សង្គមអន្តរជាតិ​
អន្តរជាតិ
WHO កំពុង​រក​ឈ្មោះ​ផ្លូវការ​ឲ្យ​កូ​រ៉ូ​ណាវី​រុស ដើម្បី​បញ្ចៀស​ការហៅ «​វីរុស​ចិន ឬ​វីរុស​វូ​ហាន​»
08, Feb 2020 , 8:39 pm        
រូបភាព
រូបភាពបង្ហាញពីកូរ៉ូណាវីរុសដែលយកចេញពីសត្វពង្រូល។ រូបភាព Xinhua
រូបភាពបង្ហាញពីកូរ៉ូណាវីរុសដែលយកចេញពីសត្វពង្រូល។ រូបភាព Xinhua
​វីរុស​ចិន ឬ​វីរុស​វូ​ហាន ជា​ឈ្មោះ​ហៅ​សំដៅ​កូ​រ៉ូ​ណា​វីរុស​ដែល​ផ្ទុះ​ពីដំបូង​ចេញពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​។ ប៉ុន្តែ​នេះ​មិនមែន​ឈ្មោះ​ផ្លូវការ​របស់​វីរុស​នេះឡើយ ហើយ​ការហៅ​បែបនេះ ដែល​ត្រូវបាន​ប្រើប្រាស់​យ៉ា​ទូលាយ​នៅលើ​បណ្ដាញ​សង្គម ក៏​បង្កើត​ទៅជា​ការរើសអើង ឬ​ស្អប់ខ្ពើម​ជនជាតិ​ចិន​ទៅទៀត​។ អង្គការ​សុខភាព​ពិភពលោក (WHO) កំពុងតែ​ប្រជុំ​ដើម្បី​កំណត់​ឈ្មោះ​ផ្លូវការ​ឲ្យ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​ដែល​រាលដាល​ដល់​ប្រទេស និង​តំបន់​ជិត​៣០​ទៅហើយ​។​

«​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ 2019-nCoV» ជា​ឈ្មោះ​បណ្ដោះអាសន្ន​របស់​ជំងឺ​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស ដែលមាន​ប្រភពពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​របស់​ចិន​។ «2019» គឺ​សំដៅ​ដល់​កាលបរិច្ឆេទ​ដែល​ជំងឺ​នេះ​ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៩ ។ ចំណែក «nCoV» ជា​អក្សរ​កាត់​មកពី​ពាក្យ​ភាសា​អង់គ្លេស​ថា novel coronavirus ដែលជា​គ្រួសារ​របស់​វីរុស​ផ្លូវដង្ហើម​មួយ​នេះ​។​
 
​អ្នកស្រី Maria Van Kerkhove ប្រធាន​ផ្នែក​ជំងឺ​អាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក ប្រាប់​កិច្ចប្រជុំ​ប្រតិបត្តិ​របស់​អង្គការ​មួយ​នេះ​ថា វា​ជា​រឿង​សំខាន់​ក្នុងការ​មានឈ្មោះ​បណ្ដោះអាសន្ន​ដែល​មិនមាន​ភ្ជាប់​ឈ្មោះ​ទីតាំង​ណាមួយ​។ អ្នកស្រី​ទទួលស្គាល់ថា កន្លងមក ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ហៅ​ជំងឺ​ដោយ​ភ្ជាប់​ឈ្មោះ​ទីក្រុង​វូ​ហាន ឬ​ចិន​នៅពេល​រាយការណ៍​ពី​ជំងឺ​មួយ​នេះ ហើយ​អ្វីដែល WHO ចង់បាន គឺ​ការមិន​ឲ្យ​ប្រឡាក់​ប្រឡូក​អ្វី​លើ​វូ​ហាន​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP WHO នឹង​សម្រេចចិត្ត​ពី​ឈ្មោះ​ផ្លូវការ​របស់​កូ​រ៉ូ​ណាវី​រុស​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ សិទ្ធិ​សម្រេចចិត្ត​ចុងក្រោយ ស្ថិតក្នុង​ដៃ WHO ផ្ទាល់ និង​គណៈកម្មាធិការ​អន្តរជាតិ​ស្ដីពី​ការចាត់​ថ្នាក់​វីរុស (ICTV) ។ ដំណើរការ​កំណត់​ឈ្មោះ មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​ឡើយ ព្រោះ​ត្រូវគោរព​គោលការណ៍​សំខាន់​ដូចជា ខ្លី ងាយ​ចំណាំ មិន​ជាប់​ឈ្មោះ​តំបន់ ឬ​ប្រទេស​ណាមួយ ឬក៏​មាន​ពាក្យ​បង្ក​ទៅជា​ការភ័យខ្លាច​ដូចជា ពាក្យ​គ្មាន​អត្តសញ្ញាណ ឬ​ពាក្យ​គ្មាន​ប្រភព​ជាដើម​។​
 
​ការដាក់​ឈ្មោះ​តាមរបៀប​មុន​ដែល​ប្រើ​ក្នុង​ការកំណត់​ឈ្មោះ​ជំងឺ​មុនៗ​ដូចជា ជំងឺ​រលាក​ដង្ហើម​មជ្ឈិមបូព៌ា (Middle East Respiratory Syndrome-MERS) ឬ​ផ្ដាសាយ​អេ​ស្ប៉ា​ញ (Spanish flu) ជា​រឿង​ត្រូវ​ចៀសវាង​ដាច់ខាត ព្រោះ​នាំ​ឲ្យ​មាន​ការមិនសប្បាយចិត្ត និង​ប៉ះពាល់​អារម្មណ៍​ប្រជាជន​ក្នុងប្រទេស ឬ​តំបន់​ដែល​ជំងឺ ឬ​វីរុស​ផ្ទុះឡើង​។ ចំណែក​ការដាក់​ជំងឺ​ដោយ​ដាក់​តាម​ឈ្មោះ​សត្វ​ជាដើម​នោះ ក៏ត្រូវ​បាន WHO ហាមប្រាម​ផងដែរ​៕
 
 
 
 

Tag:
 WHO
  កូ​រ៉ូ​ណាវី​រុស​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com