សង្គមអន្តរជាតិ
អន្តរជាតិ
អាមេរិកប្រកាសផ្ដល់លុយ១០០លានដុល្លារដល់ចិន និងប្រទេសផ្សេងដើម្បីប្រយុទ្ធកូរ៉ូណាវីរុស អ្នកជំងឺដែលឆ្លងកូរ៉ូណាវីរុស កំពុងដេកសម្រាកក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងវូហាន។ រូបភាព Xinhua
× សហរដ្ឋអាមេរិក នៅថ្ងៃទី៧ ខែកុម្ភៈ បានប្រកាសផ្ដល់ជំនួយទឹកប្រាក់ដល់ទៅ១០០លានដុល្លារដល់ចិន និងប្រទេសនានាក្នុងការប្រយុទ្ធប្រឆាំងកូរ៉ូណាវីរុស។ ការប្រកាសនេះធ្វើឡើងក្រោយកិច្ចសន្ទនាតាមទូរសព្ទរវាងប្រធានាធិបតីអាមេរិក និងចិន និងក្រោយការអំពាវនាវរបស់អង្គការសុខភាពពិភពលោក។ ប្រមុខការទូតអាមេរិក ម៉ៃ ប៉ុមប៉េអូ បានស្នើឲ្យប្រទេសទាំងអស់ធ្វើតាមអាមេរិកដើម្បីទប់ទល់ការរាលដាលវីរុសដ៏គ្រោះថ្នាក់នេះ។
ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី៧ ខែកុម្ភៈ លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក និយាយថា ការផ្ដល់ជំនួយទឹកប្រាក់រហូតដល់១០០លានដុល្លារនេះ ជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិកក្នុងការឆ្លើយតបនឹងកូរ៉ូណាវីរុស។ បើតាមលោក ប៉ុមប៉េអូ វិស័យឯកជនអាមេរិក ក៏បានផ្ដល់លុយរាប់រយលានដុល្លាររួចហើយសម្រាប់ការប្រយុទ្ធប្រឆាំងវីរុសដែលបង្កទៅជាជំងឺរលាកសួតធ្ងន់ធ្ងរមួយនេះ។
«យើងលើកទឹកចិត្តឲ្យប្រទេសដទៃទៀតលើពិភពលោកធ្វើតាមការប្ដេជ្ញាចិត្តរបស់យើងដែរ។ ដោយធ្វើការជាមួយគ្នា យើងនឹងមានឥទ្ធិពលខ្លាំងក្លាក្នុងការគ្រប់គ្រងការគំរាមកំហែងដែលកំពុងកើនឡើងនេះ។» នេះជាការបញ្ជាក់របស់លោក ប៉ុមប៉េអូ ដែលកន្លងមកនិយាយរិះគន់ចិនមិនបន្ធូរដៃតាំងពីរឿងសិទ្ធិមនុស្សនៅស៊ីនជាំង ហុងកុង និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថីផងនោះ។ លោកបន្តថា ជំនួយរបស់អាមេរិក អាចផ្ដល់ដោយផ្ទាល់ ឬតាមរយៈអង្គការអន្តរជាតិនានា។
ទាក់ទងនឹងប្រភពជំនួយនេះ ប្រមុខការទូតអាមេរិករូបនេះពន្យល់ថា ត្រូវបានដកចេញពីប្រភពនានាក្នុងរដ្ឋាភិបាលអាមេរិក។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ លោកបន្ថែមថា អាមេរិកក៏បានបញ្ជូនសម្ភារៈវេជ្ជសាស្ត្រដូចជាម៉ាស់ សម្លៀកបំពាក់សុវត្ថិភាពជាដើមទៅចិនដែលមានទំហំជិត១៨តោនរួចហើយដែរ។
ការសន្យាផ្ដល់ជំនួយទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់បែបនេះ ធ្វើឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានរិះគន់ក្រុងវ៉ាស៊ីនតោនចំៗថា បានសាយភាយការភ័យខ្លាច ព្រោះបានចេញបម្រាមហាមប្រជាជនខ្លួនទៅទឹកដីចិន និងការមិនទទួលយក ឬបង្កើនការត្រួតពិនិត្យជនបរទេសដែលមានប្រវត្តិធ្វើដំណើរទៅចិន។ ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការសន្ទនាតាមទូរសព្ទជាមួយសមភាគីចិន ស៊ី ជិនភីង លើកឡើងថា ចិនអនុវត្តវិជ្ជាជីវក្នុងការឆ្លើយតបនឹងកូរ៉ូណាវីរុស។
មកទល់ពេលនេះ មនុស្សជាង៧០០នាក់ បានបាត់បង់ជីវិតដោយសារកូរ៉ូណាវីរុសដែលផ្ទុះចេញពីដំបូងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ហើយភាគច្រើនលើសលប់ជាជនជាតិចិនផ្ទាល់។ ចំណែកប្រទេសជាង២០ទៀត ក៏កំពុងទទួលការឆ្លងវីរុសនេះ ជាមួយនឹងកំណើននៃអត្រាឆ្លងយ៉ាងឆាប់រហ័សផងដែរ៕
Tag:
អាមេរិក
ចិន
កូរ៉ូណាវីរុស
ម៉ៃ ប៉ុមប៉េអូ
© រក្សាសិទ្ធិដោយ thmeythmey.com