ជាតិ
សង្គមជាតិ
លោក គួច ចំរើន ត្រូវ​តែងតាំង​ជា​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ
09, Feb 2020 , 9:30 pm        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
 ​ភ្នំពេញ​៖ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ត្រូវបាន​តែង​តែង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ជំនួស​លោក យន្ត មីន អតីត​អភិបាលខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​។ នេះ​បើតាម​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ចុះ​ថ្ងៃទី​៣០​មករា ឆ្នាំ​២០២០​។​

 
​សេចក្តីសម្រេច​ដដែល ក្រៅពី​ប្រធាន គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ មាន​សមាជិក​ចំនួន​៣៥​រូប​ឲ្យ​ដឹង​ទៀត ដែល​ត្រូវ​ទទួលខុសត្រូវ​លើ​ការរៀបចំ​ផែនការ​សកម្មភាព ឬ​គម្រោង​ផ្សេងៗ ទាក់ទង​នឹង​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​តំបនឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ បញ្ជូនទៅ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដើម្បី​ធ្វើ​សមាហរណកម្ម​ជាមួយ​ខេត្ត​ជាប់​សមុទ្រ​ផ្សេងទៀត​។  គ្រប់គ្រង អភិរក្ស​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ឲ្យ​មាន​ចីរភាព និង​សមធម៌ ក៏ដូចជា​ពិនិត្យ តាមដាន​សកម្មភាព​នានា​ដែល​កើត​មាននៅ​តំបន់ឆ្នេរ និង​ចាត់វិធានការ​ចាំបាច់ ដើម្បី​ទប់ស្កាត់​សកម្មភាព​អសកម្ម​ទាំងឡាយ ដែល​អាច​ប៉ះពាល់​ដល់​បរិស្ថាន និង​ធនធានធម្មជាតិ នៅ​តំបន់​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​។​
 
​ក្រៅពីនេះ គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ត្រូវ​ផ្ដល់យោបល់​ដល់ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា នៅពេល​មាន​សំណើសុំ​វិនិយោគ​ពាក់ព័ន្ធ​លើ​ឆ្នេរសមុទ្រ ឬ​ជុំវិញ​តំបន់​សមុទ្រ និង​ត្រូវធ្វើ​របាយការណ៍​ប្រចាំខែ ប្រចាំត្រីមាស និង​ប្រចាំឆ្នាំ ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​៕ 
 
 
 
 

Tag:
 ព្រះសីហនុ​
  គណៈកម្មាធិការ​ឆ្នេរ​
 ​សមុទ្រ​
  គួច ចំរើន​
 ​យន្ត មីន​
© រក្សាសិទ្ធិដោយ thmeythmey.com