អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​៖ ទោះ​មី​យ៉ាន់​ម៉ា សហការ​ឬ​មិន​សហការ តុលាការ នៅតែ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​
09, Feb 2020 , 4:30 pm        
រូបភាព
ដោយ:
 
​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) កំពុងតែបន្ត​នីតិវិធី​ដើម្បី​ប្រមូល​ភស្តុតាង​សម្រាប់​ដាក់បន្ទុក និង​កាត់ទោស​អ្នក​នៅ​ពីក្រោយ​នៃ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​របស់​មី​យ៉ាន់​ម៉ា​។ ក្រុមមន្ត្រី​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​ទទួលស្គាល់ថា បេសកកម្ម​ស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​លើ​ករណីនេះ​មាន​បញ្ហា​ប្រឈម និង​ភាពលំបាក​ច្រើន ក៏ប៉ុន្តែ​តុលាការ នៅតែមាន​ជំនឿ​ជាក់​លើ​បទពិសោធន៍​ខ្លួន​ក្នុងការ​ស្វែងរក​យុត្តិធម៌​។​

 
​លោក Phakiso Mochochoko នាយក​ផ្នែក​យុត្តាធិការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ថ្ងៃ​៥ កុម្ភៈ​កន្លងទៅ បាន​ឲ្យ​ដឹងថា ក្រុម​អ្នកស៊ើប​អង្កេត​របស់​តុលាការ បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ជំរំ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែ​ស ដើម្បី​ប្រមូល​ភស្តុតាង​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ លោក អះអាងថា យុត្តិធម៌​នឹងត្រូវ​ផ្តល់ជូន​ជនរងគ្រោះ ទោះបីជា​មី​យ៉ាន់​ម៉ា ព្រម​សហការ ឬ​មិន​សហការ​ក៏ដោយ​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Myanmar Times លោក Mochochoko បាន​គូសបញ្ជាក់ថា ក្រុម​ស៊ើបអង្កេត នឹងធ្វើ​ការ​ដោយ​ប្រុងប្រយ័ត្ន​បំផុត​ក្នុងការ​កំណត់ថា​តើន​រណា​ជា​អ្នករៀបចំ​ផែនការ ជួយ​សម្រួល និង​ប្រព្រឹត្ត​បទល្មើស​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ លោក បង្ហើប​ថា អ្នក​ដែល​ទទួលខុសត្រូវ​លើ​រឿងនេះ អាចជា​ប្រមុខរដ្ឋ ឬ​មនុស្ស​កំពូល​នៅ​មី​យ៉ាន់​ម៉ា​ផង​។ 
​ជុំវិញ​បេសកកម្ម​ស្វែងរក​យុត្តិធម៌​នេះដែរ មន្ត្រីជាន់ខ្ពស់​តុលាការ​រូបនេះ បានទទួល​ស្គាល់​ពី​បញ្ហា​ប្រឈម ដោយសារតែ​ភាគី​មី​យ៉ាន់​ម៉ា​មិន​ព្រម​សហការ​ជាមួយ ក៏ប៉ុន្តែ​លោក អះអាងថា ឆ្លងកាត់​បទពិសោធន៍​កន្លងមក​នៅ​បណ្តា​ប្រទេស​ពីមុន ទោះ​រដ្ឋ​ប្រព្រឹត្ត​បទល្មើស​មិន​ព្រម​អនុញ្ញាត តុលាការ​នៅតែ​អាច​ដំណើរការ និង​កាត់ទោស​ជនល្មើស​បាន​។ 
 
​ជាមួយគ្នានេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក៏បាន​ប្រាប់​ដល់​ភាគី​បង់​ក្លា​ដែ​ស ដោយ​មិនចាំបាច់​ព្រួយបារម្ភ​ខ្លាចក្រែង​ចំណាត់ការ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់ ឬ​រាំងស្ទះ​ដំណើរការ​បញ្ជូន​ជនភៀសខ្លួន​ទាំង​ជាង ៧០​ម៉ឺន​នាក់​នោះ​ទៅ​មី​យ៉ាន់​ម៉ា​នោះទេ​។ លោក អះអាងថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កំពុងតែធ្វើការ​ជាមួយនឹង​តុលាការ​យុត្តិធម៌​អន្តរជាតិ របស់​អង្គការសហប្រជាជាតិ​យ៉ាង​ជិតស្និទ្ធ​លើ​សំណុំ​រឿងនេះ​។​
 
​គួរ​ជម្រាប​ថា មី​យ៉ាន់​ម៉ា មិនមែនជា​ភាគី​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឡើយ ហើយ​តាមច្បាប់​ស្តីពី​លក្ខន្តិកៈ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ តុលាការ គ្មាន​យុត្តាធិការ​ធ្វើការ​ស៊ើប​សង្កេត​លើ​បទល្មើស​ដែល​កើតឡើង​ក្នុង​រដ្ឋ ដែល​មិនមែនជា​ភាគី​ឡើយ​។ ក៏ប៉ុន្តែ​ដោយសារ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា មាន​ជាប់​ពាក់ព័ន្ធ​ការឆ្លង​ដែន​មកកាន់​បង់​ក្លា​ដែ​ស ដែលជា​ភាគី​របស់​តុលាការ ទើប​តុលាការ អាច​ដំណើរការ​រឿងក្តី​នេះ​មកដល់​បច្ចុប្បន្ន​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  បង់​ក្លា​ដែ​ស​
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com