ការចំណាយលើដំណើរការកម្មវិធីប្រណាំងរថយន្តពិភពលោក Formula One ក្រុមចូលរួមនីមួយៗបានកើនឡើងរហូតដល់ ១០០០ ភាគរយក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយ។ នេះបើយោងតាមការវិភាគក្នុងរបាយការណ៍ដែលចេញដោយក្រុមហ៊ុនហិរញ្ញវត្ថុចំនួនពីរ។
ស្ថាប័នប្រណាំងរថយន្ត F1 មិនបានកំណត់ការចំណាយរបស់ក្រុមចូលរួមនោះទេចាប់តាំងពីបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៥០មក ក៏ប៉ុន្តែនឹងត្រូវផ្លាស់ប្តូរវិញ។ នៅឆ្នាំនេះ F1 នឹងណែនាំកញ្ចប់ថវិកាដែលដាក់កម្រិតក្រុមលើការចំណាយដល់ទៅ ១៧៥លានដុល្លារអាមេរិក។
ការកំណត់ចំនួនប្រាក់ចំណាយសម្រាប់ក្រុមនីមួយៗបែបនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការចំណាយលើក្រុមកំពូលៗក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តកម្រិតពិភពលោកនេះ ខណៈដែលពួកគេមិនធ្លាប់បានត្រួតពិនិត្យអស់រយៈពេលជាច្រើនទសវត្សមកហើយ។ ក្រុមនីមួយៗភាគច្រើនសុទ្ធតែមានម្ចាស់ ឬមានអ្នកគាំទ្រពីក្រោយដែលជាមហាសេដ្ឋី និងក្រុមហ៊ុនសាជីវកម្មដែលមានទ្រព្យច្រើន ដើម្បីជំរុញឱកាសសម្រាប់ក្រុមពួកគេឈ្នះក្នុងការប្រកួត។
មួយវិញទៀត ចំណាត់ការនេះក៏បានកែសម្រួលថវិកាប្រចាំឆ្នាំរបស់ក្រុមកំពូលៗដល់ទៅជាង ៥០០លានដុល្លារអាមេរិកផងដែរ ស្របពេលប្រតិបត្តិការការចំណាយរបស់ពួកគេមានប្រហែល ២៥% នៃចំនួននេះប៉ុណ្ណោះ។ វិធានការនេះក៏ដើម្បីកាត់បន្ថយការចំណាយលើសពីលទ្ធភាពរបស់ក្រុម ដោយពួកគេត្រូវបន្ថែមប្រាក់ចំណូលជាមួយនឹងបំណុល។ ការទូទាត់ការប្រាក់ អាចធ្វើឲ្យក្រុមមួយចំនួនឈានដល់ដំណាក់កាលយ៉ាប់យ៉ឺន ហើយក្នុងរយៈពេល១០ឆ្នាំចុងក្រោយ មានក្រុមចំនួនបួនហើយបានធ្លាក់ចេញពីក្របខណ្ឌ F1 ដោយសារបំណុល។
ការកើនឡើងនៃការចំណាយ គឺស្តែងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមប្រណាំង Williams និង McLaren។ ចំណែកក្រុមប្រណាំង Ferrari និង Mercedes ដែលជាក្រុមមានវ័យចំណាស់ជាងក្រុមដទៃ មិនមានរបាយការណ៍ហិរញ្ញវត្ថុដែលអាចផ្សាយជាសាធារណៈទេ។
ដោយមានការឧបត្ថម្ភពីក្រុមហ៊ុន Shell និងថ្នាំជក់ Marlboro ក្រុមប្រណាំង McLaren មានប្រាក់ចំណូល ២៨,៩ លានដុល្លារ ក្នុងឆ្នាំ ១៩៩០ នៅពេលដែលវាឈ្នះពានរង្វាន់ F1 នៅឆ្នាំនោះ។ ក្នុងនោះពួកគេចំណាយអស់ ២៦,៧លានដុល្លារ ដោយសល់ប្រាក់ចំណេញ ១,៤លានដុល្លារ។ ដោយឡែក Williams រកបានចំណូលត្រឹមតែ ១៩,៧ លាន និងចំណាយវិញអស់ ១៩,២លានដុល្លារ ដោយស្ថិតនៅលេខរៀងទីពីរបន្ទាប់ពី McLaren។
របាយការណ៍ហិរញ្ញវត្ថុចុងក្រោយក្នុងឆ្នាំ២០១៨ បង្ហាញថា McLaren បានកើនការចំណាយរហូតដល់ ៣០៥ លានដុល្លារ ដែលខ្ពស់ជាងការចំណាយក្នុងឆ្នាំ១៩៩០ ដល់ទៅ ១,០៤៥ ភាគរយ។ ក្រុម McLaren សព្វថ្ងៃមានម្ចាស់ជាសេដ្ឋីជនជាតិអារ៉ាប៊ីសាអូឌីត Mansour Ojjeh ជាមួយមូលនិធិទ្រព្យសម្បត្តិ Mumtalakat របស់បារ៉ែន៕