ភ្នំពេញ៖ បន្ទាប់ពីសាលារាជធានីភ្នំពេញ បានបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមស្តុបនានារួចមក គេសង្កេតឃើញថា មាននគរបាលចរាចរណ៍មួយចំនួន បានប្តូរទីតាំងឈរជើងពីកន្លែងស្តុប ទៅកាន់កន្លែងផ្សេងទៀត ដើម្បីពួនស្ទាក់ចាប់អ្នកបើកបរណា ដែលមិនគោរពច្បាប់ចរាចរណ៍ ។ ទង្វើនេះ បានទទួលរងការរិះគន់ពីអ្នកដំណើរជាច្រើន។ អ្នកដំណើរ អះអាងថា នគរបាលចរាចរណ៍ ដែលជាគំរូសម្រាប់ពលរដ្ឋ មិនគួរធ្វើបែបនេះឡើយ។
ជាបន្តសូមអញ្ជើញស្តាប់បទយកការណ៍ ដែលរៀបចំដោយ លោក រ៉ឹម ភារី ដូចតទៅ៖
អ្នកដំណើរជាច្រើននៅរាជធានីភ្នំពេញ បានបង្ហាញការមិនពេញចិត្ត ចំពោះកាយវិការពួនស្ទាក់ចាប់អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ របស់មន្ត្រីនគរបាលចរាចរណ៍។ ការអនុវត្តន៍បែបនេះ ពេលខ្លះបានធ្វើឲ្យបើកបរភិតភ័យ បើទោះជាខ្លួនមិនបានល្មើសច្បាប់ចរាចរណ៍ក៏ដោយ។
លោក សាន់ ហ្វោសាត អ្នកដំណើរម្នាក់ ដែលកំពុងឈប់ម៉ូតូនៅអែបផ្លូវម៉ៅសេទុង បានប្រាប់សារព័ត៌មានថ្មីៗថា លោកមានការភ័យខ្លាចខ្លះដែរ នៅពេលនគរបាលចរាចរណ៍ លិចមុខឡើងទាំងលោកមិនបានព្រាងទុក។ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ហ្វោសាតដែលមានរាងខ្ពស់ និងសម្បុរស បានរៀបរាប់ទាំងទឹកមុខមាំថា៖ «សម្រាប់សកម្មភាពពួនចាប់ហ្នឹង ខ្ញុំគិតថា មិនគួរមានទៀតទេ។ បើសិនជាអាច គាត់អាចឈរនៅកន្លែងស្តុបរបស់គាត់ ដើម្បីបញ្ជាចរាចរណ៍ អាហ្នឹង គឺល្អ។ តែបើពួនចាប់អ្នកមិនគោរពច្បាប់ចឹង អាហ្នឹងក៏ប៉ះពាល់ដែរ ព្រោះបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។
បើតាមយុវជនវ័យ២៣ឆ្នាំរូបនេះ បើទោះអ្នកដំណើរគោរពច្បាប់ចរាចរណ៍មែន តែក៏រងការភ័យខ្លាចខ្លះដែរ ចំពោះការពួនស្ទាក់បែបនេះ។ លោកបានរម្លឹកយ៉ាងដូច្នេះ៖ «ពេលខ្លះ ខ្ញុំជិះម៉ូតូឃើញគាត់(នគរបាលចរាចរណ៍) ខ្លាចយើងបើកភ្លើង ដូច្នេះយើងភ័យដែរ ចឹងមានតែយើងប្រុងប្រយ័ត្នខ្លួនឯង។ ខ្ញុំធ្លាប់ប៉ូលិសចាប់ ពេលបើកភ្លើងចោល។ ដូច្នេះ ភ័យខ្លាចគាត់ចាប់ដែរ»។
មិនខុសគ្នានោះទេ លោក អ៊ុង ឆារ៉ាត់ អាយុ២៥ឆ្នាំ អះអាងថា បើទោះបីលោកមិនធ្លាប់នគរបាលពិន័យក៏ដោយ តែលោកយល់ថា ការពួនស្ទាក់ចាប់នេះ អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរ។ លោកអះអាងយ៉ាងដូច្នេះថា៖ «ខ្ញុំអត់ដឹងច្បាប់ម៉េចដែរ។ គ្រាន់តែបើយើងខុសអត់ពាក់មួក គេចាប់ចឹងទៅ។ តែបើថាគាត់ពួនចឹង វាអាចគ្រោះថ្នាក់ដល់អ្នកដំណើរខ្លះដែរ។ ជួនកាល ភ្ញាក់អ៊ីចឹង»។
ចំណែក លោក ផុន វណ្ណា វ័យ៥០ឆ្នាំ ដែលជាអ្នករត់ម៉ូតូឌុបនៅម្តុំអូរបែកក្អម ក៏លើកឡើងមិនខុសគ្នាពីអ្នកដំណើរដទៃទៀតនោះទេ។ បើទោះជាលោកមិនមានអារម្មណ៍ភ័យខ្លាច ព្រោះលោកមានមួកសម្រាប់ខ្លួនឯង និងអថិតិជនរបស់លោក តែអ្នករត់ម៉ូតូឌុបជាង១០ឆ្នាំរូបនេះ និយាយថា ការពួនស្ទាក់របស់នគរបាលចរាចរណ៍ មិនមែនជាការល្អឡើយ ព្រោះវាអាចធ្វើមានការភ្ញាក់ផ្អើល ឬមានគ្រោះថ្នាក់ដល់អ្នកដំណើរ។ អង្គុយលើម៉ូតូកញ្ចាស់រង់ចាំម៉ូយ បុរសសម្បុរសណ្តែកបាយរូបនេះ បាននិយាយដោយខ្លីថា៖ «អាហ្នឹង អាចប៉ះពាល់ដល់អ្នកដំណើរហើយ។ បើគាត់បើកចំហ គឺល្អ តែបើពួនស្ទាក់ វាអត់ល្អទេ»។
បើតាមនគរបាលចរាចរណ៍ម្នាក់ សុំមិនបញ្ចេញឈ្មោះ បានអះអាងថា មូលហេតុដែលខ្លួនពួនស្ទាក់ចាប់អ្នកដំណើរ ព្រោះកន្លងមក អ្នកដំណើរដែលខុសច្បាប់ ដូចជា មិនមានមួកសុវត្ថិភាព ឬមិនមានកញ្ចក់ជាដើម ពួកគេតែងតែគេចទៅផ្លូវផ្សេងទៀត នៅពេលឃើញនគរបាលចរាចរណ៍។
ទាក់ទងនឹងបញ្ហានេះ លោក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានអះអាងថា សម្រាប់រាជធានីភ្នំពេញដែលមាននគរបាលចរាចរណ៍សរុបទាំង៦៣៦នាក់ មិនមានទីតាំងណាដែលតម្រូវឲ្យនគរបាលឈរជើងសម្រាប់ពួនស្ទាក់ចាប់អ្នកដំណើរឡើយ។ លោកអះអាងយ៉ាងដូច្នេះថា៖ «ជាការពិត នៅក្នុងរាជធានីភ្នំពេញរបស់យើងខ្ញុំបាទ មិនមានកន្លែងគោលដៅពួនស្ទាក់នោះទេ។ ការពួនស្ទាក់នេះ មិនមែនជាគោលការណ៍របស់ថ្នាក់លើឲ្យអនុវត្តន៍នោះទេ។ ប៉ុន្តែ ការមើលឃើញពីប្រជាពលរដ្ឋ ជួនកាលមានដើមឈើ ប៉ូលិសយើងទៅជ្រក។ តែបើតាមគោលការណ៍ថ្នាក់លើ គឺអត់មានទេ»។
ឆ្លើយតបនឹងបញ្ហានេះ លោក ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក និងសណ្ដាប់ធ្នាប់សាធារណៈ អះអាងថា ការពួនស្ទាក់របស់នគរបាលចរាចរណ៍នេះ មិនមែនជាគោលការណ៍របស់នគរបាលចរាចរណ៍នោះទេ តែការពួនស្ទាក់នេះ ត្រូវបានធ្វើឡើងដោយបុគ្គលប៉ុណ្ណោះ។ លោកអះអាងយ៉ាងដូច្នេះថា៖«តាមពិត គាត់(នគរបាលចរាចរណ៍)ខុសហើយ។ គាត់មិនអាចទៅពួនស្ទាក់ចឹងបានទេ។ គាត់ឈរលើចិញ្ចឹមផ្លូវ ដើម្បីត្រួតពិនិត្យមើលលំហូរចរាចរណ៍ ថាតើអ្នកបើកបរណាគោរព ឬមិនគោរព តែភាគច្រើនមិនគោរពទេ។ បើគាត់សង្កេតទៅ ថាឃើញអ្នកបើកបរ មិនគោរពច្បាប់ គាត់ចេញមកដើម្បីឃាត់យកទៅពិន័យ។ ចំពោះអ្នកពួនស្ទាក់នៅគល់ឈើ ឬកន្លែងបិទបាំងផ្សេងៗហ្នឹង គាត់ធ្វើដូច្នេះ មិនស្របនឹងសេចក្តីណែនាំ នៃសីលធម៌នគរបាលចរាចរណ៍ផ្លូវគោកយើងទេ។ ប៉ុន្តែបញ្ហាទាំងអស់នេះ នៅមានតិចតួច មិនច្រើនទេ អ្នកខ្លះ វាជាកំហុសបុគ្គលទេ មិនមែនគោលការណ៍ណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិទេ»។
បើតាម លោក ថី វិសាល ការអនុវត្តន៍ច្បាប់ចរាចរណ៍ បានបែងចែករូបភាពពីរ គឺរូបភាពចំហ និងរូបភាពសម្ងាត់។ លោកពន្យល់បន្ថែម៖ «រូបភាពចំហនេះ ចង់និយាយថា នៅពេលយើងអនុវត្តន៍ យើងមានគោលដៅ មានរាយសាជី និងមានបារ៉ាស់ និងឃើញនគរបាលចរាចរណ៍ផ្ទាល់តែម្តង។ តែរូបភាពចំហនេះ ក៏ពេលខ្លះមិនរាយសាជី និងបារ៉ាស់ដែរ។ ឧទាហរណ៍ នៅពេលយើងល្មើសភ្លើងស្តុប នគរបាលចរាចរណ៍មិនបានដាក់សាជីទេ តែនគរបាលចរាចរណ៍នឹងឃាត់ យើង ដើម្បីពិន័យ និងអប់រំ។ ទីពីរ ពេលពិនិត្យជាតិស្រវឹងលើដងផ្លូវ ឬត្រួតពិនិត្យឯកសារ លក្ខណៈបច្ចេកទេសរបស់ឡាន និងអ្នកបើកបរ យើងមានដាក់រាយបារ៉ាស និងសាជី។ ទាក់ទងនឹងរូបភាពសម្ងាត់ គឺដូចជាត្រួតពិនិត្យល្បឿនយានយន្ត យើងមិនស្លៀកពាក់ស៊ីវិល តែខាងមុខគោលដៅ៤០០ ទៅ៥០០ម៉ែត្រ យើងមានអ្នកស្លៀកពាក់ស៊ីវិល កាន់ឧបករណ៍វាស់ល្បឿន បើបើកបរលើសល្បឿន គាត់នឹងប្រាប់មកនគរបាលតាមអាយកូម ឬទូរស័ព្ទ ដើម្បីឃាត់រថយន្តនោះ»។
លោក ថី វិសាល បញ្ជាក់ថាកន្លងមក នគរបាលចរាចរណ៍មួយចំនួនដែលប្រព្រឹត្តកំហុស អគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមានជាលក្ខលក្ខណ៍អក្សរ បើមិនរាងចាល នឹងដកហូតឋាននន្តរសក្តិពីលើចុះក្រោម ហើយបើប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ នឹងត្រូវបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីដោះស្រាយតាមច្បាប់ផងដែរ៕