កីឡាអន្តរជាតិ
អន្តរជាតិ
Inter វាយបកយកឈ្នះ AC Milan ៤-២ ឡើងឈរកំពូលតារាង Serie A រូបភាព៖ ហ្វេសប៊ុកផេកក្រុម Inter Milan
× Inter Milan បានវាយបកយ៉ាងល្អនៅតង់ទី២ដើម្បីយកឈ្នះ AC Milan ក្នុងលទ្ធផល ៤-២ វិញ បន្ទាប់ពីត្រូវបាននាំមុខដល់ទៅ ២គ្រាប់នៅតង់ទី១។ ជ័យជម្នះនេះ បានជួយក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Antonio Conte ឡើងឈរនៅកំពូលតារាង Serie A បណ្តោះអាសន្ន។
នាជំនួបក្នុងកីឡដ្ឋាន Giuseppe Meazza នៅរាត្រីថ្ងៃទី៩ ខែកុម្ភៈ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង ៧៥០០០នាក់ ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានបង្កើតភាពភ្ញាក់ផ្អើលដោយបង្កើតឱកាសរកគ្រាប់ឲ្យ AC Milan ដោយតែតបាល់បញ្ជូនឲ្យដៃគូ Ante Rebic សម្រេចគ្រាប់ទី១នៅនាទី៤០ មុនពេលតែតបញ្ចូលទីដោយខ្លួនឯងនៅ៥នាទីបន្ទាប់ ពោលគឺមុនបញ្ចប់ការប្រកួតវគ្គទី១។
ចូលដល់វគ្គទី២ ខណៈរបូតដល់ទៅ២គ្រាប់ទៅហើយនោះ ក្រុមម្ចាស់ផ្ទះ Inter បានបើកការវាយសម្រុកយ៉ាងខ្លាំងក្លារហូតសម្រេចមួយគ្រាប់វិញនៅនាទី៥១ ដែលធ្វើបានដោយខ្សែបម្រើ Marcelo Brozovic។ ត្រឹមតែ២នាទីបន្ទាប់ទៀត ខ្សែបម្រើ Matias Vecino បានបន្ថែមគ្រាប់បាល់តាមស្មើឲ្យ Inter។
គ្រាប់តាមស្មើនៅមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់ក្រុមលោក Conte។ កីឡាករ Stefan de Vrij បានតែតបាល់បញ្ចូលទីគ្រាប់ទី៣សម្រាប់ Inter ដើម្បីនាំមុខ AC Milan វិញនៅនាទី៧០ មុនពេលខ្សែប្រយុទ្ធ Romelu Lukaku ស៊ុត១គ្រាប់ទៀតនៅចុងម៉ោង។ ចប់ការប្រកួត Inter Milan ឈ្នះ AC Milan ដោយលទ្ធផល ៤-២។
ក្រោយទទួលបាន៣ពិន្ទុបន្ថែមក្នុងជំនួបសប្តាហ៍ទី២៣ Inter បានហក់ឡើងទៅឈរកំពូលតារាងលីគកំពូលអ៊ីតាលីវិញដោយរកបាន៥៤ពិន្ទុ ស្មើគ្នាជាមួយ Juventus ធ្លាក់មកលេង២ ដ្បិតមានសំណល់គ្រាប់ស៊ុតតិចជាង។
ក្រៅពី Inter និង Juvetus ក្រុម Lazio ក៏ជាបេក្ខភាពសំខាន់ក្នុងការចូលរួមប្រជែងពាន Serie A រដូវកាលនេះផងដែរ។ Lazio ជាក្រុមបង្ហាញភាពលេចធ្លោក្នុងចំណោមក្រុមខ្លាំងៗដោយរកបាន៥៣ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងតែ១ពិន្ទុប៉ុណ្ណោះ។
ដោយឡែក Genoa, Brescia និង SPAL ជាក្រុមដែលស្ថិតនៅតំបន់ត្រូវកាត់ចោល៕
© រក្សាសិទ្ធិដោយ thmeythmey.com