ជាតិ
សង្គមជាតិ
ពិព័រណ៍​រូបថត​ប្រវត្តិសាស្ត្រ​ពី​ឆ្នាំ​១៩៧០-១៩៩៨ ទាក់ចិត្ត​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ និង​ថៃ
08, Feb 2020 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៨ កុម្ភៈ នេះ បានរៀបចំ​ពិព័រណ៍​រូបថត​ប្រវត្តិសាស្ត្រ​នៃ​សហគមន៍​អន្លង់វែង ដែលជា​ទីតាំង​ចុងក្រោយ​នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​(​របប​ខ្មែរក្រហម​)​នៅ​កម្ពុជា​។ រូបថត​ចំនួន​១០០​សន្លឹក​ដែល​បាន​ដាក់តាំង​បង្ហាញជូន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​នេះ គឺ​បង្ហាញ​ពី​សកម្មភាព​ប្រវត្តិសាស្ត្រ​ចន្លោះ​ពី​ឆ្នាំ​១៩៧០-១៩៩៨​។ ពិព័រណ៍​ដែល​ធ្វើឡើង​ក្នុង​ព្រឹត្តិការណ៍​«​ថ្មើរជើង​ប្រវត្តិសាស្ត្រ​»​នេះ បាន​ទាក់ចិត្ត​ទាំង​ប្រជាពលរដ្ឋ​កម្ពុជា និង​ថៃ​។

 
​រូបថត​ចំនួន​១០០​សន្លឹក ដែល​បង្ហាញ​ពី​សកម្មភាព​របស់​ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ​ខ្មែរ​មុន ក្នុងអំឡុង និង​ក្រោយ​របប​ខ្មែរក្រហម​រហូត​ទទួលបាន​សន្តិភាព​ពេញលេញ ត្រូវបាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដាក់តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ​។ ការតាំង​រូបថត​បង្ហាញ​ពី​សកម្មភាព​ប្រវត្តិសាស្ត្រ​ចន្លោះ​ពី​ឆ្នាំ​១៩៧០-១៩៩៨ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ខ្មែរ​និង​ថៃ ដែល​ចូលរួម​រត់ប្រណាំង​ក្នុង​ព្រឹត្តិការណ៍​«​ថ្មើរជើង​ប្រវត្តិសាស្ត្រ​»​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។ 
 
​ក្រៅពី​ទស្សនា​សកម្មភាព​នានា និង​ស្វែងយល់​ពី​អត្ថន័យ​ក្នុង​រូបថត​ក្រោម​ការពន្យល់​យ៉ាង​ក្បោះក្បាយ​របស់​អ្នកជំនាញ​ដែល​ប្រចាំការ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ទាំង​ពលរដ្ឋ​ខ្មែរ​និង​ថៃ​បាននាំគ្នា​ថតរូប​ជាមួយ​រូបភាព​ទាំងនោះ​ទុកជា​អនុស្សាវរីយ៍​ទៀតផង​។ លើសពីនេះ ពួកគេ​បាន​គយគន់​ទេសភាព​ដ៏​ស្រស់់ស្អាត​ក្នុងស្រុក​អន្លង់វែង​ពីលើ​ពើយ​តា​ម៉ុក និង​រាំលេង​កម្សាន្ត​ជាមួយ​ក្រុម​តន្ត្រី​របស់​នាយ ខ្ជិ​ប យ៉ាង​សប្បាយរីករាយ​។ 
 
​ស្នូរ​តន្ត្រី​ល្វើយៗ​លាយឡំ​ជាមួយ​ខ្យល់អាកាស​បរិសុទ្ធ​នៅលើ​ពើយ​តា​ម៉ុក បានធ្វើ​ឲ្យព្រឹត្តិការណ៍​រត់ប្រណាំង​អន្លង់វែង ដែលមាន​អ្នកចូលរួម​ជិត​២​ពាន់​នាក់ បញ្ចប់​ជាមួយ​ភាព​អធិកអធម​និង​សប្បាយរីករាយ​។ សម្រស់​ព្រៃ​ព្រឹក្សា រំលេច​ដោយ​ដើមឈើ​ធំ​ខ្ពស់ៗ​នៅ​សងខាង​ផ្លូវ និង​ការរត់​កាត់មុខ​ផ្ទះ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​សម្រាប់​អ្នកចូលរួម​។    
 
​បើតាម​លោក លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អ​ន្ល​ង់​វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ការរៀប​ចំ​ពិព័រណ៍​សៀវភៅ​នេះ​
​គឺ​ដើម្បី​ជំរុញ​និង​បង្កើន​ការចងចាំ ក៏ដូចជា​ផ្សព្វផ្សាយ​និង​លើកកម្ពស់​ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ​នៃ​សហគមន៍​អន្លង់វែង ដែលជា​ទីតាំង​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ជាពិសេស​សិស្ស​និស្សិត ដែល​សិក្សា​លើ​ជំនាញ​ប្រវត្តិសាស្ត្រ​និង​ស្រាវជ្រាវ ឲ្យ​យល់ដឹង​កាន់តែច្បាស់ តាមរយៈ​ការពន្យល់​យ៉ាង​ក្បោះក្បាយ​ពី​អ្នកជំនាញ ដែល​ប្រចាំការ​នៅ​ទីនោះ​។​
 
«​ពិព័រណ៍​រូបថត​យើង​ផ្តោតលើ​តែ​ពាក្យ​ពីរ​ម៉ាត់​ទេ គឺ​ជំរុញ​ឲ្យ​មានការ​ចងចាំ​និង​ការអប់រំ​។ ពិព័រណ៍​នេះ មិនមាន​ការចោទប្រកាន់ ឬ​លាប​ពណ៌​អាក្រក់​ល្អ​អ្វី​នោះទេ គឺ​យើង​បង្ហាញ​ពី​ការចងចាំ​ប្រវត្តិសាស្ត្រ​រួមគ្នា ដែល​បង្កើត​ឲ្យ​មានការ​ពិពណ៌នា​ប្រវត្តិសាស្ត្រ​ដូចៗ​គ្នា កុំ​ឲ្យ​មានការ​បែកបាក់​សង្គម​យើង​តទៅទៀត​»​។ នេះ​ជាការ​លើកឡើង​របស់លោក លី សុខ​ឃាង ដែល​អះអាងថា លោក​នឹង​រៀបចំ​ឲ្យ​មានកម្ម​វិធី​ពិព័រណ៍​កាន់តែច្រើន និង​ធំ​ជាង​មុខ​នៅ​ឆ្នាំក្រោយៗ​ទៀត​៕ 

សូមអញ្ជើញទស្សនាវីដេអូ និងរូបភាពដូចក្រោម៖

 
 






















Tag:
 លី សុខ​ឃាង​
  អន្លង់វែង​
  មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com