ជាតិ
២៥ខេត្ត/រាជធានី
បុរសចិនដែលកើតកូរ៉ូណាវីរុសនៅព្រះសីហនុ នឹងចេញពីមន្ទីរពេទ្យនៅថ្ងៃទី១០កុម្ភៈ
× ជនជាតិចិន ដែលបានកើតជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មី នៅខេត្តព្រះសីហនុ នឹងចាកចេញពីមន្ទីរពេទ្យ នៅថ្ងៃទីច័ន្ទ ទី១០កុម្ភៈ ក្រោយព្យាបាលបានជាសះស្បើយ១០០ភាគរយ។ នេះបើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)។
CDC បានសរសេរនៅលើទំព័រហ្វេសប៊ុកដូច្នេះ៖«អ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី គាត់បានជាសះស្បើយ និងអនុញ្ញាតឱ្យគាត់ចាកចេញ ពីមន្ទីរពេទ្យនៅថ្ងៃច័ន្ទ ទី១០ កុម្ភ:។ អ្នកប៉ះពាល់កន្លែងផ្សេងៗគ្នាជាមួយអ្នកជំងឺ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ»។ CDC ក៏បានបញ្ជាក់ដែរថា រហុតមកទល់ពេលនេះកម្ពុជា មិនទាន់រកឃើញករណីបន្ថែមនៃជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ។ ប៉ុន្តែលទ្ធភាពរកឃើញករណីបន្ថែម នឹងអាចកើតមាន ព្រោះជំងឺនៅតែបន្តរាតត្បាតនៅឡើយនៅទីក្រុងវូហាន ប្រទេសចិន។
យោងតាមទិន្នន័យរបស់គណៈកម្មការធិការសុខាភិបាលជាតិចិន គិតត្រឹម៨ព្រឹកថ្ងៃទីអាទិត្យ ទី៩ ខែកុម្ភៈនេះ មានអ្នកស្លាប់ដោយសារកូរ៉ូណាវីរុសចំនួន ៨១៣នាក់ ខណៈអ្នកជំងឺកើនដល់ប្រមាណ៣៧,០០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com