ជាតិ
សង្គមជាតិ
លោក ហេង សួរ ៖​កម្មករ​រោងចក្រ អាច​ត្រូវ​ព្យួរការងារ​នៅ​ខែមីនា ដោយសារ​ចិន​ផ្អាក​ការផ្គត់ផ្គង់​វត្ថុធាតុដើម
10, Feb 2020 , 9:59 pm        
រូបភាព
កម្មករ កម្មការិនីរោង​ចក្រ​កំពុងតែ​ទិញ​ម្ហូបអាហារសម្រាប់បរិភោគនៅ​ពេល​ថ្ងៃ ក្រោយពីសម្រាកពីការងារ
កម្មករ កម្មការិនីរោង​ចក្រ​កំពុងតែ​ទិញ​ម្ហូបអាហារសម្រាប់បរិភោគនៅ​ពេល​ថ្ងៃ ក្រោយពីសម្រាកពីការងារ
ដោយ:
​ភ្នំពេញ​៖ កម្មករ​រោងចក្រ​មួយចំនួន នឹងត្រូវ​ប្រឈមមុខ​ព្យួរការងារ​នៅ​អំឡុង​ខែមីនា​ខាងមុខ ដោយសារ​ចិន​បិទ​រោងចក្រ​ផ្គត់ផ្គង់​វត្ថុធាតុដើម​មក​កម្ពុជា ព្រោះ​បញ្ហា​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​កំពុង​រាតត្បាត​នៅ​ប្រទេស​ចិន​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។


 
​លោក ហេង សួរ បាន​បញ្ជាក់ថា បញ្ហា​វីរុស​នៅ​ប្រទេស​ចិន​មិនទាន់​ធូរស្បើយ ដូច្នេះ​ភាគី​រោងចក្រ​ចិន មិនអាច​នាំចេញ និង​នាំចូល​ផលិតផល​ទៅ​ទូទាំងប្រទេស​បាន​នៅឡើយ ជាពិសេស​វត្ថុធាតុដើម​។ បើតាម​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វី​ជ្ជា​ជីវៈ​រូបនេះ ចិន​ជា​ប្រទេស​ដ៏​ធំ​ដែល​អាច​ផលិត និង​ផ្គត់ផ្គង់​វត្ថុធាតុដើម​ដូចជា ក្រណាត់ ដែល​នាំ​ចូលមក​កម្ពុជា និង​បណ្តា​ប្រទេស​ដទៃទៀត​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ហេង សួរ បាន​និយាយ​ដូច្នេះ​ថា​៖«​នៅ​ប្រទេស​កូរ៉េ ជប៉ុន វៀតណាម និង​បណ្តា​ប្រទេស​ដទៃទៀត​កំពុងតែ​ប្រឈម​នឹងខ្វះ​វត្ថុធាតុដើម​សម្រាប់​លក់ និង​ផលិត​បន្តទៀត ហើយ​កម្ពុជា​ក៏​ជួប​បញ្ហា​នេះ​ផងដែរ​។ អ៊ីចឹង​ហើយ​បាន​ជាមាន​រោងចក្រ​នៅ​កម្ពុជា​មួយចំនួន​សម្តែង​ការបារម្ភ ហើយ​ព្យាយាម​ទាក់ទង​ទៅ​ប្រទេស​ចិន​ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​»​។​
 
​ត្រង់ចំណុច​នេះ​លោក ហេង សួរ បាន​សង្កត់ធ្ងន់ថា ក្នុងចំណោម​រោងចក្រ​កាត់ដេរ​ជាង​១២០០​នៅ​កម្ពុជា នឹងមាន​រោងចក្រ​មួយចំនួន អាច​ផ្អាក​ដំណើរ​ការផលិត​ជា​បណ្តោះអាសន្ន និង​ព្យួរការងារ​របស់​កម្ម​ករ​មួយរយៈ​សិន ដោយសារ​ខ្វះខាត​វត្ថុធាតុដើម​សម្រាប់​យកទៅ​ផលិត​ជា​សំលៀកបំពាក់​។ «​នៅ​ពាក់កណ្តាល​ខែមីនា និង​ចុងខែ​មីនា​ខាងមុខនេះ អាច​នឹងមាន​រោងចក្រ​មួយចំនួន​សុំ​ព្យួរការងារ​កម្មករ​ចំនួន​៣​ពាន់​នាក់ មួយរយៈ​សិន ទម្រាំ​តែ​ក្រុមហ៊ុន​ចិន​បើក​ដំណើរការ​នាំចូល​វិញ​»​។ នេះ​ជាការ​អះអាង​របស់លោក ហេង សួរ​។​
 
​ទាំង​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​លោក សោម អូន ប្រធានសភា​ស​ម្ព័​ន្ឋ​សហជីព​ជាតិ​កម្ពុជា និង​ប្រធាន​សហ​ព័​ន្ឋ​សហជីព​ជាតិ​កម្ពុជា សុទ្ធតែ​យល់ឃើញថា ការព្យួរ​ការងារ​រប​ស់កម្មករ​នេះ ជា​ក្តីកង្វល់​របស់​កម្ពុជា​ដែល​អាច​ឲ្យ​រោងចក្រ​ខាតបង់ ហើយ​កម្មករ​រោងចក្រ​ក៏ត្រូវ​បាត់បង់​ចំណូល​ក្នុង​មួយរយៈ​សិន​ដែរ​។  
 
​បើតាម​លោក សោម អូន ការព្យួរ​ការងារ​រប​ស់កម្មករ​នេះ គឺ​ម្ចាស់​រោងចក្រ​ជា​អ្នកទទួល​រ៉ាប់រង​លើ​ការ​ស្នាក់នៅ និង​ការហូបចុក​របស់​កម្ម​ករ​។ ប្រធាន​សហ​ព័​ន្ឋ​សហជីព​ជាតិ​កម្ពុជា​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​នៅក្នុង​គោលការណ៍​ច្បាប់ កាលណា​ព្យួរការងារ​តែងតែមាន​ការជជែក​គ្នា​ជាមួយ​ក្រុមហ៊ុន និង​កម្មករ​ជាមុនសិន​។ ជារួម​ក៏ត្រូវ​មានការ​ជជែក​គ្នា ដោយ​អាស្រ័យ​លើ​រោងចក្រ​នីមួយៗ​មានការ​ដោះស្រាយ​បែបណា​សម្រាប់​កម្មករ​។ ប៉ុន្តែ​ក៏ត្រូវ​មានការ​ផ្តល់​ខ្លះ​ដែរ មិនមែន​ថា​អត់​ទេ​»​។ 
 
​លោក សោម អូន បាន​បញ្ជាក់ថា វិស័យ​កាត់ដេរ​នៅ​កម្ពុជា ប្រឈមមុខ​នឹង​បញ្ហា​ច្រើនជាង រោងចក្រ​ផលិត​ស្បែកជើង និង​ផលិត​កាបូប​ជាដើម​។ ក្នុងន័យនេះ​លោក សោម អូន បាន​សង្កត់ធ្ងន់ថា ដើម្បី​ដោះស្រាយ​បញ្ហា ដែល​កម្ពុជា​នឹង​ជួបប្រទះ​នេះ ទាល់តែ​កម្ពុ​ជាមាន​សមត្ថភាព​ដាំ​កប្បាស សម្រាប់​ផ្គត់ផ្គង់​ដល់​ការផលិត​សំលៀកបំពាក់​ផ្សេងៗ​បាន​។ 
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ី​ផាន បាន​សង្កត់ធ្ងន់ថា បញ្ហា​ផ្អាក​ការងារ​នៅតាម​រោងចក្រ​នេះ មិនមែន​កើតឡើង​តែ​ចំពោះ​កម្ពុ​ជាមួយ​នោះទេ ពោល​គឺជា​បញ្ហា​ប្រឈម​របស់​ប្រទេស​ជុំវិញ​ពិភពលោក​។​លោក ផៃ ស៊ី​ផាន ក៏​មិនអាច​បញ្ជាក់​ឱ្យ​ច្បាស់​ថា បណ្ដា​រោងចក្រ​នៅ​កម្ពុជា​នឹងរង​ផលប៉ះពាល់​កម្រិតណា ដោយសារតែ​រោងចក្រ​ចិន​ផ្អាក​ដំណើរការ និង​បិទទ្វារ​ផ្គត់ផ្គង់​នេះ​ទេ​។ 
 
​សំលៀកបំពាក់​ដែល​កម្ពុជា​ផលិត​បាន ភាគច្រើន​នាំចេញ​ទៅ​ប្រទេស​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប កាណាដា ជប៉ុន និង​ប្រទេស​មួយចំនួនទៀត​។​
 
​គិត​ត្រឹម​ថ្ងៃទី​១០ កុម្ភៈ​នេះ តួលេខ​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​នៃ​កូ​រ៉ូ​ណាវី​រុស បាន​កើន​ឡើងដល់​ជាង​៩០០​នាក់ ខណៈ​អ្នកជំងឺ​ឡើងដល់​ជាង​៤០ ០០០​នាក់ ដោយ​ក្នុងនោះ ខេត្ត Hubei តែមួយ កើន​ជាង​២៥០០​ករណី​ក្នុង​១​ថ្ងៃ​។ ជាមួយគ្នានេះ អ្នកជំងឺ​ជាង​៣០០០​នាក់ បានជា​សះស្បើយ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ រីឯ​ជាង​៦៣០០​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​
 
​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៤​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ជប៉ុន (​បញ្ចូល​ទាំង​អ្នកជំងឺ​នៅលើ​នាវា​ទេសចរណ៍ Diamond Princess) សិង្ហ​បុរី ថៃ កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេ​ស្ប៉ា​ញ និង​បែលហ្ស៊ិក​៕

Tag:
 ក្រសួង​ការងារ​
 ​រោងចក្រ​
 ​ក្រណាត់​
 ​កម្មករ​
 ​វីរុស​កូ​រ៉ូ​ណា
© រក្សាសិទ្ធិដោយ thmeythmey.com