ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្រឡាញ់​ការច្នៃប្រឌិត វិចិត្រករ បូរ ហាក់ ប្ដូរ​ពី​ការធ្វើ​ចម្លាក់ មក​ធ្វើ​គំនូរ​ឈើ​ឆេះ​ដ៏​ទាក់ទាញ​
09, Feb 2020 , 12:16 pm        
រូបភាព
 ភ្នំពេញ​៖ គំនូរ​ឈើ​ឆេះ ជា​ប្រភេទ​គំនូរ​ដែល​គេ​យក​ឈើ​ទៅ​ដុត និង​ដាប់ រួច​គូរ និង​ផាត់​ពណ៌​នៅលើ​ឈើ​ឆេះ​នោះ​។ គំនូរ​ឈើ​ឆេះ​នេះ ជាការ​ច្នៃប្រឌិត​ដោយ​កូន​ខ្មែរ គឺ​លោក បូរ ហាក់ ដែលជា​វិចិត្រករ​មានបទពិសោធន៍​លើ​សិល្បៈ​គំនូរ និង​ចម្លាក់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ គំនូរ​នេះ ត្រូវបាន​ឲ្យ​តម្លៃ និង​ទទួលស្គាល់​លើ​ភាពល្អ​ឥតខ្ចោះ តាមរយៈ​ស្នាដៃ​របស់​វិចិត្រករ ពិសេស​គំនូរ​នេះ អាច​លក់បាន​តម្លៃ​ពី ៤៥០​ដុល្លារ ទៅ​៥០០​ដុល្លារ​ក្នុង​មួយ​ផ្ទាំង​។​

 
​លោក បូរ ហាក់ ជាជាង​គំនូរ និង​ចម្លាក់ ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ​។ វិចិត្រករ​វ័យ ២៩​ឆ្នាំ​រូបនេះ បាន​ទៅ​រស់នៅ​ខេត្តបាត់ដំបង​ក្នុង​ឆ្នាំ​២០០៣ និង​បាន​ចូលរៀន​ជំនាញ​សិល្បៈ​គំនូរ នៅ​សមាគម​ហ្វា​ពន្លឺ​សិល្បៈ​។ បច្ចុប្បន្ន លោក បូរ ហាក់ ចេះ​ជំនាញ​គំនូរ​បុរាណ​, គំនូរជីវចល​, ចម្លាក់​, សូន​រូប និង​គំនូរ​ឈើ​ឆេះ​ជាដើម​។ 
 
​វិចិត្រករ បូរ ហាក់ ដែលមាន​ជំនាញ​ខាង​គំនូរ និង​ចម្លាក់​ជាច្រើន​ឆ្នាំនេះ បានសម្រេច​ផ្លាស់ប្ដូរ​មក​ធ្វើ​គំនូរ​ឈើ​ឆេះ​វិញ ដែលជា​ការច្នៃប្រឌិត​ថ្មី​របស់លោក​។ សិល្បករ​ពហុ​ជំនាញ បូរ ហាក់ ពន្យល់​ដើមហេតុ​នៃ​ការបង្កើត​គំនូរ​ឈើ​ឆេះ​យ៉ាង​ដូច្នេះ​៖«​ដោយសារ​ខ្ញុំ​ជា​អ្នក​គំនូរ​បុរាណ និង​ចម្លាក់ ណាមួយ ខ្ញុំ​ធុញ​នឹង​ការងារ​ដដែលៗ ហើយ​ចង់​ផ្លាស់ប្ដូរ​បទពិសោធន៍​ផង​។ ខ្ញុំ​ចង់​ធ្វើ​អ្វី​ថ្មីៗ ខ្ញុំ​ក៏​ងាក​មក​ធ្វើ​គំនូរ​ឈើ​ឆេះ​នេះ​វិញ​»​។ 
  
​បើទោះបី​ងាក​មក​ធ្វើ​គំនូរ​ឈើ​ឆេះ ដែលជា​ផលិតផល​ថ្មី ខុសពី​ការ​សូន​រូប​, ការធ្វើ​ចម្លាក់ ក៏ពិតមែន ប៉ុន្តែ​ចំណេះដឹង​ទាំងនេះ បាន​បំបែក​ចេញពី​ជំនាញ​សិល្បៈ​គំនូរ​របស់លោក​។ ផ្ដើមគំនិត​ដំបូង លោក ហាក់ ធ្វើ​គំនូរ​ឈើ​ឆេះ​នេះ សម្រាប់​ដាក់តាំង​ពិព័រណ៍​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​មានការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ដែល​ចូលរួម​តាំងពិព័រណ៍ លោក ក៏បាន​លក់​គំនូរ​ទាំងនេះ​។ តាមរយៈ​ស្នាដៃ​គំនូរ​ឈើ​ឆេះ​នេះ លោក បូរ ហាក់ អាច​លក់បាន​ក្នុងតម្លៃ​ពី ៤៥០​ដុល្លារ ទៅ​៥០០​ដុល្លារ ក្នុង​មួយ​ផ្ទាំង ទៅតាម​ទំហំ​នៃ​រូប​។ លោក បូរ ហាក់ លើកឡើង​បែបនេះ​៖«​សម្រាប់​ខ្ញុំ រូប​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​គិតថា​មិន​ថ្លៃ​ទេ បើសិនជា​យល់​ពី​តម្លៃ​សិល្បៈ​។ ហើយ​អ្នកទិញ​រូប​របស់ខ្ញុំ​ភាគច្រើន ជា​ជនបរទេស​»​។ 
 
​ក្នុង​គំនូរ​ឈើ​ឆេះ​មួយ​ផ្ទាំង វិចិត្រករ​រូបនេះ ត្រូវការ​ពេល​៤ ទៅ ៥​ថ្ងៃ  ដោយ​ចំណាយពេល​ដុត​ផង ដាប់​ផង និង​ផាត់​ពណ៌​ផង​។ វិចិត្រករ បូរ ហាក់ បន្ថែមថា​៖ «​ការងារ​ដាប់​ផង ដុត​ផង មិនមែនជា​ការងាយស្រួល​ឡើយ​។ ពិសេស​ត្រូវការ​ការអត់ធ្មត់ និង​ម៉ត់ចត់​»​។ សម្រាប់​វិចិត្រករ​សម្បុរ​ស្រអែម​រូបនេះ គំនូរ​ឈើ​ឆេះ​នេះ ជាការ​ងារ​ថ្មី ដែល​មិនសូវ​អ្នកចេះ​ធ្វើ និង​គេ​ឲ្យ​តម្លៃ​ច្រើន​។ 
  
   រូបភាពពី​ហ្វេសប៊ុក​លោក បូរ ហាក់ 

​គំនូរ​ឈើ​ឆេះ ដែលមាន​ផ្ទៃ​ពណ៌​ខ្មៅ ដោយសារ​ការដុត​នេះ មិនត្រូវ​ការ​ពណ៌​ច្រើន​សម្រាប់​ផាត់​ឡើយ​។ លោក ហាក់ ពន្យល់​បែបនេះ​៖ «​បើ​និយាយ​ពី​គំនូរ​បុរាណ​វិញ គេ​ផាត់​ពណ៌​គ្រប់​តួអង្គ ប៉ុន្តែ​សម្រាប់​គំនូរ​ឈើ​ឆេះ​នេះ ខ្ញុំ​គូរ​នៅលើ​តួអង្គ តែ​ខ្ញុំ​ប្រើតែ​២​ពណ៌​ប៉ុណ្ណោះ ដែល​វា​មិន​ដូចនឹង​គំនូរ​បុរាណ​។ ខ្ញុំ​គិតថា ឈើ​ឆេះ​នេះ វា​មាន​លក្ខណៈ​ជា​ធ្យូង ប្រសិន​ខ្ញុំ​ដាក់​ពណ៌​ច្រើន វា​មិនសូវ​ស្អាត​នោះទេ​»​។ 
 
​ឈើ​សម្រាប់​យកមក​ធ្វើជា​គំនូរ​ឈើ​ឆេះ ជា​ប្រភេទ​ឈើ​ផ្ចឹក ដែល​ងាប់​ពី​ធម្មជាតិ មាន​ប្រភពពី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ វិចិត្រករ​ដែលមាន​ស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ​រូបនេះ បាន​ប្រឹងប្រែង និង​តស៊ូ​ខ្លាំង ចំពោះ​ស្នាដៃ​សិល្បៈ​របស់ខ្លួន​។ តាមរយៈ​ស្នាដៃ​សិល្បៈ បានធ្វើ​ឲ្យ​លោក ហាក់ មានឱកាស​ទៅ​ចូលរួម​ប្រកួតប្រជែង​នៅ​ប្រទេស​ជប៉ុន និង​ចូលរួម​តាំងពិព័រណ៍​នៅ​ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក​ផងដែរ​។ 
  
​ជំនាញ​សិល្បៈ​នេះ លោក ហាក់ ចាត់ទុកជា​សមត្ថភាព​ពី​ធម្មជាតិ ដែល​ធ្វើ​ឲ្យ​លោក​មាន​និស្ស័យ​លើ​សិល្បៈ​គំនូរ​តាំងពី​កុមារា​ភាព​។ វិចិត្រករ​រូបនេះ មាន​មហិច្ឆតា​ចង់​ឲ្យ​ពិភពលោក​ស្គាល់​ស្នាដៃ​របស់​កូន​ខ្មែរ​។ «​បានជា​ខ្ញុំ ធ្វើ​ការងារ​សិល្បៈ​នេះ ព្រោះ​ខ្ញុំ​ស្រឡាញ់​។ ខ្ញុំ​ចង់បង្ហាញ​ពី​គំនិត​របស់ខ្ញុំ​ចំពោះ​សិល្បៈ ដើម្បី​បង្ហាញ​ដល់​មនុស្ស​ទាំង​នៅក្នុង​ស្រុក​ខ្មែរ និង​ពិភពលោក ឲ្យ​បាន​ស្គាល់​ពី​ស្នាដៃ​កូន​ខ្មែរ​»​។ នេះ​ជាការ​លើកឡើង​របស់​វិចិត្រករ បូរ ហាក់​។​
 
​សូមបញ្ជាក់ថា លោក បូរ ហាក់ មាន​សមត្ថភាព​ជាច្រើន​ទាក់ទង​នឹង​គំនូរ​ចម្រុះ​ដូចជា សិល្បៈ​សូន​រូប​, ចម្លាក់​, គំនូរ​បុរាណ​, គំនូរជីវចល និង​គំនូរ​ឈើ​ឆេះ​។ លោក បូរ ហាក់ ក៏​ជា​ជ័យលាភី​កម្មវិធី​ប្រកួតប្រជែង​គំនូរជីវចល Cambodia DigiCon6 ឆ្នាំ ២០១៧ ដែល​បានជ្រើសរើស​ទៅ​ប្រកួតប្រជែង​គំនូរជីវចល​ថ្នាក់​អន្តរជាតិ​នៅ​ប្រទេស​ជប៉ុន កាលពី​ឆ្នាំ ២០១៧៕
 

‬ ‬





Tag:
 គំនូរ​
  ឈើ​ឆេះ​
  វិចិត្រករ​
  បាត់ដំបង​
  កំពង់ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com