សង្គមអន្តរជាតិ​
អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ ករណី​ឆ្លង​នៅ​ថៃ​ឡើងដល់​៣២, អេ​មី​រ៉ា​ត​អារ៉ាប់​រួមមាន​៧, ជប៉ុន​មាន​៨៩
08, Feb 2020 , 3:49 pm        
រូបភាព
​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ថៃ ជប៉ុន និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​បានប្រកាស​ពី​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ថែមទៀត​ក្នុងប្រទេស​រៀងៗ​ខ្លួន​។ ករណី​ឆ្លង​នៅ​ថៃ​កើន​ដល់​៣២ ខណៈ​អេ​មី​រ៉ា​ត​អារ៉ាប់​រួមមាន​៧​ករណី ឯ​ជប៉ុន​កើន​ដល់​៨៩​។

 
​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ អាជ្ញាធរ​សុខាភិបាល​ប្រកាស​ពី​រកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ចំនួន​៧​ថែមទៀត ដែល​ក្នុងនោះ​មាន​ជនជាតិ​ថៃ​បីនាក់ និង​ជនជាតិ​បួន​នាក់​។ បូក​៧​ករណី​ចុង​ក្រោយនេះ ថៃ​មាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ចំនួន​៣២ ដែលជា​ចំនួន​ច្រើនជាងគេ​បន្ទាប់ពី​ចិន​។ 
 
 
​លោក Suwannachai Wattanayingcharoenchai អគ្គនាយក​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​បញ្ជាក់ថា អ្នកជំងឺ​ទាំង​៧ កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​។ ក្នុងចំណោម​ករណី​ឆ្លង​ចំនួន​បី​ដែល​កើត​លើ​ជនជាតិ​ថៃ មាន​មួយ​ករណី​កើត​លើ​អ្នក​ដែល​ជម្លៀស​ពី​វូ​ហាន និង​ពីរ​នាក់​ទៀត​ទំនងជា​ឆ្លង​ពី​ភ្ញៀវ​ទេសចរណ៍​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ ជនជាតិ​បីនាក់​ដែល​ឆ្លង​វីរុស​នេះ ជា​សមាជិកគ្រួសារ​រប​ស់​អ្នក​ដែល​ឆ្លង​លើក​មុន ហើយ​មួយ​ករណី​ចុងក្រោយ គឺជា​អ្នកដំណើរ​មកពី​ចិន​។​
 
​នៅ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​វិញ ករណី​ឆ្លង​ពីរ​ទៀត ត្រូវបាន​រកឃើញ​។ ក្រសួងសុខាភិបាល​ប្រទេស​នេះ​បានប្រកាស​តាម Twitter ថា ករណី​ចុងក្រោយ កើត​លើ​ជនជាតិ​ចិន និង​ហ្វីលីពីន ដែល​ធ្វើ​ឲ្យ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម មាន​ករណី​ឆ្លង​ដល់​៧​ហើយ​។ 
 
​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នៅ​ជប៉ុន ក៏​បន្ត​កើនឡើង​ដែរ​។ នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ជប៉ុន​បាន​រកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​លើ​នាវា​ទេសចរណ៍ Diamond Princess ចំនួន​បី​ករណី​ទៀត ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​នៅលើ​នាវា​នេះ​កើន​ដល់​៦៤ ។ មិន​គិតពី​ករណី​នៅលើ​នាវា​nV ជប៉ុន​មាន​ករណី​ឆ្លង​ចំនួន​២៥​ទៀត​៕
 
 

Tag:
 ថៃ​
  ជប៉ុន​
  កូ​រ៉ូ​ណាវី​រុស​
  UAE
© រក្សាសិទ្ធិដោយ thmeythmey.com