រថយន្ត
អន្តរជាតិ
អូស្ត្រាលី៖ អ្នកបើករថយន្តដែលបោះកន្ទុយបារីតាមផ្លូវ ប្រឈមពិន័យជាង៧៣០០ដុល្លារអាមេរិក
× អ្នកបើកបររថយន្តនៅក្នុងរដ្ឋ New South Wales ប្រទេសអូស្ត្រាលី នឹងរកការពិន័យជាងទឹកប្រាក់១១ ០០០ដុល្លារអូស្ត្រាលី (ជាង៧៣០០ដុល្លារអាមេរិក) ប្រសិនបើពួកគេត្រូវបានគេតាមទាន់នៅពេលបោះកន្ទុយបារីចោលតាមផ្លូវ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអូស្ត្រាលី AAP។
ប្រាប់ថ្មីនៅរដ្ឋ NSW ទើបតែចូលជាធរមានកាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២០ កន្លងមក ដោយមិនមែនអនុវត្តតែលើអ្នកបើកបរនោះឡើយ អ្នកធ្វើដំណើរក៏ត្រូវរងការពិន័យផងដែរ ក្នុងករណីពួកគេបោះកន្ទុយបារីចោលផ្តេសផ្តាស់តាមផ្លូវ។
តាមច្បាប់ អ្នកបើកបរដែលប្រព្រឹត្តខុស ប្រឈមដកពិន្ទុចំនួន១០ពីបណ្ណបើកបរ ហើយត្រូវរងពិន័យជាទឹកប្រាក់ជាង៧៣០០០ដុល្លារអាមេរិក។ ពួកគេក៏ត្រូវប្រឈមផ្លូវច្បាប់ផ្សេងៗផងដែរ ប្រសិនបើទង្វើរបស់ពួកគេបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ដូចជាករណីបង្កឲ្យមានអគ្គិភ័យជាដើម។
រដ្ឋាភិបាលនៅរដ្ឋ NSW ចាប់ផ្តើមដាក់វិធានការក្តៅលើករណីនេះ ខណៈដែលអូស្ត្រាលីទាំងមូលរងគ្រោះយ៉ាងខ្លាំងដោយសារភ្លើងឆេះព្រៃ ហើយសម្លាប់មនុស្សអស់ប្រមាណ២៨នាក់រួចទៅហើយ។ អ្នកដំណើរក៏ប្រឈមការពិន័យផងដែរជាទឹកប្រាក់ជាង៤៤០ដុល្លារមេរិក ក្នុងករណីពួកគេទុកចោលបារីនៅលើផ្លូវ ហើយការពិន័យនេះ ក៏នឹងត្រូវកើនឡើងទ្វេរផងដែរ។
កាលពីឆ្នាំ២០១៩ កន្លងមក រដ្ឋ NSW បានរកឃើញមនុស្សជាង២០០នាក់ ដែលបោះកន្ទុយបារីចោលតាមផ្លូវ។ លោក David Elliott រដ្ឋមន្ត្រីទទួលបន្ទុកការងារប៉ូលិស និងសេវាកម្មបន្ទាន់ បាននិយាយថា នេះជាលើកដំបូងផងដែរដែលរដ្ឋ NSW មានច្បាប់ដាក់ពិន័យដកពិន្ទុបណ្ណបើកបរ និងទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់យ៉ាងដូច្នេះ។
អាជ្ញាធរក៏បានស្នើទៅពលរដ្ឋឲ្យជួយសហការផ្តល់ព័ត៌មាននៅពេលដែលពួកគេឃើញករណីបោះកន្ទុយបារីចោលតាមផ្លូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com