ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យរដ្ឋាភិបាលចិន ជួយដល់សេដ្ឋកិច្ចកម្ពុជា ក្នុងករណីដែលកម្ពុជាត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (Everything But Arms)។ សម្ដេច ហ៊ុន សែន ស្នើទៅកាន់នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង បែបនេះ នៅក្នុងដំណើរទស្សនកិច្ច ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី៥ កុម្ភៈ។
មុននឹងស្នើសុំចិនជួយសេដ្ឋកិច្ចកម្ពុជានេះ សម្ដេច ហ៊ុន សែន បាននិយាយលើកទឹកចិត្តចិន ដែលកំពុងប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាសិន។ នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជាមិនរត់ចោលចិន ក្នុងគ្រាលំបាកនោះទេ។ នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង ចាត់ទុកទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន ជាការបង្ហាញពីឆន្ទៈស្មោះត្រង់ ចំពោះចិន ដែលកំពុងប្រឈមមុខនឹងជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានអះអាងពីទំនាក់ទំនងមិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ។ «កម្ពុជា-ចិន គឺជាមិត្តដែកថែប»។ នេះជាការបញ្ជាក់របស់មេដឹកនាំទាំងពីរ នៅលើហ្វេសប៊ុកសម្ដេច ហ៊ុន សែន។
និយាយពីទំហំចិត្តចូលរួមដោះស្រាយបញ្ហាចិននេះហើយ នាយករដ្ឋមន្ត្រីកម្ពុជា ក៏ស្នើសុំឱ្យរដ្ឋាភិបាលចិន ជួយដល់សេដ្ឋកិច្ចកម្ពុជា ដែលកំពុងប្រឈមមុខនឹងការសម្រេចចុងក្រោយរបស់សហភាពអឺរ៉ុប លើការដកឬមិនដក ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២០នេះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើសុំទៅកាន់នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាំង ដូច្នេះថា៖«ទោះស្ថិតនៅក្នុងស្ថានភាពនេះក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចរាល់ជាងមួយឆ្នាំហើយ ។(កម្ពុជា)ស្នើឱ្យរដ្ឋាភិបាលចិន ជួយជំរុញវិនិយោគ និងរោងចក្រដែលកំពុងប្រតិបត្តិការ ៧០ភាគរយ នៅកម្ពុជា បន្តរក្សានៅកម្ពុជាដដែល និងស្នើឲ្យចិនបន្តជំរុញការគៀងគរវិនិយោគរបស់ចិនមកបណ្ដាក់ទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជា ជាមួយនឹងការពង្រីកទិន្នផលកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារចិន»។
«ចិននឹងបន្តការគាំទ្រដល់កម្ពុជាទៅតាមលទ្ធភាព នូវអ្វីដែលចិនអាចជួយបាន » ។ នេះជាការបញ្ជាក់របស់លោក លី ខឺឈាំង ដែលបានបន្ថែមថា ចិននឹងបន្តការគាំទ្រ និងគៀងគរវិនិយោគបន្ថែមមកកាន់កម្ពុជា។ ជាពិសេសរក្សាវិនិយោគិនដែលកំពុងតែវិនិយោគនៅកម្ពុជាផងដែរ។
មិនត្រឹមតែលើកទឹកចិត្តឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា ប៉ុន្តែចិនក៏នឹងនាំចូលផលិតផលពីកម្ពុជាថែមទៀតដែរ។ នេះជាការអះអាងរបស់លោក ស៊ី ជិនភីង ប្រធានាធិបតីចិន។
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ដែលបានជួបសម្ដេច ហ៊ុន សែន ដែរនោះ បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា បង្កបរិយាកាសវិនិយោគ ឱ្យបានកាន់តែល្អប្រសើរ ដែលគាំទ្រដល់ការវិនិយោគ និងធុរកិច្ចរបស់អ្នកជំនួញចិន។ « ស្នើឱ្យ(រដ្ឋាភិបាលកម្ពុជា)ពិនិត្យមើលតើអ្នកវិនិយោគចិនប្រឈមអ្វីខ្លះ ចំពោះការវិនិយោគនៅកម្ពុជា ដើម្បីរកវិធានការជួយដល់អ្នកវិនិយោគទាំងនោះ»។ នេះបើតាមហ្វេសប៊ុកនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានស្រង់សម្តីលោក ស៊ី ជិនភីង ប្រធានាធិបតីចិន។
ដោយឡែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ កំពុងតែស្ថិតនៅក្នុងដំណាក់កាលចរចាគ្នា ដោយភាគីទាំងពីរ នឹងបន្តការជជែកគ្នាទៀតនៅខែមីនាខាងមុខ ដើម្បីជំរុញឱ្យបានចប់សព្វគ្រប់។ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានបញ្ជាក់ថា៖«គាំទ្រចំពោះកិច្ចចរចាពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ហើយត្រូវតែបង្កើនល្បឿននៃការរៀបចំឯកសារឈានទៅការចុះហត្ថលេខាឱ្យបានឆាប់បំផុត»៕