អន្តរជាតិ
ចិន លៃលក​លុយ​ជាង​១០​ពាន់​លាន​ដុល្លារ​ដើម្បី​ទប់ទល់​កូ​រ៉ូ​ណាវី​រុស​
10, Feb 2020 , 3:01 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ក្រសួង​សេដ្ឋកិច្ច​ចិន នៅ​ថ្ងៃទី​៩ ខែកុម្ភៈ បានប្រកាស​ពី​តួលេខ​នៃ​ការបែងចែក​លុយ​លើ​ការប្រយុទ្ធប្រឆាំង​កូ​រ៉ូ​ណាវី​រុស​ដែល​សម្លាប់​មនុស្ស​ជាង​៩០០​នាក់​ទៅហើយ​។ បើតាម​ទិន្នន័យ​របស់​ក្រសួង​សេដ្ឋកិច្ច​ចិន គិត​ត្រឹម​ថ្ងៃទី​៨ ខែកុម្ភៈ លុយ​ចំនួន​ជាង​១០​ពាន់​លាន​ដុល្លារ ត្រូវបាន​លៃលក​ទុក​ដើម្បី​ជួយ​ប្រតិបត្តិការ​ទប់ទល់ និង​គ្រប់គ្រង​កូ​រ៉ូ​ណាវី​រុស​។ ចិន ក៏​គ្រោង​បញ្ចេញ​ប្រមាណ​៤០​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ក្រុមហ៊ុន​ក្នុងស្រុក​។

 
​ក្នុង​សេចក្ដីប្រកាស​លើ​វេ​ប​សាយ​របស់ខ្លួន ក្រសួង​សេដ្ឋកិច្ច​ចិន​អះអាងថា រដ្ឋាភិបាល​គ្រប់​កម្រិត​ទាំងអស់ បាន​ប្រមូល​ទឹកប្រាក់​ចំនួន​៧១,៨៥​ពាន់​លាន​យ័ន ស្មើនឹង​១០,២៦​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ការទប់ស្កាត់​ការ​រាលដាល​កូ​រ៉ូ​ណា​វីរុស​ដែល​ផ្ទុះ​ពីដំបូង​នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​។ ទឹកប្រាក់​ទាំងនេះ នឹងត្រូវ​បែងចែក​ដើម្បី​ធានា ប្រជាជន​នៅតែ​អាច​ទទួលបាន​ការពិនិត្យ និង​ព្យាបាល​ជំងឺ​របស់ខ្លួន​បាន​ដូច​ធម្មតា​អំឡុងពេល​វិបត្តិ​ផ្នែក​សុខាភិបាល​មួយ​នេះ​។​
 
​ជាមួយគ្នានេះ ទឹកប្រាក់​នេះ ក៏​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ឧបត្ថម្ភ​ដល់​ខេត្ត និង​តំបន់​ទាំងអស់ សំដៅ​ធានា​និរន្ត​ភាព​សាច់ប្រាក់ និង​ធានាថា នឹងមិន​មានការ​ខ្វះខាត​លុយ​ដើម្បី​ទប់ទល់​ការ​រាតត្បាត​របស់​កូ​រ៉ូ​ណា​វីរុស​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ខណៈ​មេរោគ​កូ​រ៉ូ​ណា​វីរុស​បន្ត​រាតត្បាត​មិនទាន់​ស្រាកស្រាន្ត​នោះ រដ្ឋាភិបាល​ចិន ក៏​បន្ត​ចាត់វិធានការ​គាំទ្រ​ការរកស៊ី​ក្នុងស្រុក​ដែល​ប្រឈមមុខ​ផលប៉ះពាល់​ផងដែរ​។ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ធនាគារ​ប្រជាជន​ចិន ប្រកាសថា ខ្លួន​នឹង​បញ្ចេញ​លុយ​៣០០​ពាន់​លាន​យ័ន ស្មើនឹង​៤៣​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ក្រុមហ៊ុន​ដែល​រួមចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​កូ​រ៉ូ​ណាវី​រុស​ដែល​បច្ចុប្បន្ននេះ​ធ្វើ​ឲ្យ​ចិន និង​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ឈឺក្បាល​យ៉ាងខ្លាំង​។ 
 
​កញ្ចប់​ដំបូង​នៃ​មូលនិធិ​ពិសេស​នេះ នឹងត្រូវ​បញ្ចេញ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ដែល​ត្រូវ​បញ្ចូល​ទៅក្នុង​ស្ថាប័នហិរញ្ញវត្ថុ​ជាតិ​ដូចជា​ធនាគារ​រដ្ឋ​ជាដើម​។ បន្ទាប់មក ទឹកប្រាក់​ទាំងនេះ អាច​បើកចំហ​ដល់​ក្រុមហ៊ុន​នានា​ដើម្បី​ខ្ចី​ក្នុង​ការងារ​ទប់ស្កាត់ និង​គ្រប់គ្រង​វីរុស​។ ធនាគារ​រដ្ឋ​ចិន​នៅ​ហ៊ូ​ប៉ី ប៉េកាំង និង​សៀង​ហៃ​ជាដើម សុទ្ធតែ​អាច​ទទួលបាន​កញ្ចប់​ពិសេស​នេះ​។ អនុប្រធាន​ធនាគារ​ប្រជាជន​ចិន លោក Liu Guoqiang និយាយថា វិធានការ​នេះ នឹង​ជួយ​ក្រុមហ៊ុន​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​។​
 
​សូមបញ្ជាក់ថា អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ឡើងដល់​នាក់​៩១០​នាក់​ហើយ ពោលគឺ​កើន​លើស​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់ (SARS) និង​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិមបូព៌ា (MERS) ទៅទៀត​។ អ្នកស្លាប់​ស្ទើរតែ​ទាំងអស់​ស្ថិតក្នុង​ប្រទេស​ចិន ជាពិសេស​ក្រុង​វូ​ហាន ទីតាំង​ដែល​ផ្ទុះ​ជំងឺ​ដំបូង​។ ក្រៅពីនោះ មាន​១​ករណី​នៅ​ហ្វីលីពីន និង​១​ករណី​ទៀត​នៅ​ហុងកុង​ដែលជា​តំបន់​រដ្ឋបាល​ពិសេស​។​
 
​លើសពីនេះ អ្នកជំងឺ​បង្កដោយ​កូ​រ៉ូ​ណា​វីរុស​នេះ​ឡើងដល់​ជាង​៤០ ០០០​នាក់ ដោយ​ក្នុងនោះ ខេត្ត​ហ៊ូ​ប៉ី​តែមួយ កើន​ជាង​២៥០០​ករណី​ក្នុង​១​ថ្ងៃ​។ ជាមួយគ្នានេះ អ្នកជំងឺ​ជាង​៣០០០​នាក់ បានជា​សះស្បើយ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ រីឯ​ជាង​៦៣០០​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​៕

Tag:
 ចិន​
  កូ​រ៉​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com