ជាតិ
បទសម្ភាសន៍
«លើកតម្លៃស៊ីក្លូ,ជីវិតឪពុកអ្នកក្រ និងរំឭកគុណមន្ទីរពេទ្យគន្ធបុប្ផា» ជំរុញឲ្យលោក ហ៊ុយ យ៉ាឡេងផលិតរឿង«ដើម្បីកូន»
× ភ្នំពេញ៖ «ដើម្បីកូន» គឺជាភាពយន្តជីវិតដែលឆ្លុះបញ្ចាំងពីជីវិតឪពុកអ្នកក្រពិការម្នាក់ ដែលបានតស៊ូគ្រប់បែបយ៉ាងដើម្បីកូនពីរនាក់របស់ខ្លួន។ ផលិតករភាពយន្ត លោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។ លោក ហ៊ុយ យ៉ាឡេង ឲ្យដឹងទៀតថា ភាពយន្ត«ដើម្បីកូន» ក៏មានចេតនារំឭកគុណមន្ទីរពេទ្យគន្ធបុប្ផាដែលបានជួយជីវិតកុមារកម្ពុជារាប់ម៉ឺននាក់ ព្រមទាំងលើកតម្កើងតម្លៃស៊ីក្លូ ដែលធ្លាប់ជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមនៅកម្ពុជាផងដែរ។
សូមអញ្ជើញទស្សនាកិច្ចសម្ភាស រវាង លោក ប៉ាន់ បូនី នៃសារព័ត៌មានថ្មីៗ និងលោក ហ៊ុយ យ៉ាឡេង ផលិតករភាពយន្ត«ដើម្បីកូន» ខាងក្រោមនេះ៖
រឿង «ដើម្បីកូន» ជាភាពយន្តដែលផលិតឡើងដោយដកស្រង់ពីជីវិតពិត របស់ឪពុកធាក់ស៊ីក្លូពិការជើងម្នាក់ ដែលតស៊ូ ជម្នះ និងពលីសព្វយ៉ាងដើម្បីចិញ្ចឹមកូន២នាក់ឲ្យបានរស់ និងរៀនសូត្រ។ លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតកររឿងនេះ បានបញ្ជាក់ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗថា លោកផលិតភាពយន្ត «ដើម្បីកូន»ឡើងដើម្បីឆ្លុះបញ្ចាំងពីការតស៊ូរបស់ឪពុកក្រម្នាក់ដើម្បីកូន,លើកតម្លៃស៊ីក្លូ និងរំឭកគុណមន្ទីរពេទ្យគន្ធបុប្ផាដែលបានជួយជីវិតកុមារកម្ពុជារាប់ម៉ឺននាក់។ ភាពយន្តនេះ ក៏មានចេតនារំឭកកូនៗ ឲ្យគោរពស្រឡាញ់ឪពុកម្តាយ ចេះធ្វើអំពើល្អ និងចេះជួយយកអាសាអ្នកដទៃផងដែរ។
លោក ហ៊ុយ យ៉ាឡេង ដែលបានប្រឡូកក្នុងវិស័យភាពយន្ត ប្រមាណ២០ឆ្នាំមកហើយនោះ បានចាត់ទុករឿង «ដើម្បីកូន» គឺជាភាពយន្តទី១ ដែលលោកបានផលិតដើម្បីសងគុណទៅសង្គមវិញ។ ទន្ទឹមនឹងនេះ លោក យ៉ាឡេង ក៏មានបំណងផលិតភាពយន្តខ្នាតធំ រួមទាំងរឿងប្រវត្តិសាស្ត្រផងដែរ ដើម្បីទុកជាស្នាដៃសម្រាប់កូនខ្មែរជំនាន់ក្រោយ។ លោក ក៏ឆ្លៀតអំពាវនាវឲ្យសាធារជន ចូលរួមគាំទ្រ និងលើកស្ទួយវិស័យភាពយន្តខ្មែរឲ្យបានច្រើនផងដែរ ដើម្បីលើកទឹកចិត្តដល់ផលិតករ បន្តផលិតភាពយន្តដែលមានគុណភាពល្អ និងគុណតម្លៃសម្រាប់អ្នកនទស្សនា ឲ្យបានកាន់តែច្រើនថែមទៀត៕
Tag:
ផលិតករ
ដើម្បីកូន
ភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com