កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ​ប្តេជ្ញា​លុបបំបាត់​សហព័ន្ធ​កីឡា​ដែលមាន​មន្ត្រី​ដើរតួ​ជា​ចោរ​ផង និង​ជា​ប៉ូលិស​ផង​
06, Feb 2020 , 11:15 am        
រូបភាព
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយនិងកីឡាឆ្នាំ២០១៨-២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០១៩-២០២០
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយនិងកីឡាឆ្នាំ២០១៨-២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០១៩-២០២០
ដោយ:
​ចាប់ពី​ឆ្នាំ​២០២០​នេះ​តទៅ​មិន​អនុញ្ញាត​ឲ្យ​សហព័ន្ធ​មួយ ដែលមាន​មន្ត្រី​ដើរតួ​ជា​ចោរ​ផង និង​ជា​ប៉ូលិស​ផង​នោះទេ​។ នេះ​ជាការ​ប្តេជ្ញាចិត្ត​របស់លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចាត់ទុក​បញ្ហា​នេះ ជា​កត្តា​នាំ​ឲ្យ​សហព័ន្ធ​ឈានទៅរក​ការដួលរលំ និង​គ្មាន​ភាព​រីកចម្រើន​។

 
​ពាក្យ​មន្ត្រី​ដើរតួ​ជា​ចោរ​ផង និង​ជា​ប៉ូលិស​ផង​នៅពេលនេះ គឺ​លោក ស សុខា ចង់​សំដៅ​ដល់​មន្ត្រី​សហព័ន្ធ​ដែល​បាន​ទម្លាក់ខ្លួន​ពី​ប្រធាន​សហព័ន្ធ ឬ​អគ្គលេខាធិការ​មក​ធ្វើជា​គ្រូបង្វឹក​ពេល​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ម្តងៗ​។ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា​រូបនេះ​ប្តេជ្ញា​ថា ចាប់ពី​ឆ្នាំ​២០២០ នេះ​តទៅ ក្រសួង​អប់រំ​នឹង​លុបបំបាត់​មិន​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង​ទៀតឡើយ​។  
 
«​នៅ​ឆ្នាំ​២០២០​នេះ ខ្ញុំ​ប្តេជ្ញាចិត្ត​ថា​នឹងមិន​ឲ្យ​មានរឿង​ថ្នាក់ដឹកនាំ​ឈរឈ្មោះ​ជា​គ្រូបង្វឹក​ពេល​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​កើតឡើង​ទៀត​ទេ គ្រូ​ជា​គ្រូ អគ្គលេខាធិការ​ជា​អគ្គលេខាធិការ ប្រធាន​សហព័ន្ធ​ជា​ប្រធាន​សហព័ន្ធ មិន​ឲ្យ​ដើរតួ​ថាបើ​គ្មាន​ខ្ញុំ​អ្វីៗ​ត្រូវ​រលំ អ្វីៗ​មិនអាច​ទៅរួច​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស សុខា ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​បូកសរុប​ការងារ​អនុវិស័យ​អប់រំ​កាយ​និង​កីឡា​ឆ្នាំ​២០១៨-២០១៩ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៩-២០២០ កាលពី​ថ្ងៃទី​៤ កុម្ភៈ ឆ្នាំ​២០២០​។​
 
​ការលើកឡើង​បែបនេះ​របស់លោក ស សុខា ធ្វើឡើង​ក្រោយ​មាន​មន្ត្រី​សហព័ន្ធ​មួយចំនួន​បាន​ទម្លាក់ខ្លួន​ពី​ប្រធាន​សហព័ន្ធ ឬ​អគ្គលេខាធិការ​មក​ធ្វើជា​គ្រូបង្វឹក​ពេល​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន តាមរយៈ​ប្រាក់រង្វាន់​ពី​ការ​ឈ្នះ​មេដាយ​លើ​ឆាក​អន្តរជាតិ​។ ជាក់ស្តែង​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​លោក ស៊ីម សុក​មង្គល​រស្មី ដែលជា​ប្រធាន​សហព័ន្ធ​បាន​ឈរឈ្មោះ​ជា​គ្រូបង្វឹក​ក្រោយ​កីឡាករ សំបូរ សុ​ភ័​ណ្ឌ ឈ្នះ​មេដាយមាស​ពិភពលោក ដើម្បី​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​។ តែ​បច្ចុប្បន្ន លោក ត្រូវបាន​សមាជិក​បោះឆ្នោត​ទម្លាក់​ពី​ប្រធាន​សហព័ន្ធ ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​លោក តឹក ប៊ុន​វី ដែល​អតីត​អគ្គលេខាធិការ​។ 
 
​អតីត​តំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្តព្រៃវែង​រូបនេះ​អះអាងថា បច្ចុប្បន្ន​នៅសល់​សហព័ន្ធ​តិចតួច​ប៉ុណ្ណោះ ដែល​បន្តធ្វើ​សកម្មភាព​បែបនេះ​។ ជាមួយគ្នានេះ​លោក​ប្តេជ្ញា​ថា លោក នឹង​លុបបំបាត់​បញ្ហា​នេះ​ឲ្យ​អស់​នៅ​ឆ្នាំ​២០២០ ព្រោះ​លោក​មិន​ឲ្យ​មន្ត្រី​ពីរ​បីនាក់​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាម​អំពើ​ចិត្ត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​រួម និង​ការអភិវឌ្ឍ​វិស័យ​នៅ​កម្ពុជា​នោះទេ​។ លោក​ជឿជាក់ថា បើ​មិន​ធ្វើកំណែទម្រង់ ឬ​វះកាត់​មន្ត្រី​ខិលខូច​ទេ នោះ​នឹងធ្វើ​ឲ្យ​វិស័យ​កីឡា​នៅ​កម្ពុជា​ដើរ​ថយក្រោយ​ជាក់​ជាមិនខាន​។ 
 
​លោក​បន្ថែមថា កន្លងមក​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​លុបបំបាត់​បញ្ហា​ប្រកាន់​បក្ខពួក​ពេល​បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ប្រកួត​នៅក្រៅ​ប្រទេស​ឲ្យ​មាន​ភាពល្អប្រសើរ​ផងដែរ​។ តែ​លោក​ទទួលស្គាល់ថា បញ្ហា​នេះ​មិនទាន់​អាច​លុបបំបាត់បាន​១០០​ភាគរយ​នៅឡើយ​ទេ តែ​លោក​នឹង​ព្យាយាម​លុបបំបាត់​បញ្ហា​នេះ​ឲ្យ​បាន​។  
 
«​លឺ​តែ​គេ​លើ​កថា សហព័ន្ធ​មួយចំនួន​ពេល​ចេញទៅ​ប្រកួត​នៅក្រៅ ហៅ​តែ​មិត្តភក្តិ បងប្អូន ឬ​អ្នកមាន​សាច់ញាតិ​ជា​គ្រូ ដែលមាន​គុណ​ផល​មិនសូវ​ល្អ​ទៅ​ជំនួស​កីឡាករ ដែល​គាត់​មាន​សមត្ថភាព​ក្នុងការ​ចូលរួម​ប្រកួត​។ តែ​បញ្ហា​នឹង​កន្លងមក យើង​បាន​ជម្រះ​រួចហើយ​។ តែ​ខ្ញុំ​សុំ​ទទួលស្គាល់​ពាក់ព័ន្ធ​សហព័ន្ធ​មួយ ឬ​អាច​ពីរ​បី​មកទល់ពេលនេះ នៅ​សេស​លស់​ថា មនុស្ស​ម្នាក់​ដើរតួ​ជា​ចោរ​ផង​ជា​ប៉ូលិស​ផង អា​នឹងមិន​អាចទៅរួច​ទៀត​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស សុខា​៕  

Tag:
 ស សុខា​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com