សង្គមអន្តរជាតិ
អន្តរជាតិ
ពលរដ្ឋអាមេរិកម្នាក់ស្លាប់ដោយកូរ៉ូណាវីរុសនៅវូហាន ឯជនជាតិជប៉ុនម្នាក់ស្ថិតក្នុងការសង្ស័យ រូបភាព AFP
× ពលរដ្ឋអាមេរិកម្នាក់ បាត់បង់ជីវិតដោយសារការឆ្លងមេរោគកូរ៉ូណាថ្មី។ នេះបើតាមការប្រកាសស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំងនៅថ្ងៃទី៨ ខែកុម្ភៈ។ នៅថ្ងៃដដែល ក្រសួងការបរទេសជប៉ុន ក៏ប្រកាសដែរថា ពលរដ្ឋខ្លួនម្នាក់ បានបាត់បង់ជីវិតផងដែរនៅមន្ទីរពេទ្យវូហានដោយសារជំងឺរលាកសួត តែមិនទាន់ច្បាស់ថា បណ្ដាលមកពីកូរ៉ូណាវីរុសប្រភេទថ្មីនេះ ឬយ៉ាងណាឡើយ។
ក្នុងការប្រកាសរបស់ខ្លួន ស្ថានទូតអាមេរិកលើកឡើងថា ពលរដ្ឋខ្លួនម្នាក់វ័យ៦០ឆ្នាំ ពិតជាបានស្លាប់ដោយសារកូរ៉ូណាវីរុសមែនក្នុងមន្ទីរពេទ្យទីក្រុងវូហាន ខេត្តហ៊ូប៉ី។ ប៉ុន្តែស្ថានទូតមិនបានបញ្ជាក់ពីភេទរបស់អ្នកស្លាប់ឡើយ។
«យើងសូមរំលែកមរណទុក្ខចំពោះការបាត់បង់ជីវិតនេះ។» នេះជាការបញ្ជាក់របស់អ្នកនាំពាក្យស្ថានទូតអាមេរិកដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ដោយបន្តថា ខ្លួនគោរពភាពឯកជនភាពរបស់អ្នកស្លាប់។
ចំណែកជប៉ុនឯណោះវិញ ក៏បានប្រកាសពីមរណភាពរបស់ពលរដ្ឋខ្លួនម្នាក់នៅវូហានដែរ។ ក្រសួងការបរទេសជប៉ុន លើកឡើងនៅថ្ងៃទី៨ ខែកុម្ភៈនេះថា ជនជាតិខ្លួនម្នាក់អាយុប្រមាណ៦០ឆ្នាំ ភេទប្រុស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យវូហានដោយសារមានជំងឺរលាកសួតធ្ងន់ធ្ងរ ហើយក្រោយមក អាជ្ញាធរចិនក៏ប្រាប់ពីការស្លាប់របស់រូបគេទៅកាន់ស្ថានទូតជប៉ុននៅប៉េកាំង។
បើតាមសេចក្ដីរបស់ក្រសួងការបរទេសជប៉ុន អាជ្ញាធរចិនអះអាងថា រូបគាត់ទំនងជាស្លាប់ដោយសារកូរ៉ូណាវីរុស ដែលបង្កជាជំងឺរលាកសួតដែរ ប៉ុន្តែពួកគេមិនទាន់អាចបញ្ជាក់ឲ្យច្បាស់ពីមូលហេតុឡើយ៕
Tag:
អាមេរិក
ជប៉ុន
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com