតេយ្ យផ្ដល់សក្ខីកម្មដែលបង្ហាញពីកំហុសលោក ត្រាំ ក្ដី សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ នៅតែគាំទ្រលោកដដែល។ ក្នុងការបោះឆ្នោតថ្ងៃទី៥ ខែកុម្ភៈ ព្រឹទ្ធសភាអាមេរិក បានបញ្ជាក់ពីភាពគ្មានទោសពៃរ៍របស់លោក ត្រាំ តាមរយៈការបោះឆ្នោតជំទាស់មាត្រាចោទប្រកាន់ពីរករណី គឺការបំពានអំណាច និងការបង្អាក់ដំណើរការយុត្តិធម៌។
សម្រាប់ករណីបំពានអំណាច ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតមិនចោទប្រកាន់លោក ត្រាំ ដោយសំឡេង៥២ទល់នឹង៤៨ ។ ឯការចោទប្រកាន់ពីការបង្អាក់ដំណើរការយុត្តិធម៌វិញ សមាជិកព្រឹទ្ធសភាចំនួន៥៣នាក់ទៀត បោះឆ្នោតថា លោក ត្រាំ មិនមានកំហុស ខណៈ៤៧នាក់ទៀតដែលសុទ្ធសឹងមកពីបក្សប្រជាធិបតេយ្យថា លោក ត្រាំ មានកំហុស។ ដ្បិតមិនអាចរកសំឡេងបានពីរភាគបី បក្សប្រជាធិបតេយ្យ នៅតែមិនអាចបណ្ដេញលោក ត្រាំ ចេញពីតំណែងដដែល។
ប្រធានចៅក្រមតុលាការកំពូលអាមេរិក លោក John Roberts ដែលដឹកនាំសវនាការនេះ ប្រកាសថា លោក ត្រាំ គឺមិនមានទោសឡើយ ព្រោះសមាជិកព្រឹទ្ធសភាភាគច្រើនរកមិនឃើញកំហុសដូចដែលបានចោទប្រកាន់ឡើយ។
លោក ត្រាំ ក្លាយជាប្រធានាធិបតីទីបី ដែលរួចពីការដកតំណែងបន្ទាប់លោក ប៊ីល គ្លីនតុន និងលោក អែនឌ្រូ ជែកសុន។ លោកបានហៅការសម្រេចចិត្តរបស់ព្រឹទ្ធសភាជាជោគជ័យ ខណៈសេតវិមានចាត់ទុកលទ្ធផលនៅព្រឹទ្ធសភា ជាការផ្ដល់ភាពស្អាតស្អំពេញលេញមួយសម្រាប់ប្រធានាធិបតី។ យ៉ាងណាមិញ បក្សប្រជាធិបតេយ្យ នៅតែបន្តជំហរលោក ត្រាំ មានកំហុស ព្រោះសវនាកាកន្លងមក មិនយុត្តិធម៌ដោយសារសាក្សីសំខាន់មិនត្រូវបានកោះហៅ ហើយការអស់ទោសពៃរ៍របស់លោក ត្រាំ ជារឿងគ្មានតម្លៃ៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com