ONE Championship
កីឡាជាតិ
ជាតិ
Petchmorakot ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ថ្មី ខណៈ ខុន ស៊ី​ចាន់ ចាញ់​ទឹក​ទី​១​តែ​ប្រសើរ​ជាង​មុន​
09, Feb 2020 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
 អត្ថបទ​៖ ស៊ី​ធី​​
កីឡាករ​ជើង​ខ្លាំង​មួយ​ថៃ​ប្រចាំ​ប្រទេស Petchmorakot Petchyindee Academy បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ថ្មី ONE Featherweight Muay Thai World Championship បន្ទាប់ពី​យកឈ្នះ  Pongsiri PK.Saenchaimuaythaigym ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។ ចំណែក​កីឡាករ​កម្ពុជា ខុន ស៊ី​ចាន់ ប្រឹង​រើ​ពីរ​បី​បានសម្រេច​មិន​ឲ្យ​ដៃគូ Eko Roni Saputra វ៉ៃ​បាន ប៉ុន្តែ បែរមក​ចាញ់​ឃ្លេ​ក​ពីក្រោយ​ទៅវិញ​។ ក្រៅពីនោះ​មាន​ពីរ​គូ​ទៀត​គួរ​តាមដាន​នៅ​សង្វៀន ONE: WARROR'S CODE កាល​ថ្ងៃទី ៧ កុម្ភៈ កន្លងទៅ​នៅ​ក្រុង​ហ្សា​កាតា​។


1# Petchmorakot Petchyindee Academy ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ថ្មី 
​បន្ទាប់ពី​ប្រកួត​៥​ទឹក​យ៉ាង​ស្វិតស្វាញ​បំផុត Petchmorakot Petchyindee Academy ឈ្នះ​ខ្សែក្រវាត់​ថ្មី ONE Featherweight Muay Thai World Championship ដែល​គេ​សម្ពោធ​ដាក់​ឲ្យ​ដណ្ដើម​ក្នុង​កម្មវិធី ONE:WARROR'S CODE​។ គ្រាន់តែ​ចាប់ផ្ដើម​ភ្លាម​ទាំង Petchmorakot និង Pongsiri PK.Saenchaimuaythaigym សុទ្ធ​បង្ហាញ​ជំហរ​រឹងមាំ​រៀងៗ​ខ្លួន ស្របពេល Petchmorakot ដែលមាន​កម្ពស់​ខ្ពស់ជាង​ផង​នោះ​ក៏​មិន​ហ៊ាន​កញ្ជ្រោល​ដែរ​។ នៅ​ទឹក​ទី​១​នេះ អ្វីដែល​គួរកត់សម្គាល់ គឺ  Pongsiri បាន​ដើរចូល​ម៉ាត់​ផង​ទាត់​ផង​ដើម្បី​សាក​កម្លាំង​ដល់ Petchmorakot​។ យ៉ាងណាក្ដី​នៅ​ទឹក​ទី​១ នេះ​មិនទាន់​ស៊ីសង​គ្នា​នោះឡើយ​។ នៅ​ទឹក​ទី​២​និង ទី​៣ ដ្បិតអី Petchmorakot វ៉ៃ​ចូល​មុខ​ហើយ​ដកថយ ឬ ទាត់​ដកថយ ប៉ុន្តែ ការ​ម៉ាត់​និង​ការប្រើ​ជង្គង់​អុក​ចំៗ​គោលដៅ​ជាង​អ្នក​ដើរចូល  Pongsiri​។ រហូតដល់​ទឹក​ទី​៤ Pongsiri ក៏​នៅតែ​ជា​បាវ​សាក់​របស់ Petchmorakot ដដែល​ទោះជា​ទោះ​ខំ​ដើរចូល​ដើម្បី​ផ្ដួល​នៅ​ទឹក​នេះ​ក្ដី​។ Pongsiri ត្រូវ​គូប្រជែង​ម៉ាត់ និង ហោះ​បុក​ជង្គង់​ជា​ច្រើនដង​ប៉ុន្តែ​មិន​បង្កបញ្ហា​ធ្ងន់​នោះទេ​។ ក្នុង​ទឹក​នេះ Pongsiri អុក​ជង្គង់​ត្រូវ​ប្រដាប់​ការពារ​របស់  Petchmorakot ប៉ុន្តែ​សម្រាក​ត្រឹម ១ នាទី​អាច​ប្រកួត​វិញ​បាន និង សម្រុក​គ្នា​ដល់​ចប់​ទឹក​។ Pongsiri ពិតជា​ក្លាហាន​មែន និង​បន្ត​សម្រុកចូល​នៅ​ទឹក​ចុងក្រោយ​នេះ ដើម្បី​យកឈ្នះ​ពិន្ទុ​។  បែបណា​ក្ដី Pongsiri ត្រូវ​ស្វាគមន៍​ដោយ​ជង្គង់ និង កណ្ដាប់ដៃ​ដដែល​។ ចុងបញ្ចប់ Petchmorakot  ជា​អ្នកឈ្នះ​ខ្សែក្រវាត់ ក្រោយ​ឈ្នះ​ពិន្ទុ ជា​ឯកច្ឆន្ទ លើ Pongsiri​។ 
Petchmorakot បាន​ថ្លែងថា​៖«​សូម​អរគុណ​ដល់​អ្នកគាំទ្រ​។ ការប្រកួត​នេះ វា​ពិតជា​ការប្រកួត​ដ៏​តឹងតែង​។ ខ្ញុំ​សូម​គោរព​ដល់​ដៃគូ​របស់ខ្ញុំ គេ​ជា​កីឡាករ​កំពូល​ម្នាក់ និង ពិត​តស៊ូ​ស្វិតស្វាញ​ខ្លាំងណាស់​»​។ 
  
 
2#- Reinier De Ridder រង់ចាំ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ទល់នឹង​វីរបុរស​មី​យ៉ាន់​ម៉ា Aung La Nsang 
​អ្នកលេង​គុន​ចម្រុះ Reinier De Ridder  ឬ The Dutch Knight បានប្រកាស​ដើម្បី​ចង់​ជួប​ម្ចាស់​ខ្សែក្រវាត់  Aung La Nsang បន្ទាប់ពី​រូបគេ​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​កីឡាករ​ប្រេ​ស៊ី​ល Leandro Ataides ឬ គេ​ហៅ​ឈ្មោះ​ក្រៅ​ថា Wolf​។ 
 
​ការប្រកួត​ពុះកញ្ជ្រោល​មែនទែន ទោះ​បែក​ឈាម​រៀងៗ​ខ្លួន​ក៏​ស៊ូ​រហូតដល់​ចប់​ទឹក​ដែរ​។ ពេល​ផ្ដើម​ទឹក​ទី​១ វា​គ្រាន់តែ​ការ​វ៉ៃ​ប្រយោលៗ អមដោយ​ការ​ទាត់​ផង និង ចូល​ឱប​ទាំង​ជំហរ​ថែមទៀត ប៉ុន្តែ មិន​បង្ក​គ្រោះថ្នាក់​នោះឡើយ​។ ទឹក​បន្ទាប់ គឺជា​សង្វៀន​ក្ដៅគគុក រហូតដល់ Leandro បែក​ឈាម ហើយ​ត្រូវ​ឲ្យ​ពេទ្យ​ពិនិត្យ​ទៀតផង​។ យ៉ាងណាក្ដី Reinier បាន​វ៉ៃ​ចាំ​គោលដៅ​ច្រើន​នៅ​ទឹក​ទី​២​នេះ​។ នា​ទឹក​ចុងក្រោយ គឺ ជា​ទឹក​ក្ដៅ​ត្រចៀក​ដូចគ្នា ពោល​ដើម្បី​យក​ពិន្ទុ​។ បន្ទាប់មក Reinier បាន​ប្រើ​ជង្គង់​អុក​ចំ​ប្អូន​តូច​របស់ Wolf  ហើយ​ត្រូវ​សម្រាក​ព្យាបាល​មួយសន្ទុះ​ទើប​អាច​ប្រកួត​បាន​វិញ​។ Wolf ខំ​ស្ដារ​កណ្ដាប់ដៃ​ឡើងវិញ ប៉ុន្តែ Reinier  ឯណេះ​ទេ​ជា​អ្នកគ្រប់គ្រង​ស្ថានការណ៍​បានល្អ និង វ៉ៃ​ចំ​គូសត្រូវ​រហូត​ខ្ទាត​ឈាម​ពេញ​ខ្លួនឯង​។ ទីបំផុត កីឡាករ​ហូ​ឡង់ Reinier ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។ 
 
Reinier De Ridder បាន​ថ្លែង​ក្រោយ​ឈ្នះ​ការប្រកួត​ថា ៖«​សូម​អរគុណ​ដល់​អ្នកគាំទ្រ ឥណ្ឌូណេស៊ី ខ្ញុំ​ស្រលាញ់​អ្នក​ទាំងអស់គ្នា​។ Aung La Nsang តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ នៅ​? សូម​ត្រៀមខ្លួន​ផង​។ ខ្ញុំ​មក​ទីនេះ​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ហើយ​។ យើង​នឹង​ជួបគ្នា​»​។ 
  
 
3#- ខ្លាំង​មែន Iuri Lapicus នៅតែ​បន្ត​ភាពមិន​ដែល​ចាញ់​រហូតដល់ ១៤ ដង​
https://www.onefc.com/videos/iuri-lapicus-finishes-marat-gafurov-in-67-seconds/ 
​អ្នកលេង​គុន​ចម្រុះ​សញ្ជាតិ​ម៉ុ​ល​ដូ​វ៉ា Iuri Lapicus  ពិតជា​ខ្លាំង​មែន ដែល​បន្ត​កំណត់ត្រា​ឈ្នះ​រហូតដល់ ១៤ លើក​ជាប់​គ្នា​ក្នុងការ​ប្រឡូក​លើស​ង្វៀន​តាំងពី​ឆ្នាំ ២០១៤ រហូតដល់​ពេលបច្ចុប្បន្ន​នេះ​។ Iuri Lapicus បាន​បន្ត​បញ្ចប់​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Featherweight World Champion កីឡាករ Marat “Cobra” Gafurov នៅ​ទឹក​ទី​១ ក្នុងប្រទេស​ទម្ងន់ lightweight របស់ខ្លួន​។  Gafurov ត្រូវបាន​គេ​គិតថា​ទំនង​នឹង​ទទួល​ជ័យជម្នះ​ក្នុង​ប្រភេទ​ទម្ងន់ lightweight លើកដំបូង ប៉ុន្តែ Lapicus ពិត​ជាមាន​ក្បាច់​ពិសេស​មែន​។ Lapicus បានប្រែក្លាយ​ពី​ការចូលចាប់ ដើម្បី​គ្រប់គ្រង​វិញ​ភ្លាមៗ​ដោយ​ចាប់ពី​ក្រោយ​កីឡាករ​រុស្សី​។ បន្ទាប់មក Lapicus ក៏​ឃ្លេ​ក​ពីក្រោយ​រហូតដល់ Gafurov ចុះចាញ់​តែម្ដង​។ 
 
4#-​ខុន ស៊ី​ចាន់ ចាញ់​ឃ្លេ​ក​ពីក្រោយ​នៅ​ទឹក​ទី​១ 
​គ្រាន់តែ​ស្នូរ​ជួង​ទឹក​ទី​១ Eko Roni Saputra​មិន​បង្អង់​យូរ​ដូច​រូបគេ​បាន​ព្រាងទុក​អីចឹង​។  Eko Roni ចង់​ផ្ដួល ខុន ស៊ី​ចាន់ ឲ្យ​លឿន​តាមតែ​អាចធ្វើ​ទៅបាន​។ វា​ជា​ជំនាញ​របស់ Eko Roni ទៅហើយ​ដោយសារ​រូបគេ​មាន​ជំនាញ​ចាប់ និង ចំបាប់​កន្លងមក​។ Eko Roni ចូលចាប់​ជើង​ផ្ដួល ស៊ី​ចាន់ បាន​យ៉ាង​ជោគជ័យ​មិន​ដល់​១​នាទី​ផង ហើយ បន្ទាប់មក​យក​ប្រើ​ដៃ​ផង​ជើង​ផង​គាប​ដើម្បី​ឃ្លេ និង វ៉ៃ​ពីលើ​ជាច្រើន​ដៃ​ទៀត​។ បែបណា​ក្ដី ខុន ស៊ី​ចាន់ លើក​នេះ​ល្អប្រសើរ​ជាង​លើក​មុនៗ ដោយសារ​រូបគេ​អាច​រើខ្លួន​ចុះឡើង​ដើម្បី​ផុតពី​ក្បាច់​ឃ្លេ​សម្លាប់​រហូតដល់ ពីរ​បី ដង​។ បន្ទាប់មកទៀត បែរជា​ចូល​ឃ្លេ​ក ពីក្រោយ ខណៈ ដងខ្លួន​ស្របគ្នា ដែល​ធ្វើ​ឲ្យ កីឡាករ​មកពី Phnom Penh MMA មិនអាច​បម្រាស់​ខ្លួន​ឲ្យ​ផុត​បានឡើយ​។ យ៉ាងណាក៏ដោយ ខុន ស៊ី​ចាន់ នៅ​ត្រៀមខ្លួន​សម្រាប់​ការប្រកួត ៥ លើក​ទៀត​នា​ឆ្នាំ ២០២០ នេះ​។ 
 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា​ការប្រកួត​ក្នុង​កម្មវិធី ONE:KING OF THE JUNGLE  នៅ​សុ​ក្រទី ២៨  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ ប្រទេស​សិង្ហ​បុរី ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 
 

 
 

© រក្សាសិទ្ធិដោយ thmeythmey.com