អន្តរជាតិ
អាមេរិក គំរាម​របប​លោក ម៉ា​ឌុយ​រ៉ូ បើ​ហ៊ាន​ប៉ះពាល់​លោក ក្វៃ​ដូ ពេល​ចូល​ស្រុក​
07, Feb 2020 , 8:19 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្វាគមន៍មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ហ័ន ក្វៃដូ នៅសេតវិមាន។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្វាគមន៍មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ហ័ន ក្វៃដូ នៅសេតវិមាន។ រូបភាព AFP
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​៦ ខែកុម្ភៈ បាន​ព្រមាន​ពី​ផលវិបាក​បើ​រដ្ឋាភិបាល​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ហ៊ាន​ប៉ះពាល់​មេដឹកនាំ​ប្រឆាំង ហ័ន ក្វៃ​ដូ ពេល​ត្រឡប់​ទៅ​ស្រុក​វិញ​នោះ​។ បច្ចុប្បន្ន លោក ក្វៃ​ដូ កំពុងស្ថិត​លើទឹក​ដី​អាមេរិក​ដែល​ទទួលស្គាល់​លោក​ជា​មេដឹកនាំ​ស្របច្បាប់​តែមួយគត់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ជា​អ្វីដែល​គេ​មើលឃើញថា​ជាការ​គំរាម​លោក ក្វៃ​ដូ នោះ ទីក្រុង​កា​រ៉ា​កាស់ បាន​ចាប់ឃុំខ្លួន​ជនជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែលមាន​សញ្ជាតិ​អាមេរិក​។

 
 
​បើ​មិន​ចង់​មាន​បញ្ហា កុំ​ប៉ះ​លោក ហ័ន ក្វៃ​ដូ ។ នេះ​ជា​សារ​ព្រមាន​របស់លោក Elliott Abrams ប្រេសិត​ពិសេស​រដ្ឋាភិបាល​អាមេរិក​សម្រាប់​កិច្ច​វ៉េ​ណេ​ស៊ុយ​អេ​ឡា ផ្ញើ​ទៅកាន់​របប​ដឹកនាំ​របស់​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ជុំវិញ​ការវិលត្រឡប់​ទៅវិញ​របស់លោក ក្វៃ​ដូ ។ 
 
​លោក Abrams ដែល​ដឹកនាំ​យុទ្ធនាការ​ទម្លាក់​លោក ម៉ា​ឌុយ​រ៉ូ ចេញពី​តំណែង​នោះ ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ថា អាមេរិក បាន​ត្រៀម​វិធានការ​រួចហើយ បើ​លោក ក្វៃ​ដូ ជួប​បញ្ហា​ពេល​ទៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​វិញ​នោះ​។ ប្រេសិត​រូបនេះ បាន​ផ្ដាំ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​កា​រ៉ា​កាស់​គិតគូរ​ឲ្យ​បាន​ត្រឹមត្រូវ​ពី​សកម្មភាព​របស់ខ្លួន​នៅក្រោយ​ទស្សនកិច្ច​នៅ​អាមេរិក​របស់លោក ក្វៃ​ដូ ហើយ​ទង្វើ​ណាមួយ​ប្រឆាំង​អ្នកនយោបាយ​ប្រឆាំង​រូបនេះ ជា​កំហុស​មួយ​មិន​ខាន​។​
 
«​យើង​មានការ​បារម្ភ​ពី​រឿងនេះ ហើយ​សង្ឃឹមថា លោក​នឹង​ត្រឡប់​ទៅវិញ​ដោយ​សុវត្ថិភាព​។​» នេះ​ជាការ​បន្ថែម​របស់លោក Abrams ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​ការព្រមាន​របស់​មន្ត្រី​អាមេរិក​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ ហាក់​ផ្ញើ​សារ​គំរាម​លោក ក្វៃ​ដូ ដែល​គ្រោង​ត្រឡប់​ទៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​វិញ​។ អាជ្ញាធរ​ទីក្រុង​កា​រ៉ា​កាស់ បាន​ចាប់ខ្លួន​អ្នកជំនួញ​ប្រេង​៦​នាក់​ដែលមាន​សញ្ជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ផង និង​អាមេរិក​ផង បន្ទាប់​បានអនុញ្ញាត​ឲ្យ​ពួកគេ​ស្ថិតក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ​។  
 
​លោក ក្វៃ​ដូ ដែល​ប្រកាស​ខ្លួន​ជា​មេដឹកនាំ​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា បាន​ទៅដល់​ទឹកដី​អាមេរិក ក្នុង​គោលដៅ​ស្វែងរក​ការគាំទ្រ​ដើម្បី​ផ្លាស់ប្ដូរ​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ ។ មេដឹកនាំ​ប្រឆាំង​រូបនេះ បាន​ជួប​ជាមួយ​មេដឹកនាំ​សំខាន់ៗ​របស់​អាមេរិក ហើយក៏​បង្ហាញ​មុខគួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុងការ​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទៅទៀត​។ លោក ត្រាំ ហៅ​លោក ក្វៃ​ដូ ថា មេដឹកនាំ​ស្របច្បាប់​តែមួយគត់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​
 
​ទោះ​មាន​ការដាក់​សម្ពាធ​ខ្លាំង​ពី​អន្តរជាតិ​ក្ដី ការប្រឹងប្រែង​របស់លោក ក្វៃ​ដូ ក្នុងការ​បណ្ដេញ​លោក ម៉ា​ឌុយ​រ៉ូ មិនទាន់​ទទួលបាន​លទ្ធផល​ផ្លែផ្កា​អ្វី​ឡើយ​។ លោក ក្វៃ​ដូ ដែលមាន​ប្រទេស​ជាង​៦០ ទទួលស្គាល់​នោះ ប្ដេជ្ញាចិត្ត​បន្ត​យុទ្ធនាការ​នេះ​ទៀត​។ ប្រាប់​អ្នកសារព័ត៌មាន​ក្រោម​ជំនួប​ជាមួយ​ប្រមុខ​អង្គការ​ប្រទេស​អាមេរិក (OAS) មេដឹកនាំ​ប្រឆាំង​រូបនេះ​អះអាងថា ក្រុម​ប្រឆាំងនឹង​ប្រមូល​មនុស្ស​ថែមទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត ទោះ​រឿងនេះ​ប្រឈមមុខ​ហានិភ័យ​ក្ដី​។​
 

Tag:
 អាមេរិក​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  ហ័ន ក្វៃ​ដូ​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com