អន្តរជាតិ
ករណីឆ្លងកូរ៉ូណាវីរុសក្នុងស្រុក កើតមានជាលើកដំបូងនៅម៉ាឡេស៊ី, ករណីសរុបឡើង១៤ រូបភាព៖ AFP
× អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃទី៦ ខែកុម្ភៈ បានអះអាងថា ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ បានឆ្លងកូរ៉ូណាវីរុសប្រភេទថ្មី (2019-nCOV) ពីបងប្រុសរបស់ខ្លួន ដែលផ្ទុកកូរ៉ូណាវីរុស បន្ទាប់ពីត្រលប់មកពីកិច្ចប្រជុំមួយនៅសិង្ហបុរី។ នេះគឺជាករណីឆ្លងក្នុងស្រុកលើកដំបូងបំផុតនៅម៉ាឡេស៊ី។ ម៉ាឡេស៊ី បានរកឃើញកូរ៉ូណាវីរុសមួយករណីបន្ថែមទៀត ដែលបានកើតលើស្ត្រីជនជាតិចិនម្នាក់ ដែលមានដើមកំណើតនៅក្រុងវូហាន។
គិតមកទល់ពេលនេះ ម៉ាឡេស៊ី បានរកឃើញកូរ៉ូណាវីរុសប្រភេទថ្មី ១៤ករណី ក្នុងចំណោមនោះមាន៤នាក់ជាជនជាតិម៉ាឡេស៊ី។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Dzulkefly Ahmad។
ក្នុងករណីទី១៣ គឺកើតលើស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ ដែលបានឆ្លងកូរ៉ូណាវីរុសពីបងប្រុសរបស់ខ្លួន ដែលផ្ទុកវីរុសប្រភេទថ្មីនេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំមួយនៅសិង្ហបុរី។ នេះ គឺជាករណីឆ្លងពីមនុស្សទៅមនុស្សក្នុងស្រុក លើកដំបូងបំផុត នៅម៉ាឡេស៊ី។ បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី ស្ត្រីវ័យ ៤០ឆ្នាំរូបនេះ អាចឆ្លងពីបងប្រុសរបស់ខ្លួន ក្នុងអំឡុងពេលទៅលេងនៅស្រុកកំណើតនាថ្ងៃចូលឆ្នាំចិន។
រហូតដល់ថ្ងៃទី៤ ខែកុម្ភៈ ទើបស្ត្រីរូបនេះ ចេញរោគសញ្ញា ក្អក និងឈឺក។ តាមការធ្វើរោគវិនិច្ឆ័យរបស់អាជ្ញាធរសុខាភិបាលស្រុក Kuala Muda ស្ត្រីវ័យ ៤០ឆ្នាំរូបនេះ មានផ្ទុកកូរ៉ូណាវីរុសប្រភេទថ្មី ហើយពេលនេះ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យBahiyah ក្នុងក្រុងAlor Setar និងស្ថិតក្នុងស្ថានភាពល្អ។ ចំណែកគ្រួសារអ្នកជំងឺ ក៏ត្រូវបានគេធ្វើរោគវិនិច្ឆ័យផងដែរ ប៉ុន្តែមិនត្រូវបានគេរកឃើញថា មានផ្ទុកវីរុសនេះឡើយ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។
ក្រៅពីករណីឆ្លងក្នុងស្រុក ម៉ាឡេស៊ីបានរកឃើញករណីមួយទៀត ដែលជាករណីទី១៤ គឺជាភ្ញៀវទេសចរចិន ដែលមានដើមកំណើតនៅក្រុងវូហាន។ ស្ត្រីចិនវ័យ ៣៧ឆ្នាំ បានធ្វើដំណើរកម្សាន្តជាមួយម្តាយ និងមិត្តភក្តិ ៣នាក់ទៀត។ ដោយពិនិត្យឃើញមានផ្ទុកកូរ៉ូណាវីរុស ស្ត្រីចិនរូបនេះ បានទទួលការព្យាបាលនៅកន្លែងដោយឡែកមួយ។
ចំណែកនៅសិង្ហបុរីឯណោះវិញ តាមរយៈកិច្ចប្រជុំមួយ ដែលមានចម្រុះជាតិសាសន៍នោះ បានបង្កឲ្យមនុស្ស៤ ឬ៥នាក់ឆ្លងកូរ៉ូណាវីរុស ក្នុងនោះរួមមានជនជាតិកូរ៉េខាងត្បូងពីរនាក់ ម៉ាឡេស៊ីមួយនាក់ និងចិនមួយនាក់។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ អ្នកនាំពាក្យអង្គការសុខភាពពិភពលោក លោកស្រីOlivia Lawe-Davies បានបញ្ជាក់ថា អង្គការសុខភាពពិភពលោក កំពុងសហការជាមួយក្រសួងដែលពាក់ព័ន្ធនឹងវិស័យសុខាភិបាល ដើម្បីបើកការស៊ើបអង្កើតលើករណីឆ្លងកូរ៉ូណាវីរុសពីមនុស្សទៅមនុស្សនៅក្នុងស្រុក៕
Tag:
ម៉ាឡេស៊ី
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com