ពីនេះ ពីនោះ
«​យ៉ាងម៉េច​ហើយ​?» មិនមែន «​យ៉ាង​មិច​ហើយ​?» នោះទេ ព្រោះ «​ម៉េច​» និង «​មិច​» មានន័យ​ខុសគ្នា​
07, Feb 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកខ្លះ​តែង​សរសេរថា យ៉ាងម៉េច​ទៅហើយ​? ខ្លះទៀត​សរសេរថា យ៉ាង​មិច​ទៅហើយ​?​។ អ្នក​ដែល​ប្រើ​ឃ្លា​ទាំងពីរ​គឹ​សុទ្ធតែ​អាង​ថា​មាន​ពាក្យ​«​ម៉េច និង​មិច​» នៅក្នុង​វចនានុក្រម​។ តាម​ការពិត ពាក្យ​ទាំងពីរ​នេះ​មាននៅ​ក្នុង​វចនានុក្រម​មែន ប៉ុន្តែ​ពាក្យ​«​ម៉េច និង​មិច​» សម្រាប់​ប្រើ​នៅ​ក្នុងន័យ​ខុសគ្នា​។

 

 
«​ម៉េច​» ជា​បុ​ច្ឆ​ន​និបាត មានន័យថា ចោទសួរ​គ្នា​ដោយ​ឆ្ងល់ និង​ដោយ​ចង់ដឹង ដូចជា ម៉េច​កើត​ទេ​? ម៉េច​បានទេ​? ថា​ម៉េច​? ម៉េច ប្រើ​សម្រាប់​ដោយ​សេចក្តី​សិ្ន​ទ្ធ​សា្ន​ល  ដោយ​និយាយថា ម៉េច​ក៏ដោយ​, ម៉េច​ទៅ​? ថា​ម៉េច​? យ៉ាងម៉េច​? ជាដើម​។ ពាក្យ​សាមញ្ញ​ថា «​ម៉េច​» ប្រើ​សម្រាប់​បង្ហាញ​សេចក្ដី​ស្និទ្ធស្នាល​។ ម៉េច​ក៏ដោយ​, ម៉េច​ទៅ​? ថា​ម៉េច​? យ៉ាងម៉េច​?​។​ល​។​
 
​វចនានុក្រម​ខ្មែរ​ក៏បាន​បញ្ជាក់​ពាក្យ​«​ម្តេច​» ជា​និបាតសព្ទ សម្រាប់​និយាយ​ចោទសួរ​ជា​សំណួរ​ផងដែរ ដូចជា ម្តេចទៅអេះ​? យ៉ាងណា​ទៅ​អេះ​? ធ្វើ​ម្តេច​ហ្ន៎​? ភាគច្រើន​និយាយ​ម្យ៉ាង​ទៀតថា ដូចម្តេច​?​។ ដើម្បី​បញ្ជាក់​ពី​សំណួរ​ឲ្យ​កាន់តែច្បាស់​បន្ថែមទៀត ពូកគេ​ប្រើ​ជា​ពាក្យ​ថា ម្តេចទៅ​? ឬ​យ៉ាងណា​ទៅ​? ឬ​ធ្វើ​ម្តេចទៅ​?​ជាដើម​។​
 
​ចំណែក​«​មិច​» មានន័យ​ដាច់ដោយឡែក​ពី​ពាក្យ​ទាំងពីរ​ខាងលើនេះ​។ «​មិច​» ជា​កិរិយាសព្ទ មានន័យថា ប៉ប្រិចភ្នែក​ខ្លាំង​សម្តែង​អាការ​ជាស​ញ្ញា ឲ្យ​អ្នកដទៃ​ដឹង​ក្នុង​ដំណើរ​អ្វីមួយ​, ប៉ប្រិចភ្នែក​ខ្លាំង​ឲ្យ​សញ្ញា​គ្នា​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com