ជាតិ
សង្គមជាតិ
ក្រសួង​ព័ត៌មាន​បង្កើត​គណៈកម្មកា​រ​សម្របសម្រួល​ដោះស្រាយ​វិវាទ​អ្នកកាសែត​
07, Feb 2020 , 10:19 pm        
រូបភាព
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ដោយ:
​ភ្នំពេញ​៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ បាន​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ​សម្របសម្រួល​ដោះស្រាយ​វិវាទ​របស់​អ្នកសារព័ត៌មាន ដោយ​រូបលោក​ផ្ទាល់​ជា​ប្រធាន និង​មាន​សមាជិក​២២​នាក់​ទៀត​។​

 
​គណៈកម្មការ​គណៈកម្មកា​រ​សម្របសម្រួល​ដោះស្រាយ​វិវាទ​របស់​អ្នកសារព័ត៌មាន គឺជា​អ្នកសម្របសម្រួល និង​ដោះស្រាយ​បញ្ហា​ដែល​អ្នកសារព័ត៌មាន​ត្រូវបាន​គេ​ប្តឹង​ខណៈពេលដែល​កំពុងតែ​បំពេញភារកិច្ច​ការងារ​។ ទទួល​ពាក្យបណ្តឹង​របស់​អ្នកសារព័ត៌មាន​ដែលមាន​បញ្ហា​នៅក្នុង​បេសកម្ម​ការងារ​។ ពិគ្រោះ​យោបល់ ដើម្បី​ពិភាក្សា​អំពី​ការខូចខាត​ដែល​អាច​កើតមាន​ជាយថាហេតុ មុនពេល​ចេញផ្សាយ​អត្ថបទ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​បញ្ហា​រសើប​។ 
 
​គណៈកម្មការ​នេះ នឹង​សម្របសម្រួល​ក្នុងការ​បញ្ជូន​ពាក្យបណ្តឹង​របស់​អ្នកសារព័ត៌មាន​វី​ជ្ជា​ជីវៈ​ទៅ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជា​សែន​។ ជាពិសេស​តាមដាន​ការអនុវត្ត​នីតិ​បណ្តឹង​នីមួយៗ​តាំងពីដើម​រហូតដល់​ចប់ និង​ធ្វើ​របាយការណ៍​ឲ្យ​ទៀងទាត់​សម្រាប់​ជូន​ដល់​ថ្នាក់ដឹកនាំ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​ព័ត៌មាន​។​
 
​លោក ខៀវ កាញារីទ្ធ ផ្ទាល់ ជា​ប្រធាន នៃ​គណៈកម្មការ លោក​រដ្ឋលេខាធិការ សុខ ប្រសិទ្ធិ លោក​អនុរដ្ឋលេខាធិការ មាស សុ​ភ័​ណ្ឌ និង​លោក ផុស សុវណ្ណ ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ព័ត៌មាន និង​សោតទស្សន៍ ជា​អនុប្រធាន រីឯ​លោក ជា កែវ​ចិន្តា ជា​អនុប្រធាន​អចិន្ត្រៃយ៍​។​
 
​រីឯ​សមាសភាព​សមាជិក ក៏មាន​វត្តមាន​ថ្នាក់ដឹកនាំ​ក្លិប សមាគម​ផងដែរ ក្នុងនោះ មាន លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា និង​លោក អ៊ុំ សារិន ប្រធាន​សមាគម​កម្ពុជា​ការពារ​អ្នកកាសែត​ជាដើម​៕
 

Tag:
 ក្រសួង​ព័ត៌មាន​
 ​វិវាទ​
 ​អ្នកសារព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com