អ្នកភូមិកែងញៃ ដុតផ្ទះគ្រួសារមួយ ដោយសង្ស័យថាធ្វើអំពើអាបធ្មប់ដាក់អ្នកភូមិ
ជាតិ
សង្គមជាតិ
អ្នកភូមិកែងញៃ ដុតផ្ទះគ្រួសារមួយ ដោយសង្ស័យថាធ្វើអំពើអាបធ្មប់ដាក់អ្នកភូមិ
06, Feb 2020 , 6:24 pm        
រូបភាព
ភ្នំពេញ៖ អ្នកភូមិកែងញៃជាង៧០គ្រួសារ បាននាំគ្នាទៅរើផ្ទះរបស់គ្រួសារមួយ រួចដុតចោល កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសង្ស័យថាចេះអំពើអាបធ្មប់ ដែលធ្វើឲ្យអ្នកភូមិស្លាប់ជាបន្តបន្ទាប់ដោយ មានរោគសញ្ញាប្លែកៗ។ លោក ម៉ែន គុង អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង បញ្ជាក់ថា ពិតជាមានរឿងបែបនេះមែន។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី៦ ខែកុម្ភៈ លោក ម៉ែន គុង អះអាងថា អ្នកភូមិជាង១៧០គ្រួសារ នៅភូមិកែងញៃ ឃុំសេកុង ស្រុងសៀមប៉ាង ខេត្តស្ទឹងត្រែង កាលអំឡុងខែមករា បាននាំគ្នាប្ដឹងទៅអាជា្ញធរឃុំនិងអភិបាលស្រុករងស្រុកសៀមប៉ាង ឲ្យគ្រួសារដែលសង្ស័យថាចេះអាបធ្មប់ ចេញពីភូមិ។

ប្រជាពលរដ្ឋ សង្ស័យថា គ្រួសារនោះ បានធ្វើអំពើអាបធ្មប់ដាក់អ្នកភូមិ។ លោក ម៉ែន គុង បន្តថា អភិបាលរងស្រុកសៀមប៉ាង ក៏ចុះសម្របសម្រួលជាមួយបុរសម្នាក់ដែលអ្នកភូមិសង្ស័យថាចេះអាបធ្មប់ ហើយព្រមព្រៀមគ្នាថារើចេញ ហើយពលរដ្ឋក៏បានទុកពេលឲ្យគ្រួសារនោះចាកចេញ។ លុះដល់ថ្ងៃទី២ កុម្ភៈ អ្នកភូមិកែងញៃប្រមាណ៧០គ្រួសារទ្រាំមិនបាន ក៏ចុះរុះរើផ្ទះនិងកាប់ដំណាំ របស់គ្រួសារនោះ រួចធ្វើការដុតចោលតែម្តង។ ការធ្វើបែបនេះ ក្រោយពីបុរសដែលគេសង្ស័យថាចេះអាបធ្មប់ បានផឹកស្រាស្រវឹង ហើយនិយាយថា ពិតជាបានធ្វើអំពើឲ្យភូមិស្លាប់មែន។ 

«ពេលដុតផ្ទះ គឺម្ចស់ផ្ទះមិននៅនោះទេ ហើយអាជ្ញាធរក៏ចុះធ្វើអន្តរាគមន៍។ ប៉ុន្តែអាជ្ញាធរស្រុកធ្លាប់ឲ្យពលរដ្ឋនៅក្នុងសហគមន៍ ទុកពេលឲ្យសាមីខ្លួន រើចេញ ប៉ុន្តែពួកគេ ទ្រាំអត់បាន ព្រោះមានករណីស្លាប់ជាបន្តបន្ទាប់»។ នេះបើតាមការលើកឡើងរបស់លោក ម៉ែន គង់ ហើយលោក បញ្ជាក់ថា កន្លងមក អ្នកភូមិធ្លាប់ប្តឹងទៅអាជ្ញាធរភូមិ-ឃុំ ពីករណីសង្ស័យនេះ ២ដងរួចមកហើយ។

ករណីមនុស្សស្លាប់ជាបន្តបន្ទាប់ហើយប្លែកៗ ពលរដ្ឋក្នុងសហគមន៍ រាយការណ៍ទៅអាជ្ញាធរថា អ្នកស្លាប់ គឺដោយសារប៉ោងពោះ ហើយអ្នកខ្លះ ក៏ស្លាប់ភ្លាម ដោយមិនដឹងថាឈឺអ្វីនោះទេ។ លោក ម៉ែន គង់ អះអាងថា អាជ្ញាធរមិនទាន់កំណត់ចំនួនអ្នកភូមិស្លាប់ដោយសង្ស័យលើករណីខាងលើនេះទេ។ បច្ចុប្បន្ន អាជ្ញាធរកំពុងដោះស្រាយរឿងរ៉ាវនេះ ហើយគ្រួសារដែលសង្ស័យថាចេះអាបធ្មប់បានរត់ចេញពីភូមិហើយ។

ពាក់ព័ន្ធករណីនេះ អភិបាលស្រុកសៀមប៉ាង លោក ផាន់ យុត បានប្រាប់សារព័ត៌មានថ្មីៗថា អ្នកភូមិ មានជំនឿលើអំពើអាបធ្មប់នេះ ជាពិសេសអ្នកប្លែកចូលមករស់នៅក្នុងភូមិ។ លោក ថា គ្រួសារ ដែលពលរដ្ឋ សង្ស័យនោះ គឺទើបតែរើទៅរស់នៅក្នុងភូមិ កាលពីចុងឆ្នាំ២០១៩ ប៉ុន្តែគ្រួសារនេះ កាលពីមុនក៏ធ្លាប់ជាអ្នករស់នៅក្នុងភូមិនេះដែរ។

ការស្លាប់មនុស្សជាបន្តបន្ទាប់ គ្រូពេទ្យមិនទាន់កំណត់រោគសញ្ញាថា ស្លាប់ដោយសារអ្វីឡើយ ប៉ុន្តែអ្នកភូមិសង្ស័យថាត្រូវអំពើអាបធ្មប់។ ការសង្ស័យនេះ គឺដោយសារបុរសដែលគេសង្ស័យ ដើរនិយាយថា ខ្លួនស៊ីមនុស្ស។ រីឯចំនួនអ្នកស្លាប់ លោកអភិបាលស្រុកថា ខាងអាជ្ញាធរមិនទាន់រកឃើញឬកំណត់បានឡើយ ប៉ុន្តែអ្នកឈឺមាន៦នាក់ ហើយអ្នកសន្លប់មាន៣នាក់។ លោក ប្រាប់ថា អ្នកស្រុកបានបិទភូមិ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ដល់ទី៧ ខែកុម្ភៈ ដើម្បីធ្វើពិធីសែនបណ្ដេញគ្រោះចង្រៃ ហើយសូម្បីមេភូមិក៏មិនអាចហានចេញចូលដែរ៕

Tag:
 ដុតផ្ទះ
  អំពើអាបធ្មប់
© រក្សាសិទ្ធិដោយ thmeythmey.com