ជាតិ
សង្គមជាតិ
«​ព័ត៌មាន​ស្អាត​» យុទ្ធនា​ការដែល​ពញ្ញាក់​ស្មារតី​អ្នក​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​គិតគូរ​ពី​ប្រយោជន៍​សង្គម​
07, Feb 2020 , 9:19 am        
រូបភាព
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា
​ភ្នំពេញ​៖ យុទ្ធនាការ​«​ព័ត៌មាន​ស្អាត​» នា​ថ្ងៃទី​៣​មីនា ខាងមុខនេះ គឺជា​ការ​ពញ្ញាក់​ស្មារតី និង​ផ្លាស់ប្តូរ​មនសិការ​អ្នក​ផ្សព្វផ្សាយ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ឲ្យ​ផ្តល់​អ្វីមួយ​ដល់​អ្នកទទួល​ព័ត៌មាន ជាមួយ​ភាពច្បាស់លាស់ និង​ពិតប្រាកដ ដើម្បី​ឲ្យ​ពួកគេ​ធ្វើការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​។ នេះ​ជា​លើកឡើង​របស់លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា  ដែលជា​អ្នក​ផ្តួចផ្តើម​យុទ្ធនាការ​។​

 
«​ព័ត៌មាន​ស្អាត គឺ​សំដៅ​ទៅលើ​ការផ្សព្វផ្សាយ​ណាមួយ​ដែល​មិន​បង្កប់​ការ​ញុះញង់ មិន​បង្កប់​ភាព​ទុច្ចរិត ឬ​មិន​បង្កប់​ខ្លឹមសារ​ណា​ដែល​ធ្វើ​ឲ្យ​អ្នកទទួល​ព័ត៌មាន ឬ​សង្គម​យល់ច្រឡំ​»​។  បើតាម​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) ការផ្សព្វផ្សាយ​ព័ត៌មាន គឺ​មិន​សំដៅ​តែ​ទៅលើ​អ្នកកាសែត​ឬ​អ្នកសារព័ត៌មាន​នោះទេ​។ បុគ្គល​សាធារណៈ អ្នកប្រើប្រាស់​បណ្តាញ​សង្គម (Facebook YouTube  LINE...) គឺ​សុទ្ធតែជា​អ្នកផ្តល់​ព័ត៌មាន​ក្នុងសង្គម ប៉ុន្តែ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​សំណាក់​ក្រុម​ទាំងនេះ គឺ​ចំ​បាច់​ត្រូវ​ផ្ទៀងផ្ទាត់ ត្រូវ​ចម្រោះ​ព័ត៌មាន​ឲ្យ​ស្អាត​មាន​ខ្លឹមសារ​ច្បាស់លាស់ ឬ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ការផ្សព្វផ្សាយ​នោះ ធ្វើឱ្យ​សង្គម​ភាន់ច្រឡំ​ដែល​ផ្ទុយ​ពី​ការពិត​។ 
 
​លោក ហ៊ុយ វណ្ណៈ បាន​កត់សម្គាល់ថា កន្លងមកនេះ ការផ្តល់​ព័ត៌មាន​ពី​សំណាក់​អ្នក​ផ្សព្វផ្សាយ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន បាន​បំពុល​ពលរដ្ឋ​ខ្មែរ​ឲ្យ​យល់​ខុស  ធ្វើ​ឲ្យ​មាន​ភាពភ័យខ្លាច សើចចំអក និង​ភាពចលាចល ដែលជា​ហេតុផល​ក្នុងការ​បង្កើត​ឱកាស​ឲ្យ​ជនខិលខូច​កេងចំណេញ​ផលប្រយោជន៍​ពី​ពលរដ្ឋ​។ 
 
​ប្រធាន ស​.​ស​.​ស​.​ក ដែលជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ផងដែរ​នោះ បានលើកឡើង​ពី​ករណី​ជាក់ស្តែង​ជុំវិញ​ការរកឃើញ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​លើ​បុរស​ជនជាតិ​ចិន​វ័យ​៦០​ឆ្នាំ​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៧​មករា កន្លងមក​។ «​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បាន​បំប៉ោង និង​បង្កប់​ខ្លឹមសារ​នៃ​ការរីក​រាលដាល​មេរោគ​នេះ​នៅ​កម្ពុជា មាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច និង​គ្មាន​ភាពប្រាកដប្រជា​។ ការ​បំប៉ោង​ព័ត៌មាន​លើស​ការពិត និង​ការ​បង្កប់​ខ្លឹមសារ​មិន​ត្រឹមត្រូវ គឺជា​មួយផ្នែកធំ​មួយ​ធ្វើ​ឲ្យ​សង្គម​ធា្ល​ក់​ចុះ ហើយ​ពោរពេញ​ដោយ​ភាព​កុហក​»​។ លោក ហ៊ុយ វណ្ណៈ បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​។​
 
​លោក ហ៊ុយ វណ្ណៈ សង្ឃឹមថា​យុទ្ធនាការ «​ព័ត៌មាន​ស្អាត​» នា​ថ្ងៃទី​៣​មីនា ឆ្នាំ​២០២០ ជា​ចំណែក​មួយ​ដែល​ជួយ​ដាស់តឿន​ស្មារតី​ដល់​អ្នក​ផ្សព្វផ្សាយ និង​ក្រុម​ផ្សព្វផ្សាយ​ទាំងនោះ​បន្តិច​ម្តងៗ​ក្នុងការ​កាត់បន្ថយ ឬ​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​ប្រែក្លាយ​សង្គម​មួយ​មានការ​រីកចម្រើន​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ តាមរយៈ​ការទទួលបាន​ព័ត៌មាន​ពិតប្រាកដ​។​
 
​នា​យុទ្ធនាការ​នៅ​ថ្ងៃទី​៣ ខែមីនា កម្មវិធី​ជាច្រើន​នឹងត្រូវ​ប្រារព្ធ​ឡើង ក្នុងនោះ​មានដូចជា បទ​បង្ហាញ​ផ្សេងៗ ចំណាប់អារម្មណ៍​របស់​អ្នកសារព័ត៌មាន និង​គណៈអធិបតី រួមទាំង​ការប្រគំ​តន្ត្រី ការសម្តែង​សិល្បៈ ឆៃយ៉ាំ និង​សកម្មភាព​ផ្សេងៗ ដើម្បី​ជាការ​ដាស់​ស្មារតី​។ 
 
​ហេតុអ្វី​បានធ្វើ​នៅ​ថ្ងៃទី​៣ ខែមីនា​? លោក ហ៊ុយ វណ្ណៈ បាន​អះអាងថា យុទ្ធនា​ការដែល​រៀបចំ​ដោយ​គណៈកម្មការ​ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន​កម្ពុជា​នៃ​ស​.​ស​.​ស​.​ក នេះ ក៏​ជាការ​ងាយស្រួល​ចងចាំ ដោយ​គៀក​នឹង​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨​មីនា​។ 
 
«​យុទ្ធនាការ​នេះ​ថ្វី​ដ្បិត​ផ្តើមចេញពី​គំនិត​តូ​ម​មួយ​ក៏ពិតមែន ប៉ុន្តែ​វា​នឹងធ្វើ​ឲ្យ​មានតម្លៃ​ជាស​កល ហើយ​វា​នឹងមាន​ឥទ្ធិពល​បន្តិច​ម្តងៗ​ទៅដល់​ផ្នត់គំនិត មនសិការ ស្មារតី​អ្នក​ទាំងឡាយ​ដែល​ធ្វើ​កិច្ចការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​តម្រង់ទិស​ខ្លួនឯង ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ណា​ដែល​ល្អ ត្រឹមត្រូវ​សម្រាប់​ជា​ប្រយោជន៍​ដល់​សហគមន៍ និង​ប្រទេសជាតិ​ខ្លួនឯង​»​។ លោក ហ៊ុយ វណ្ណៈ មាន​ក្តី​រំពឹង​យ៉ាង​ដូច្នេះ​៕

Tag:
 ព័ត៌មាន​ស្អាត​
  ហ៊ុយ វណ្ណៈ​
© រក្សាសិទ្ធិដោយ thmeythmey.com