ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាណិតម្ដាយ​ក្រ ណាវី ដែល​ពិការភ្នែក តស៊ូ​រៀន​រហូត​ក្លាយជា​គ្រូបង្រៀន​
09, Feb 2020 , 8:59 pm        
រូបភាព
អ្នក​គ្រូ សៀម ណាវី កំពុង​អង្គុយ​ក្នុង​បន្ទប់​សិក្សាថ្នាក់​គរុកោសល្យ​ នៅ​រាជ​ធានី​ភ្នំពេញ
អ្នក​គ្រូ សៀម ណាវី កំពុង​អង្គុយ​ក្នុង​បន្ទប់​សិក្សាថ្នាក់​គរុកោសល្យ​ នៅ​រាជ​ធានី​ភ្នំពេញ
​ភ្នំពេញ​៖ ជានា​រី​មាន​ពិការភាព​ភ្នែក ដែលមាន​កំណើត​ក្នុង​គ្រួសារ​ក្រីក្រ​មួយ ក្នុង​ខេត្តសៀមរាប កញ្ញា សៀម ណាវី ខំប្រឹងប្រែង​រៀន​រហូត​មាន​សមត្ថភាព ធ្វើជា​គ្រូ​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ នៅ វិទ្យាល័យ​អប់រំ​ពិសេស​ឯ​ខេត្ត​សៀម​រាម ដោយ​បង្រៀន​សិស្ស​ពិការភ្នែក​។ ណាវី ចង់ឱ្យ​មនុស្ស​ទូទៅ ឱ្យ​តម្លៃ​ជនពិការ​លើ​សមត្ថភាព ជាជាង​មើលទៅ​លើ​ពិការភាព​។​

​តទៅ​នេះ សូម​លោក​អ្នកនាង​ស្ដាប់​ជីវ​ព័ត៌មាន ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន នៃ​សារព័ត៌មាន​ថ្មីៗ ដោយ​មេត្រីភាព​៖

 
​មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រឡាញ់ ឃុំ​ខ្នា​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កញ្ញា សៀម ណាវី បាន​តាំងចិត្ត​ខិត​ខំរៀន​ឱ្យមាន​ចំណេះ ដើម្បី​អាចជួយ​គ្រួសារ ជាពិសេស​ជួយ​ម្ដាយ​មេម៉ាយ ក្រោយពី​ឪពុក​បាន​លាចាក​លោក​ទៅ​។ ក្លាយជា​គ្រូបង្រៀន​អក្សរ​ស្ទាប ឬ​អក្សរ​ប្រេ​ល សម្រាប់​សិស្ស​ពិការភ្នែក​អស់​រយៈពេល​៣​ឆ្នាំ​មកហើយ កញ្ញា សៀម ណាវី បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិ​ញ្ញា​លើ​ជំនាញ​ទស្សនវិជ្ជា ពី​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ 
 
​អង្គុយ​ក្នុង​ហាង​បាយ​មួយ​ក្បែរ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស អតីត​អង្គការ​គ្រួសារ​ថ្មី ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កញ្ញា សៀម ណាវី ប្រាប់​ពី​ស្ថានភាព​គ្រួសារ និង​មូលហេតុ​ដែលជា​ប្រភព​ជំរុញ​ទឹកចិត្ត​កញ្ញា​ឱ្យ​ខំរៀន​៖«​គ្រួសារ​របស់ខ្ញុំ​ពិបាក​ណាស់ សូម្បីតែ​ឥឡូវ​ក៏​មិនទាន់​ធូរធា​ដែរ គ្រាន់តែ​វា​ស្រួល​ជាង​មុន​បាន​មួយផ្នែក​។ ខ្ញុំ​មិនមាន​ឪពុក ដូច្នេះ​អស់​ជំហរ​មួយ ហើយ​បងប្អូន​សុទ្ធតែ​ស្រី​។ ដោយសារ​តែមាន​អង្គការ គេ​ចុះ​ទៅតាម​ភូមិ ហើយ​គេ​សួរថា​ចង់​រៀន​ឬ​អត់ ខ្ញុំ​ឆ្លើយថា​ចង់​ដូច្នេះ​គេ​ក៏​យកមក​រៀន​។ ឃើញ​គ្រួសារ​លំបាក ខ្ញុំ​ចង់​រៀន ចង់​ជួយ​ម៉ែ​។ បងប្អូន​រៀបការ​ហើយ នៅសល់តែ​ខ្ញុំ​ហើយនឹង​ប្អូន​ពៅ ហើយ​ប្អូន​ពៅ​មិនមាន​អ្វី​ធ្វើ​ទេ ដូច្នេះ​ប្រសិនបើ​ខ្ញុំ​ទំនេរ​ដែរ​វា​ពិបាក​»​។​
 
​ជា​គ្រូបង្រៀន​សិស្ស​នៅ​ថ្នាក់​ទី​៤​និង​ទី​៥ ដោយ​ក្នុង​មួយ​ថ្នាក់​មាន​សិស្ស​ច្រើន​បំផុត​ប្រមាណ​៦​នាក់ កញ្ញា ណាវី ត្រូវ​មក​រៀន​គរុកោសល្យ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស នៅ​រាជធានី​ភ្នំពេញ​។ ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ ណាវី នឹង​ត្រឡប់​ទៅ​បង្រៀន​សិស្ស​នៅ​ស្រុកកំណើត​របស់ខ្លួន​វិញ ពី​ថ្នាក់​ទី​៧​ដល់ទី​៩​។ អ្នកគ្រូ​សម្បុរ​ស​ដែលមាន​បបូរមាត់​ញញឹម​មាន​ប្រជាប្រិយ​ជានិច្ច​រូបនេះ​ពន្យល់​ខ្លះៗ ពី​របៀប​បង្រៀន​សិស្ស​ក្នុង​បន្ទប់​ពិការភាព​៖«​យើង​មាន​សៀវភៅ​ជា​អក្សរ​ប្រេ​ល​(​អក្សរ​ស្ទាប់​) ម្នា​ក់មួយ យើង​ស្ទាប់​បង្រៀន ប៉ុន្តែ​មិនមាន​សរសេរ​លើ​ក្ដារខៀន​ទេ​។ កម្មវិធីសិក្សា​ដូច​ក្រសួង​អប់រំ​ដែរ​»​។ 
  
  អ្នក​គ្រូ សៀម ណាវី 

​អង្គុយ​ស្ងៀម​មិន​ហ៊ាន​កម្រើកខ្លួន​សូម្បីតែ​បន្តិច អ្នកគ្រូ​អាយុ​៣០​ឆ្នាំ ណាវី មានបំណង​ចង់​ក្លាយជា​គ្រូបង្រៀន​តាំងតែ​ពី​តូច ក៏មាន​ក្ដី​ប្រាថ្នា​អប់រំ​ក្មេងៗ​ដែលមាន​ពិការភាព ឱ្យ​យល់​ពី​តម្លៃ​នៃ​ការសិក្សា​ផងដែរ​៖«​ខ្ញុំ​ស្រឡាញ់​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ​តាំងពី​នៅ​វិទ្យាល័យ ដូច្នេះ​ខ្ញុំ​ក៏​សួរ​គេ​ថា​គួរតែ​រៀន​មុខវិជ្ជា​ឱ្យ​ដូច​អ្វីដែល​ខ្ញុំ​ស្រឡាញ់​។ ហើយ​ខ្ញុំ​ក៏​ចង់​អប់រំ​ក្មេងៗ​ដែលមាន​ពិការភាព​ដូច​ខ្ញុំ ឱ្យដឹងថា​ការសិក្សា​វា​មាន​ប្រយោជន៍​យ៉ាងណាខ្លះ​។ អ្នកខ្លះ​គាត់​គិតថា​រៀន​ទៅ​មិនដឹងថា​ធ្វើ​អ្វី ដូច្នេះ​ខ្ញុំ​ព្យាយាម​រៀន​ឱ្យបាន​ធ្វើ​គ្រូ ដើម្បីឱ្យ​គាត់​មើលឃើញថា អ្វីដែល​យើង​ខំប្រឹង​វា​មិនមែន​សុទ្ធតែ​បរាជ័យ​ទាំងអស់​ទេ​»​។ 
 
​ដ្បិតតែ​ពិការភ្នែក​ក៏ពិតមែន ប៉ុន្តែ​កញ្ញា ណាវី អាច​ទីពឹង​ខ្លួនឯងបាន​ច្រើន ប្រហែល​នឹង​អ្នក​មិន​ពិការ​ដែរ ដូចជា​កញ្ញា​អាច​ដើរទៅ​សាលាបង្រៀន​ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់​មាន​អ្នក​នាំ​ផ្លូវ​។ អ្នកគ្រូ​រូបនេះ​ពន្យល់​ពី​ស្ថានភាព​ផ្លូវ​ដើរ​ពី​ផ្ទះជួល​ទៅ​សាលារៀន ដោយ​ប្រើ​ម្រាមដៃ​គូរ​ប្លង់​លើ​តុ​អាហារ​បង្ហាញ​ដល់​ខ្ញុំ​ផង​៖«​សាលា​នៅ​ជិត​ផ្ទះជួល អាច​ដើរទៅ​ម្នាក់ឯង​បាន តែ​ពេលខ្លះ​ដើរ​ជាមួយ​គេ​ដែរ​។ វា​មាន​ផ្លូវលំ សាលា​នៅ​ខាង​ណេះ ហើយ​ផ្ទះ​របស់ខ្ញុំ​នៅ​ខាង​នេះ​អ៊ីចឹង​ណា ប៉ុន្តែ​សាលា​បែរមុខ​ទៅ​ផ្លូវ ខាង​នេះ​របង​សាលា ដើរមក​កាច់​បែបនេះ ដើរ​លើ​ខឿន​សាលា​»​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ​កញ្ញា​ថែមទាំង​អាច​ចំអិន​អាហារ​ដោយ​ខ្លួនឯងបាន​ថែមទៀត​ផង​៖«​ចេះ​ដាំបាយ​ធ្វើ​ម្ហូប​បាន​ខ្លួនឯង ដាំ​ហ្គាស​ក៏បាន ដោត​ភ្លើង​ក៏បាន ធ្វើ​ដូច​អ្នក​ភ្លឺ​ធម្មតា​ដែរ ប៉ុន្តែ​ជៀន​មួយ​ខ្ញុំ​មិន​ហ៊ាន​ទេ ដោយសារតែ​ខ្លា​ចវា​ផ្ទុះ​ខ្លាញ់​ត្រូវ ដៃ​ស្នាម​នេះ​ដោយសារ​ការផ្ទុះ​ខ្លាញ់​»​។​
 
​មុន​មាន​សមត្ថភាព​ដូច​សព្វថ្ងៃនេះ កាលពី​អតីតកាល​គ្រួសារ​របស់​នារី​កូន​ទី​២ ក្នុងចំណោម​បងប្អូន​៤​នាក់​រូបនេះ មិនអាច​ស្រមៃ​បានឡើយ​ថា​កូនស្រី​ពិការភ្នែក​តែ​ម្នាក់​អាចមាន​ថ្ងៃនេះ​៖«​គ្រួសារ​គាត់​មិនសូវ​យល់ដឹង យើង​រៀន​ក៏​រៀន​ទៅ យើង​មិន​រៀន​ក៏​ហី​ទៅ គាត់​គិតថា​យើង​មើលមិនឃើញ មិនដឹងថា​ធ្វើ​អ្វី​។ អ្នកដទៃ​ក៏​គេ​ថា​ដែរ តែ​ខ្ញុំ​មិនបាន​និយាយ​អ្វី​ទៅកាន់​គេ​ទេ ខ្ញុំ​គិតតែ​ខំរៀន​ឱ្យបាន​ពូកែ​បាន​ការងារ​ធ្វើ​។ អ្នក​ធ្លាប់​ថា​ពីមុន ឥឡូវ​គេ​និយាយថា​ភ្នែកងងឹត​ចេះ​ធ្វើការ​បាន​ប្រាក់​»​។ 
 

  អ្នក​គ្រូ សៀម ណាវី 

ទោះជា​យ៉ាងណា​ការសិក្សា​ជាមួយ​សិស្ស​ដែលមាន​កាយសម្បទា​គ្រប់គ្រាន់ គឺជា​រឿង​ដែល​ធ្វើឱ្យ​អ្នក​ពិការ​ត្រូវ​មានចិត្ត​អត់ធ្មត់​ខ្ពស់ ហើយ​កញ្ញា ណាវី លើក​យកតែ​ចំណុច​ខ្លះ​ចេញពី​ចំណុច​ដ៏​ច្រើន ដែល​នាង​ធ្លាប់បាន​ជួប​នៅ​ថ្នាក់បឋមសិក្សា និង​វិទ្យាល័យ​៖«​យើង​មិនដែល​ចូល​សាលា ចូល​ដំបូង​វា​យ៉ាប់ យើង​មិន​ដូច​គេ​អ្នក​ធម្មតា​។ ថ្នាក់​ទី​១​និង​ទី​២ ខ្ញុំ​រៀន​តែ​នៅ​សាលា​ពិការភ្នែក​ទេ តែ​នៅ​ថ្នាក់​ទី​៣​ឡើង ខ្ញុំ​ត្រូវ​ទៅ​រៀន​នៅ​សាលា​រដ្ឋ​ជាមួយ​សិស្ស​ធម្មតា​។ វា​លំបាក​ខ្ញុំ​មិន​ស្គាល់​គេ​ទេ ហើយ​ពេល​ពឹង​គេ​ជួយ​អាន​មេរៀន​ឱ្យ ជួនកាល​គេ​មិន​និយាយ​ជាមួយ​ខ្ញុំ បើ​ទោះ​តែ​និយាយ​ជាមួយ​ក៏​វា​យូរ​។ គ្រូ​ក៏​គាត់​មិនសូវ​ដឹង​ច្រើន​ពី​ពិការភាព​របស់​យើង​ដែរ ហើយ​គាត់​ក៏​មិនដឹងថា​ជួយ​ខ្ញុំ យ៉ាងម៉េច​»​។​
 
​បញ្ហា​ស្រដៀង​គ្នា​នេះ​នៅតែ​បន្ត​កើតមាន​ចំពោះ​កញ្ញា ណាវី នៅពេលដែល​នាង​ដាក់ពាក្យ​ស្វែងរក​ការងារ​ធ្វើ​ដំបូង ហើយ​នេះ​ជា​អ្វីដែល​អ្នកគ្រូ​រូប​ស្រស់ មាន​កិរិយា​ស្ងប់ស្ងៀម​រូបនេះ ថា​ជា​ទង្វើ​រើសអើង​ជន​មាន​ពិការភាព​៖«​សូមឱ្យ​មើលឃើញ​សមត្ថភាព គ្រាន់បើ​ជាង​មើលឃើញ​ពិការភាព​របស់​ពួក​ខ្ញុំ​។ បើ​ពួក​ខ្ញុំ​អាចធ្វើ​អ្វី​បាន​គឺ​បាន តែបើ​មិនអាច​ធ្វើ​បានទេ ឱ្យដឹងថា​មិនបាន សូមកុំ​វាយតម្លៃ​មុន​ឱ្យ​សាកល្បង​។ មួយទៀត​សម្ភាសន៍ ពេល​ដល់​ថ្ងៃ​សន្យា​ហើយ ក៏​មិន​ផ្ដល់​ចម្លើយ​ឱ្យ​គ្នា​ថា​បាន​ឬ​មិនបាន ឱ្យ​គ្នា​រង់ចាំ នេះ​គេ​ហៅថា​ការរើសអើង​ដែរ​»​។​
​យ៉ាងណាក៏ដោយ​នារី​កំព្រា​ឪពុក​រូបនេះ មាន​ក្ដី​ប្រាថ្នា​២​ទៅ​ថ្ងៃ​អនាគត​៖«​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹងមាន​ផ្ទះ​ឱ្យ​ម្ដាយ​ខ្ញុំ​ស្រួល ហើយក៏​សង្ឃឹមថា​ខ្ញុំ​នឹងមាន​ផ្ទះ​ខ្លួនឯង​នៅ​ខេត្ត​»៕
 
 

 

Tag:
 សៀម ណាវី​
 ​ ពិការភាព​
 ​ គ្រូបង្រៀន​
© រក្សាសិទ្ធិដោយ thmeythmey.com