អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូ​រ៉ូ​ណាវី​រុស​៖ នាយករដ្ឋមន្ត្រី​ឡាវ ដាក់​ផែន​ការប្រមូលទិញ​ម៉ាស់​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក និង​ឧបត្ថម្ភ​ឲ្យ​ចិន​
09, Feb 2020 , 9:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ បាន​ណែនាំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​របស់ខ្លួន​ដាក់​ផែនការ​ដើម្បី​ប្រមូល​ទិញ​ម៉ាស់​ពី​ក្នុងស្រុក និង​ក្រៅប្រទេស​ឲ្យ​បាន​ច្រើន ដើម្បី​ធានា​ផ្គត់ផ្គង់​ម៉ាស់​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ការពារ​ប្រជាជន​ពី​ការឆ្លង​កូ​រ៉ូ​ណាវី​រុស​។ បន្ថែម​ពី​ក្រុង​វៀងចន្ទន៍ ក៏​គ្រោង​ផ្តល់ជំនួយ​ជា​ម៉ាស់​មួយចំនួន​ទៅកាន់​ចិន​ផងដែរ​។


​នាយករដ្ឋមន្ត្រី​ឡាវ លោក ថុង​លួ​ន ស៊ី​សូលី​ត នៅ​ថ្ងៃ​៦ កុម្ភៈ បាន​ណែនាំ​ឲ្យ​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម និង​ក្រសួងសុខាភិបាល​របស់​ខ្លួន​មាន​វិធាន​សកម្ម និង​ទាន់ពេល​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូ​រ៉ូ​ណា​វីរុស​ក្នុងប្រទេស​។ លោកនាយក​រដ្ឋមន្ត្រី បាន​ឲ្យ​ក្រសួង​ទាំងពីរ​រៀបចំ​ទិញ​ម៉ាស់​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក ។ នេះ​បើ​យោងតាម​ចុះផ្សាយ​របស់​សារព័ត៌មាន Vientiane Times​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល លោកនាយក​រដ្ឋមន្ត្រី បាន​ក្រើនរម្លឹក​ផង និង​ព្រមាន​ផង​ដល់​ឱសថស្ថាន និង​ហាង​ទំនិញ​ផ្សេងៗ​មិន​ឲ្យ​ឡើង​តម្លៃ​ម៉ាស់ ឬ​សម្ភារ​ផ្សេងៗ​ពាក់ព័ន្ធ​ការការពារ​ពី​វីរុស​ថ្មី​។ លោក បានបញ្ជាក់​ច្បាស់​ផងដែរ​ថា ប្រសិនបើ​ជនណាម្នាក់​ប្រព្រឹត្ត​ផ្ទុយ​នឹង​បម្រាម​នេះ នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ដោយ​រាប់បញ្ចូល​ទាំង​ទោស​ព្រហ្មទណ្ឌ និង​អាច​ឈានដល់​ការបិទ​សិទ្ធិ​ក្នុង​ការបន្ត​អាជីវកម្ម​ផងដែរ​។​
 
​ក្រៅពី​ចំណាត់​ម៉ឺងម៉ាត់​ក្នុងស្រុក​នេះ រដ្ឋាភិបាល​ឡាវ ក៏​គ្រោង​នឹង​បញ្ជូន​ម៉ាស់​ការពារ​មួយចំនួន​ដើម្បី​ជា​ជំនួយ និង​ធនធាន​ផ្នែក​វេជ្ជសាស្ត្រ​ទៅកាន់​ចិន តាម​សមត្ថភាព​ដែល​ឡាវ​អាចធ្វើ​ទៅបាន​ផងដែរ​។ ឡាវ ក៏បាន​កើត​សរសើរ​រដ្ឋាភិបាល​ចិន ដែល​ជូនដំណឹង​ដល់​ឡាវ ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេងទៀត​ពី​វីរុស​ថ្មី​នេះ ដែលជា​លទ្ធផល​ឡាវ អាចមាន​វិធានការ​ទប់ស្កាត់បាន​ទាន់ពេល និង​មាន​ប្រសិទ្ធភាព​។​
 
​យ៉ាងណា ប្រមុខ​រដ្ឋាភិបាល​ឡាវ ក៏បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​ចិន ហើយ​ឡាវ បានបង្ហាញ​ជំនឿ​ចិត្ត​ថា រដ្ឋាភិបាល នឹង​អាច​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​ថ្មី​នេះ​បាន​។​
 
​គួរ​ជម្រាប​ផងដែរ​ថា ឡាវ គឺជា​រដ្ឋ​មួយ​របស់​អាស៊ាន និង​ពិភពលោក ដែល​មិនទាន់មាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​នោះទេ ខណៈ​ប្រទេសជិតខាង​របស់ខ្លួន​រួមមាន​ទាំង​កម្ពុជា វៀតណាម និង​ថៃ​ជាដើម​នោះ មាន​ករណី​ឆ្លង​ជា​បន្តបន្ទាប់​រួចហើយ​៕ 

Tag:
 ឡាវ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com