សៀមរាប៖ អស់រយៈពេលច្រើនខែមកហើយ ដែលកំណាត់ផ្លូវក្រវាត់ក្រុងសៀមរាប ត្រូវបានឈូសឆាយដើម្បីស្ថាបនាថ្មី។ ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៩រហូតមកដល់បច្ចុប្បន្ន កំណាត់ផ្លូវនេះមិនទាន់ធ្វើរួចនៅឡើយ ដែលបង្កឱ្យមានដីហុយ ចរាចរណ៍មានការលំបាក ថែមទាំងបង្កជាជំងឺដល់ពលរដ្ឋរស់នៅតាមដងផ្លូវនេះ។ បន្ថែមពីនេះ វាបានធ្វើឱ្យប៉ះពាល់ដល់របររកស៊ីរបស់ប្រជាពលរដ្ឋនៅជាប់ដងផ្លូវ ហើយពួកគេសំណូមពរឱ្យអាជ្ញាធរពន្លឿនការធ្វើផ្លូវឱ្យបានលឿនដើម្បីបង្កភាពងាយស្រួលដល់ការរកស៊ីឡើងវិញ។
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ គឺមានសារសំខាន់ណាស់សម្រាប់ទីក្រុងសៀមរាប ដើម្បីបម្រើរាល់សេវាកម្មផ្សេងៗ ពិសេសវិស័យទេសចរណ៍។ នារយៈពេលចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្តទេសចរណ៍មួយនេះ ហាក់អន់ថយជាលំដាប់ ចំណែកការស្ថាបនាឡើងវិញក៏មានភាពយឺតយ៉ាវជាខ្លាំង។ បញ្ហានេះ បង្កឱ្យប្រជាពលរដ្ឋមានការខឹងសម្បារ និងបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព ក៏ដូចជាអាជីវកម្មរបស់ពួកគេ។
ម្ចាស់ហាងបាយមួយកន្លែងលើកំណាត់ផ្លូវក្រវាត់ក្រុងសៀមរាប លោក ឈាង ហ៊ាង ឱ្យដឹងថា ច្រើនខែមកហើយ ដែលលោកទ្រាំស្រូបផ្សែងធូលីដី ដែលហុយបង្កដោយរថយន្តតូចធំ បើកកាត់លើផ្លូវនេះ។ លោក ឈាង ហ៊ាង ប្រាប់ថា ចាប់ពីអាជ្ញាធរឈូសឆាយកាយធ្វើផ្លូវនេះ ប្រមាណជិតមួយឆ្នាំមកនេះ ការរកស៊ីរបស់លោកមិនសូវកាក់កបទេ ដោយសារកន្លែងខ្វះអនាម័យ អតិថិជនមិនសូវចូល ដែលកត្ដានេះធ្វើឱ្យលោក បាត់បង់ចំណូលមួយផ្នែក។
ចំណែកអ្នកស្រី ធីតា ដែលកំពុងចាប់ខោអាវដាក់ក្នុងម៉ាស៊ីនបោកឯណោះវិញ ក៏រអ៊ូពីបញ្ហាដីហុយនេះដែរ។ អ្នកស្រីថា តាំងពីរើមកជួលផ្ទះតាមដងផ្លូវក្រវាត់ក្រុងនេះមក គឺជួបបញ្ហាដីហុយ ផ្លូវមុខផ្ទះក៏មិនស្រួល ដែលធ្វើឱ្យអាជីវកម្មអ្នកស្រី មិនសូវមានអតិថិជនទេ។ ចំណែកខោអាវដែលបោកហើយ ក៏ពិបាករកកន្លែងហាល ដែលធ្វើឱ្យអ្នកស្រី ធីតា បាត់បង់អតិថិជន។ អ្នកស្រីស្នើឱ្យអាជ្ញាធរ ពន្លឿនការធ្វើផ្លូវនេះឱ្យបានលឿន សម្រួលដល់របររកស៊ីរបស់ខ្លួនឱ្យល្អប្រសើរឡើងវិញ។
ដោយឡែក អ្នកស្រី រីណា ក៏មានការលំបាកក្នុងការលក់ខោអាវដែរ។ ខោអាវដែលព្យួរក្នុងរោងមុខផ្ទះជួលរបស់អ្នកស្រី លើកំណាត់ផ្លូវក្រវាត់ក្រុងនេះ ត្រូវបានធូលីដីតោងជាប់ ហើយត្រូវការយកបោកឡើងវិញពេលព្យួរយូរពេក។ អ្នកស្រីរអ៊ូថា ខោអាវប្រឡាក់ច្រើន ផ្លូវមុខផ្ទះក៏ពិបាក ហុយដីច្រើន ធ្វើឱ្យអ្នកស្រីលក់ខោអាវមិនដាច់។ អ្នកស្រីប្រាប់ថា ការលក់ដូរពេលនេះល្មមឱ្យថ្លៃផ្ទះជួល។
ក្រៅពីបន្ទោសពីភាពយឺតយ៉ាវហើយ អ្នកស្រី រីណា ស្នើឱ្យអាជ្ញាធរជួយពន្លឿនការធ្វើផ្លូវនេះឱ្យបានលឿនបំផុត ព្រោះថាការឈូសឆាយលើគម្រោងនេះក៏យូរខែដែរ ដែលបង្កឱ្យមានដីហុយខួប ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពគ្រួសារអ្នកស្រីជាខ្លាំង ដូចជាកូនចៅឧស្សាហ៍ផ្ដាសាយ ក្អក ក្ដៅខ្លួន។
រីឯលោក ឈាង ហ៊ាង ក៏សំណូមពរឱ្យពន្លឿនការធ្វើផ្លូវឱ្យបានស្អាតផងដែរ ដើម្បីឱ្យការលក់ដូររបស់លោកមានអតិថិជនចេញចូលច្រើនឡើងវិញ។ លោកក៏បារម្ភពីសុខភាពកូនចៅលោកដែរ ដែលឧស្សាហ៍ក្អក ផ្ដាសាយ និងបារម្ភពីបញ្ហាជំងឺសួត។
ដោយឡែកអ្នកលក់អីវ៉ាន់ចាប់ហួយ អ្នកស្រី ឡុង មួយខេង ឯណោះវិញក៏មានសំណូរពរដូចអ្នកខាងដើមដែរ។ អ្នកស្រីរអ៊ូថា៖« គ្រាន់តែចាក់ហើយមួយកំណាត់នោះ តាំងពីខែភ្លៀង ភក់ឡើងវ៉ល ដល់មួយកំណាត់នោះឆ្កឹះមកក្រោយ តាំងពីនេះមកតាំងពីប៉ុន្មានខែ ខ្ញុំវាអត់បានចាំ...អតិថិជនស្ងាត់ឈឹង លក់អត់ដាច់ព្រោះផ្លូវពិបាកចូលពិបាកចេញ ហើយហុយងងឹត សំណូមពរឱ្យអាជ្ញាធរពន្លឿនធ្វើផ្លូវឱ្យឆាប់ហើយ ព្រោះអ្នកខ្លះជួលកន្លែងគេទេ ដល់អ៊ីចឹងវាពិបាកលក់ លក់មិនដាច់»។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប លោក គី វីរិន្ទ ក្នុងបទសម្ភាសជាមួយសារព័ត៌មានក្នុងស្រុកនាពេលកន្លងមក បានទទួលស្គាល់ពីបញ្ហាខូចខាតផ្លូវច្រើនខ្សែ និងពិបាកដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប។ តាមការបញ្ជាក់ពីលោកប្រធានមន្ទីរ ផ្លូវក្នុងក្រុងសៀមរាបសរុបទាំងផ្លូវជាតិ ផ្លូវដី ផ្លូវគ្រួសក្រហម សរុបប្រមាណជាង៥០០គីឡូម៉ែត្រ។ លោកប្រធានមន្ទីរស្នើឱ្យពលរដ្ឋយោគយល់ចំពោះកិច្ចការទាំងនេះ ព្រោះថាមានផ្លូវជាច្រើនខ្សែដែលត្រូវការការជួសជុលដូចគ្នា។ បន្ថែមពីនេះលោកក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែទាំផ្លូវ ដោយមិនត្រូវចាក់សំរាមលុបប្រព័ន្ធបង្ហូរទឹករបស់ផ្លូវ ចោលសំរាមពាសវាលពាសកាល -ល- ដែលធ្វើឱ្យផ្លូវឆាប់ខូច។
គួរឱ្យដឹងដែរថា មិនមែនមានតែផ្លូវក្រវាត់ក្រុងទេ ដែលរងការខូចខាតធ្ងន់ធ្ងរ និងត្រូវការការជួសជុលឡើងវិញ ក្នុងនោះក៏មានកំណាត់ផ្លូវជាច្រើនខ្សែ ដែលអាជ្ញាធរខេត្តប្រកាសដើម្បីរៀបចំស្ថាបនាឡើងវិញ។ នៅចុងឆ្នាំ២០១៩ អាជ្ញាធរខេត្តសៀមរាបបានប្រកាសថា ផ្លូវជាង៤០ខ្សែដែលនឹងស្ថាបនាឡើងវិញក្នុងឆ្នាំ២០១៩។ តែរហូតមកដល់ពេលនេះ មានផ្លូវតិចតួចប៉ុណ្ណោះ ដែលបាន និងកំពុងស្ថាបនា។ ជារួមការស្ថាបនា និងជួសជុលឡើងវិញ គឺមានភាពយឺតយ៉ាវ៕