ជាតិ
ក្រសួង​អប់រំ ប្រាប់​ឱ្យ​ពលរដ្ឋ​រាយការណ៍​ទៅ​ក្រសួង បើ​រកឃើញ​គ្រូបង្រៀន​ណា ដែល​យកលុយ​សិស្ស​ក្នុង​ម៉ោង​សិក្សា​
10, Feb 2020 , 4:22 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា
រូបពីហ្វេសប៊ុកលោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា
​ភ្នំពេញ​៖ ពលរដ្ឋ និង​អាណាព្យាបាល​សិស្ស អាច​រាយការណ៍​ទៅ​ក្រសួង​អប់រំ​ភ្លាម បើសិនជា​រកឃើញថា​គ្រូបង្រៀន​រូប​ណា ដែល​ប្រមូល​លុយ​សិស្ស​នៅក្នុង​ម៉ោង​សិក្សា​។ ក្រសួង​អប់រំ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​


 
​លោក ឌី ខាំ​បូ​លី បាន​បញ្ជាក់ថា ក្រសួង​អប់រំ គ្មាន​គោលការណ៍​ឱ្យ​គ្រូបង្រៀន​យកលុយ​ពី​សិស្ស​នៅក្នុង​ម៉ោង​សិក្សា​នោះទេ ដូច្នេះ​បើសិន​ជាមាន​ករណីបែបនេះ​កើតឡើង ក្រសួង​នឹង​ចាត់​វិធាន​វិន័យ​តាមច្បាប់​។ ថ្លែង​ក្នុង​សន្និសីទកាសែត ស្តីពី​«​បច្ចុប្បន្ន និង​វឌ្ឍនភាព​ការងារ​របស់​ក្រសួង​អប់រំ​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១០ កុម្ភៈ អ្នកនាំពាក្យ​រូបនេះ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ក្នុងករណី​មួយចំនួន យើង​លេចឮ​នូវ​ព័ត៌មាន​១ ឬក៏​២ នៅ​សាលា​នេះ ឬ​នៅ​សាលា​នោះ បើសិន​មាន​ព័ត៌មាន​បែប​ហ្នឹង គឺ​សុំ​សហការ ជួយផ្ដល់​ព័ត៌មាន​តាម​រយៈ​ខ្ញុំ​ផ្ទាល់​ក៏បាន តាមរយៈ​ក្រុម​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ក៏បាន​»​។​



 
​បើតាម​លោក ឌី ខាំ​បូ​លី បុគ្គលិក​អប់រំ​បច្ចុប្បន្ន​មាន​ជាង​១២​ម៉ឺន​នាក់​។​
 
​កាលពី​ខែសីហា ឆ្នាំ​២០១៩ ក្រសួង​អប់រំ បាន​ចាត់វិធានការ​ផ្ទេរ​ភារកិច្ច​គ្រូបង្រៀន​ម្នាក់ ដែល​បាន​ប្រមូល​លុយ​ពី​សិស្ស នៅក្នុង​ថ្នាក់រៀន​នៃ​សាលាបឋមសិក្សា​ភូមិ​ឫស្សី ក្នុង​ខណ្ឌមានជ័យ  ទៅ​បម្រើ​ការងារ​នៅ​ទីចាត់ការ​សាលារៀន​វិញ​។ ចំណែក​ភារកិច្ច​បង្រៀន​របស់​អ្នកគ្រូ​ដែល​ប្រព្រឹត្ត​ខុស​គោលការណ៍​អប់រំ​នេះ ត្រូវដាក់​គ្រូ​ផ្សេង​មក​បង្រៀន​ជំនួស ដើម្បី​បន្ត​និរន្ត​ភាព​សិក្សា​របស់​សិស្ស​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​អប់រំ បាន​សរសេរ​ដូច្នេះ​ថា​៖«​ប្រគល់​ភារកិច្ច​ដល់​ការិយាល័យ​អប់រំ យុវជន និង​កីឡា ខណ្ឌមានជ័យ និង​គណៈ​គ្រប់គ្រង​សាលា ប្រជុំ​ណែនាំ​ឲ្យ​បាន​ម៉ឺង​ម៉ា​តដល់​លោកគ្រូ​-​អ្នកគ្រូ​ទាំងអស់ ដើម្បី​គោរព​ច្បាប់​ស្តីពី​ការអប់រំ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន​»៕

Tag:
 ឌី ខាំ​បូ​លី​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com