អន្តរជាតិ
សាកលវិទ្យាល័យ​នៅ​អូស្ត្រាលី អាច​បាត់​ចំណូល​រាប់រយ​លាន​ដុល្លារ​ដោយ​កូ​រ៉ូ​ណាវី​រុស​
06, Feb 2020 , 9:39 pm        
រូបភាព
និស្សិតចិននៅអូស្ត្រាលី។ រូបភាព AFP
និស្សិតចិននៅអូស្ត្រាលី។ រូបភាព AFP
​ការផ្ទុះ​កូ​រ៉ូ​ណាវី​រុស អាចធ្វើ​ឲ្យ​សាកលវិទ្យាល័យ​នានា​នៅ​អូស្ត្រាលី​បាត់បង់​ចំណូល​រាប់ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ការវាយតម្លៃ​មួយ​ពី​ផលប៉ះពាល់​បង្កដោយ​វីរុស​ប្រភេទ​ថ្មី​នេះ​។ ការ​ខាត់​បង់​នេះ កើតឡើង​ក៏​ព្រោះតែ​និស្សិត​ចិន​ដែល​គម្រោង​ចំណាយលុយ​ដើម្បី​បន្ត​ការសិក្សា​នៅ​ទឹកដី​អូស្ត្រាលី ត្រូវ​បង្ខំចិត្ត​ផ្លាស់ប្ដូរ​គោលដៅ​របស់ខ្លួន​វិញ បន្ទាប់ពី​ទីក្រុង​កង់​បេ​រ៉ា​ចេញ​បម្រាម​ពាក់ព័ន្ធ​ការធ្វើដំណើរ សំដៅ​ទប់ស្កាត់​ការ​រាលដាល​វីរុស​មួយ​នេះ​។​

 
​ក្នុង​របាយការណ៍​វាយតម្លៃ​បឋម​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Standard and Poor’s សាកលវិទ្យាល័យ​ល្បីៗ​របស់​អូស្ត្រាលី នឹង​ខាតបង់​ប្រាក់ចំណូល​ពី​ការបង់ថ្លៃ​សាលា​ដល់​ទៅ​បី​ពាន់​លាន​ដុល្លារ​។ នេះ​ក៏​ព្រោះតែ​រដ្ឋាភិបាល​អូស្ត្រាលី បានដាក់​ចេញ​វិធានការ​ទប់ស្កាត់​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស ដែល​ហាមប្រាម​ជនបរទេស​មិនមាន​សញ្ញា​តិ​អូស្ត្រាលី ឬក៏​ប្រជាជន​អចិន្ត្រៃយ៍​ចូល​ទឹកដី​ខ្លួន​។ បានន័យថា ជនជាតិ​ចិន​ដែល​ចង់​បន្ត​ការសិក្សា​នៅ​អូស្ត្រាលី ក៏​មិនអាច​ជាន់​ទឹកដី​អូស្ត្រាលី​បានដែរ​។​
 
​ការផ្ទុះ​កូ​រ៉ូ​ណាវី​រុស កើត​ចំពេល​ការចូល​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ដែលជា​ទូទៅ​ផ្ដើម​ខែកុម្ភៈ និង​ស្រប​ពេលដែល​និស្សិត​រាប់ម៉ឺន​នាក់​កំពុង​សម្រាក​នៅ​ទឹកដី​ចិន​នៅឡើយ​។ ការខាតបង់​មិនមែន​កើតមាន​ត្រឹម​ការបង់ថ្លៃ​សាលារៀន​ឡើយ​។ បើ​មិន​ជនជាតិ​មិនអាច​ជាន់​ទឹកដី​អូស្ត្រាលី​បាន​នោះ ការខាតបង់ នឹង​បន្ត​កើតមាន​លើ​ផ្នែក​ដទៃទៀត​។​
 
«​ការ​គន់គូរ​របស់​យើង គឺ​គិតតែ​លើ​ប្រាក់ចំណេញ​របស់​សាលារៀន​ប៉ុណ្ណោះ ហើយ​មិនបាន​បញ្ចូល​ការរួមចំណែក​ផ្នែក​សេដ្ឋកិច្ច​ផ្សេង​ទៀតឡើយ​រាប់​ពី​ការ​ស្នាក់នៅ ទេសចរណ៍​រហូតដល់​ការប្រើប្រាស់​ទំនិញ និង​សេវាកម្ម​ក្នុងស្រុក​ជាដើម​។​» នេះ​ជាការ​បញ្ជាក់​របស់ Standard and Poor’s ក្នុង​របាយការណ៍​រប​ស់​ខ្លួន​ចេញ​ថ្ងៃទី​៦ ខែកុម្ភៈ​។​
 
​អូស្ត្រាលី ជា​គោលដៅ​សំខាន់​មួយ​សម្រាប់​ការបន្ត​ការសិក្សា​របស់​និស្សិត​បរទេស​ដែល​ស្វែងរក​សាលារៀន​កម្រិតស្តង់ដា​ពិភពលោក ពិសេស​និស្សិត​ដែល​មិន​ចង់ទៅ​សិក្សា​នៅ​អឺរ៉ុប ឬ​អាមេរិក​។ និស្សិត​បរទេស ក៏​ក្លាយជា​ចំណូល​ដ៏​សំខាន់​របស់​សាកលវិទ្យាល័យ​អូស្ត្រាលី ហើយ​និន្នាការ​បែបនេះ​ក៏​កើន​ឡើងជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ ដូចនេះ បម្រាម​របស់​រដ្ឋាភិបាល ពិតជា​ប៉ះពាល់​ខ្លាំង​ដល់​សាលារៀន​នានា​។​
 
​ឆ្លើយតប​នឹង​ស្ថានការណ៍​បែបនេះ សាលា​ខ្លះ បានផ្ដល់​លុយ​ថ្លៃ​សាលា​ឲ្យ​សិស្ស​វិញ ខណៈ​ខ្លះទៀត​ផ្លាស់ប្ដូរ​កាលវិភាគ​។ ជាក់ស្ដែង សាកលវិទ្យាល័យ​ស៊ីដនី បានប្រកាស​លើក​ពេល​តម្រូវ​ឲ្យ​សិស្ស​ទាំងអស់​បង្ហាញមុខ​នៅ​សាលារៀន​ដល់​ថ្ងៃទី​៣០ ខែមីនា ដែល​នេះ គឺ​វែង​ជាង​រយៈពេល​ធម្មតា​មួយខែ​ទៅហើយ ហើយក៏​ត្រៀម​បើក​ថ្នាក់​បង្រៀន​ពី​ចម្ងាយ​ផងដែរ​៕ 
 

Tag:
 ចិន​
  អូស្ត្រាលី​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com