កីឡាអន្តរជាតិ
អន្តរជាតិ
Real និង Barca ធ្លាក់​ពី ​Copa Del Rey ត្រឹម​វគ្គ​៨​ក្រុម​លើកដំបូង នៅ​៦៥​ឆ្នាំ​ចុងក្រោយ​
07, Feb 2020 , 10:56 am        
រូបភាព
​ក្រុម​ខ្លាំង Real Madrid និង Barcelona បាន​ដឹក​ដៃ​គ្នា​ធ្លាក់​ចេញពី​ពានរង្វាន់ Copa Del Rey នៅត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​។ នេះ​ជាការ​បាត់​មុខ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​លើកដំបូង​របស់​ក្រុម​យក្ស​ទាំងពីរ​ក្នុង​រយៈពេល​៦៥​ឆ្នាំ​ចុងក្រោយ ពោលគឺ​តាំងពី​ឆ្នាំ​១៩៥៥​មក​។ Real ចាញ់ Real Sociedad ៣-៤ ឯ Barca បរាជ័យ​ក្រោម​ថ្វី​ជើង Athletic Bilbao ដោយ​លទ្ធផល ១-០​។​


 
Real Madrid ដែល​ខកខាន​លើក​ពាន Copa Del Rey តាំងពី​ឆ្នាំ​២០១៤​មក នៅតែ​មិនអាច​រក​ឱកាស​ឈានទៅ​វគ្គ​បន្ត​ដដែល​សម្រាប់​ការ​ប្រជែង​នៅ​ឆ្នាំ​២០២០​នេះ​។ ក្នុងជំនួប​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​យប់​ថ្ងៃទី ៦ ខែកុម្ភៈ Martin Odegaard ខ្សែប្រយុទ្ធ​វ័យក្មេង​ដែល Real ផ្តល់​ឲ្យ​ទៅ Real Sociedad ខ្ចី​ជើង បានសម្រេច​ទី​គ្រាប់​នាំមុខ​ដំបូង​នៅ​នាទី​២២ មុនពេល Alexander Isak ស៊ុត​គ្រាប់​ទី​២​និង​ទី​៣ នៅ​នាទី ៥៤, ៥៦​។ ខ្សែការពារ Marcelo ស៊ុត​១​គ្រាប់​ឲ្យ Real វិញ​នៅ​នាទី​៥៩ មុនពេល Mikel Merino រក​គ្រាប់​ទី​៤ ឲ្យ Real Sociedad នៅ​នាទី​៦៩​។ Rodrygo និង Nacho Fernandez ស៊ុត​ម្នាក់​១​គ្រាប់​នៅ​ចុង​ម៉ោង ប៉ុន្តែ Real នៅតែ​ចាញ់ Real Sociedad ក្នុង​ល ៣-៤​។​
 
​ជ័យជម្នះ​នេះ បាន​រុញ Real Sociedad ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ត្រូវ​រង់ចាំ​ការ​ចាំ​ឆ្នោត​រើស​ក្រុម​ប្រកួត​បន្ត​។​
 
​ដោយឡែក ម្ចាស់​ជើងឯក​ច្រើនជាងគេ​៣០​សម័យកាល Barca ក៏បាន​ខក​ឱកាស​ដើម្បី​លើក​ពាន​នេះ​ជា​លើក​ទី​៨​ជាប់ៗ​គ្នា​ផងដែរ ក្រោយ​ប្រកួត​ចាញ់ Athletic Bilbao ១-០​។ ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ​នេះ ឈ្នះ Copa Del Rey ៧​រដូវ​កាល​ជាប់​គ្នា​ចាប់ពី​រដូវ​កាល ២០១១-១២​មក​។​
 
Athletic Bilbao ជា​ក្រុម​ដែល​ឈ្នះ Copa Del Rey ច្រើនជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ចំនួន​២៣​លើក ត្រូវ​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ស្របពេល​ម្ចាស់​ការពារ​តំណែង​ជើងឯក​ចាស់ Valencia ក៏​ធ្លាក់​ចេញពី​ពាន​នេះដែរ​ក្រោយ​ចាញ់ Granada ២-១​។ ក្រុម Mirandes ទម្លាក់ Villarreal ដោយ​លទ្ធផល ៤-២ ដើម្បី​ឈានទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​៕ 
 
 

Tag:
 Copa Del Rey
  Real Madrid
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com