កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​ជិត​២​ពាន់​នាក់​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ​នៅ​អន្លង់វែង​
08, Feb 2020 , 10:30 pm        
រូបភាព
ដោយ:
 អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ជិត​២​ពាន់​នាក់ បាន​ចូលរួម​រត់ប្រណាំង​ក្នុង​ព្រឹត្តិការណ៍ «​ថ្មើរជើង​ប្រវត្តិសាស្ត្រ​» នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០​។ ចំនួន​នេះ មានការ​កើនឡើង​ទ្វេដង បើ​ធៀប​នឹង​ឆ្នាំមុន ដែលមាន​ប្រមាណ​១​ពាន់​នាក់​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​តំបន់​ទេសចរណ៍​នៅ​ស្រុក​អន្លង់វែង ដែលជា​ទីតាំង​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម​។ ការ​រឹតចំណង​សាមគ្គីភាព​រវាង​កម្ពុជា​-​ថៃ​និង​អបអរ​ខួប​២២​ឆ្នាំ​នៃ​ការទទួលបាន​សន្តិភាព​ពេញលេញ​ក៏​ស្ថិតក្នុង​គោលបំណង​ផងដែរ​។

 
​នៅ​ម៉ោង​ប្រមាណ​៥​ព្រឹក អត្ត​ព​លិ​ក​កម្ពុជា និង​ថៃ​ជិត​២​ពាន់​នាក់ ដែល​ធ្វើដំណើរ​ដោយ​រថយន្ត និង​ម៉ូតូ បានមក​ជួបជុំគ្នា​នៅ​ច្រក​អន្តរជាតិ​ជាំ ដើម្បី​ត្រៀមខ្លួន​រត់​ចម្ងាយ​៤​គីឡូម៉ែត្រ ក្នុង​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ លើក​ទី​២​។ ការរត់​ធ្វើឡើង​នៅលើ​ខ្នងភ្នំ​ដងរ៉ែក ដោយ​ចេញដំណើរ​ពី​ច្រក​អន្តរជាតិ​ជាំ ឆ្ពោះទៅកាន់​ពើយ​តា​ម៉ុក ដែលជា​ទីតាំង​បញ្ចប់ នៃ​ការរត់​ប្រណាំង​នេះ​។ 
 
​ក្រោយ​ការជួបជុំ និង​កម្តៅ​សាច់ដុំ​ប្រមាណ​ជាង​១​ម៉ោង ស្នូរ​កាំភ្លើង​បញ្ជា​ចេញ​ដោយ លោក ឌី រ៉ា​ដូ អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏​បន្លឺឡើង ដែល​ធ្វើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ទើប​ធ្វើ​កាលពីពេល​ថ្មីៗ​គ្របដណ្តប់​ដោយ​ហ្វូងមនុស្ស​។ ភាព​ចម្រុះ​ពណ៌​ខៀវ លឿង ទឹកក្រូច​នៃ​ឯកសណ្ឋាន របស់​អ្នករត់ ធ្វើ​ឲ្យ​ក្បួន​នាំមុខ​ដោយ​ឡាន​សា​រ៉ែ​ន ដែល​រៀបចំ​ដោយ​រដ្ឋបាល​ស្រុក​អន្លង់វែង កាន់តែ​មាន​ភាព​ទាក់ទាញ​។​
 
​ការ​ចេញមក​អបអរ​ពី​សំណាក់​ប្រជាពលរដ្ឋ នៅតាម​ផ្លូវ​រត់ ដែលមាន​ការរក្សាសន្តិសុខ សុវត្ថិភាព ពី​កងកម្លាំង​ធ្វើ​ឲ្យ​អ្នករត់​មាន​កម្លាំងចិត្ត​កាន់តែខ្លាំង និង​រត់​ដោយ​ទំនុកចិត្ត ដើម្បី​ឆ្ពោះទៅ​សម្រេច​គោលដៅ​។ ជា​ការរត់​កម្សាន្ត តែ​ក៏មាន​ការចាត់​ចំណាត់ថ្នាក់​ផងដែរ ដែល​ម្ចាស់​ជ័យលាភី​បាន​ទៅលើ​កីឡាករ និង​កីឡាការិនី មកពី​ប្រទេស​ថៃ​។ ក្នុង​ពិធី​ប្រគល់​រង្វាន់​លើកទឹកចិត្ត ដល់​ម្ចាស់​ជ័យលាភី ធ្វើឡើង​ក្រោម​វត្តមាន​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ NOCC, លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត​។ 
 
​បើតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC ចំនួន​អ្នកចូលរួម​រត់​ឆ្នាំនេះ មានការ​កើនឡើង​ទ្វេដង​បើ​ធៀប​នឹង​ឆ្នាំមុន ដែលមាន​ត្រឹមតែ​ប្រមាណ​១​ពាន់​នាក់​។ លោក ចាត់ទុក​ការកើនឡើង​នេះ​ថា ជា​ចំណុច​វិជ្ជមាន​មួយ មុន​ឈានទៅ​បង្កើត​ព្រឹត្តិការណ៍​នេះ ឲ្យ​ក្លាយជា​សមិទ្ធផល​ទេសចរណ៍​ថ្មី​មួយទៀត​នាពេល​អនាគត​។  
 
​ក្រៅពី​សកម្មភាព​កីឡា​ដូចជា​រត់ប្រណាំង ជិះ​កង់ ចំបាប់ ល្បុក្កតោ បាល់ទាត់ បាល់ទះ និង​ប្រណាំងទូក​ជាដើម ក៏មាន​ការប្រគំ​តន្ត្រី និង​ពិព័រណ៍​ផលិតផល​អន្តរជាតិ​ផងដែរ​។ ភាព​ចម្រុះ​នេះ ធ្វើ​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ​នៅ​ស្រុក​អន្លង់វែង ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មាន និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​មួយ​នេះ កាន់តែ​មាន​ភាព​ទាក់ទាញ​ជាង​លើក​ទី​១​។ ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៧-៩ ខែកុម្ភៈ ឆ្នាំ​២០២០៕ 




Tag:
 រត់ប្រណាំង​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com