ជាតិ
សេដ្ឋកិច្ច
ក្រូចពោធិ៍សាត់ ផ្កាអំបិលកំពត សូត្រមាស អង្ករសរីរាង្គ និងអំបុកខ្មែរ នឹងត្រូវចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម
× ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំស្នើសុំចុះបញ្ជីផលិតផលខ្មែរចំនួន៥ប្រភេទទៀត ដើម្បីការពារម៉ាកសញ្ញាពាណិជកម្ម ។ នេះជាការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទកាសែតស្តីពី«បច្ចុប្បន្នភាព និងវឌ្ឍនភាពរបស់ក្រសួងពាណិជ្ជកម្ម» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៦ កុម្ភៈ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានបញ្ជាក់ថា ក្រសួងកំពុងសិក្សា និងប្រមូលព័ត៌មានបឋមពាក់ព័ន្ធនឹងការកសាងម៉ាកយីហោទាំង៥នោះ រួមមាន ក្រូចពោធិ៍សាត់ ផ្កាអំបិលកំពត សូត្រមាស អង្ករសរីរាង្គ និងអំបុកខ្មែរ។ បើតាមលោក ស៊ាង ថៃ ការចុះបញ្ជីការពារម៉ាកផលិតផលខ្មែរ គឺដើម្បីបង្កើនការទុកចិត្តដល់អ្នកប្រើប្រាស់ ជាពិសេសទប់ស្កាត់ការបន្លំម៉ាកផលិត នៅក្នុងទីផ្សារសេរីនេះ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា៖«ធម្មតាយើងដាក់គោលដៅ(ចុះបញ្ជីការពារម៉ាកសញ្ញា) ចំនួន៥នេះ ប៉ុន្តែបើយើងអាចចំណេញ(គេទទួលស្គាល់)៤ ឬ៣ វាគឺជាជោគជ័យរបស់យើង ព្រោះវាអាស្រ័យលើទំហំការងារជាក់ស្ដែង»។
កាលពីខែតុលា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម ក៏បានសម្ពោធម៉ាកសមូហភាព«គុយទាវភ្នំពេញ » ដែលសមិទ្ធផលថ្មីមួយទៀតរបស់ខ្លួនលើវិស័យកម្មសិទ្ធិបញ្ញា ក្រោមការឧបត្ថម្ភពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងកិច្ចសហការពីសមាគមចុងភៅកម្ពុជា រួមជាមួយជំនាញការជាតិ និងអន្តរជាតិ។
កន្លងមកក្រសួង ក៏បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាក«ម្លិះអង្គរ» ដែលជាម៉ាកវិញ្ញាតកម្មទីមួយ និងម៉ាក«ក្រូចថ្លុងកោះទ្រង់» ដែលជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញទីបីរបស់កម្ពុជា បន្ថែមលើម៉ាក«ម្រេចកំពត» និង«ស្ករត្នោតកំពង់ស្ពឺ» ដែលកំពុងទទួលការពេញនិយមលើទីផ្សារទៀតផង។ក្រសួងពាណិជ្ជកម្ម ក៏បានតាក់តែងគោលនយោបាយ និងចងក្រងលិខិតបទដ្ឋានគតិយុត្ត ដើម្បីការពារម៉ាកសញ្ញាពាណិជ្ជកម្មនេះ។
ក្នុងឆ្នាំ២០១៩កន្លងមក ក្រសួងពាណិជ្ជកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីការពារម៉ាកសញ្ញាពាណិជ្ជកម្ម បានចំនួន៥, ២៧៨ ដោយកើនឡើង១៣ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ នេះបើតាមលោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៕
Tag:
ស៊ាង ថៃ
ពាណិជ្ជកម្ម
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com