ONE Championship
កីឡាជាតិ
ជាតិ
ជើង​ខ្លាំង​ដែល​ឈ្នះ​នៅ ONE: WARRIOR’S CODE អាច​ជួប​អ្នកណា​ទៀត​?
11, Feb 2020 , 7:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​ក្នុង​កម្មវិធី ONE: WARRIOR’S CODE បានផ្ដល់​ភាព​ជក់ចិត្ត​យ៉ាងខ្លាំង​ដល់​ទស្សនិកជន​នៅ​សង្វៀន Istora Senayan នា​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​៧ កុម្ភៈ​។ ជាមួយគ្នា​នោះ​កីឡាករ​ម្ចាស់​ខ្សែក្រវាត់​ថ្មី​ត្រូវបាន​បង្ហាញមុខ ខណៈដែល​អ្នកលេង​គុន​ចម្រុះ​ជាច្រើន​បាន​បង្កើត​កំណត់ត្រា​គួរ​ឲ្យ​ចាប់អារម្មណ៍​។


 
​ខាងក្រោម​ជា​កីឡាករ​កីឡាការិនី​កំពូល ៥ នាក់ ដែល​អាច​នឹង​ជួប​អ្នកមាន​សមត្ថភាព​បន្តទៅ​ថ្ងៃមុខ​។ 
 
Petchmorakot Petchyindee Academy

​មានការ​ផ្លាស់ប្ដូរ​គូប្រកួត​ជាច្រើន​ក្នុង​រយៈពេល ១ សប្ដាហ៍​កន្លងមក  Petchmorakot Petchyindee Academy  បាន​បង្កើត​ការប្រកួត​ដ៏​ជក់ចិត្ត​ពេល​គ្រង​តំណែង​ខ្សែក្រវាត់ ONE Featherweight Muay Thai World Championship ដែល​ទើប​ដាក់​ឲ្យ​សម្ពោធ​ប្រកួត​នេះ​។ បន្ទាប់ពី​យក​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ Pongsiri PK.Saenchaimuaythaigym  តារា​មួយ​ថៃ​ខាងលើ​បាន​ថ្លែងថា​រូបគេ​ត្រៀម​រួចរាល់​ហើយ​ទោះ​ការប្រកួត​ប៉ះ​អ្នកណា​ក៏ដោយ​ដើម្បី​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​។ Jamal “Kherow” Yusupov ដែលជា​គូប្រជែង​ត្រូវ​ប៉ះគ្នា​ដំបូង​ហើយ​ក្រោយមក​ប្ដូរ​ទៅវិញ និង ធ្លាប់​វ៉ៃ “The Boxing Computer” Yodsanklai IWE Fairtex ឲ្យ​សន្លប់​នោះ​នៅតែ​ជា​ដៃគូ​ប្រជែង​ដ៏​សំខាន់​សម្រាប់ Petchmorakot នា​ថ្ងៃ​ណាមួយ​។  Petchmorakot មាន​ជំនាញ​ទាត់ កែវ និង ជង្គង់​ហោះ​ប្រកបដោយ​គ្រោះថ្នាក់​ដល់​គូប្រជែង ប៉ុន្តែ Yusupov សញ្ជាតិ​រុស្សី​មាន​ជំនាញ​កណ្ដាប់ដៃ​គួរ​ឲ្យ​ភ័យខ្លាច​។ 
 
Reinier De Ridder

Reinier De Ridder ឬ គេ​ស្គាល់​ថា “The Dutch Knight” ទទួលបាន​កៅអី​ទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Middleweight World Title បន្ទាប់ពី​ទទួល​ជ័យជម្នះ​លើ កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល  Leandro “Wolf” Ataides ក្នុងការ​ប្រកួត​គូ​ឯក​រង​។ គូប្រកួត​របស់គេ​ត្រូវបាន​ផ្គូផ្គង​រួចទៅហើយ គឺ ម្ចាស់​ខ្សែក្រវាត់​ពីរ​ស្ថាប័ន​កម្រិត​ពិភពលោក Aung La N Sang ឬ រហស្សនាម “The Burmese Python” ។ កីឡាករ​សញ្ជាតិ​ហូ​ឡង់​សន្យា​ផ្ដួល​វីរបុរស​មី​យ៉ាន់​ម៉ា​ឲ្យ​ខាងតែបាន​តាមរយៈ​ការផ្ដល់​បទសម្ភាសន៍​។ 
 
De Ridder បាន​ប្រើ​ជំនាញ​កណ្ដាប់ដៃ​ផ្ដល់​ឲ្យ​គូប្រជែង Ataides ដើម្បី​យកឈ្នះ​ពិន្ទុ​ក្នុង​គោលបំណង​បាន​ឱកាសល្អ​ប៉ះ The Burmese Python​។ ក្នុងនោះ​រូបគេ​បានបង្ហាញ​ការប្រកួត​លើ​ក្ដារ​រេញ​បាន​យ៉ាង​ល្អ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ដណ្ដើម​ខ្សែក្រវាត់​។ កីឡាករ​សញ្ជាតិ​ហូ​ឡង់​ដែល​មិនទាន់​ចាញ់​សោះ​ក្នុង​អាជីព គឺជា​បេក្ខភាព​សក្ដិសម​បំផុត​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​កម្រិត​កំពូល​ពី​កីឡា​ករមី​យ៉ាន់​ម៉ា​។ 
 
Iuri Lapicus



Iuri Lapicus គេ​ជា​កំពូល​កីឡាករ​ដ៏​ខ្លាំង​ម្នាក់​លំដាប់​ពិភពលោក​មកពី ម៉ុ​ល​ដូ​វ៉ា ដែល​អាច​ឃ្លេ​ក​ពីក្រោយ​បញ្ចប់ Marat “Cobra” Gafurov ត្រឹម ៦៧ វិនាទី​ប៉ុណ្ណោះ​។ រូបគេ​អាច​បំបាក់ អតីត​ម្ចាស់​ខ្សែក្រវាត់ ONE World Champion មិន​ដល់​មួយ​ទឹក​នោះឡើយ​។  កីឡាករ​ម៉ុ​ល​ដូ​វ៉ា រូបនេះ​មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ឡើយ​ក្នុង​ទម្ងន់ lightweight ហើយ​កីឡាករ​រុស្សី Timofey Nastyukhin ទំនងជា​ដៃគូ​អាច​ប៉ះគ្នា​បាន​។  Nastyukhin មិនទាន់បាន​បង្ហាញខ្លួន​តាំងពី​យកឈ្នះ Eddie “The Underground King” Alvarez កាល​ខែ មីនា ឆ្នាំមុន ប៉ុន្តែ​ក្បាច់​សម្លាប់​ដោយ​កម្លាំង​ដៃ​មហា​ទម្ងន់ និង ចិត្ត​ចង់​ឈ្នះ​ខ្លាំងក្លា​ពិតជា​ដៃគូ​ដែល​ទំនង​ជួប​កីឡាករ​មិន​ធ្លាប់​ចាញ់​សញ្ជាតិ​ម៉ុ​ល​ដូ​វ៉ា ខាងលើ​។ Lapicus ទទួលបាន​ជ័យជម្នះ​ជា​ហូរហែ ហើយ​គេ​សន្យា​ផ្ដួល​កីឡាករ​រុស្សី​ទៀត​បើសិន​ប៉ះគ្នា​។ 
 
Itsuki Hirata



​កីឡាការិនី​ជប៉ុន Itsuki Hirata ឬ “Strong Heart Fighter” ទទួល​ជ័យជម្នះ​៣​លើក​ជាប់​គ្នា​នៅ​សង្វៀន​អន្តរជាតិ ONE ពេល​រូបគេ​គ្រប់គ្រង​ស្ថានភាព​បានល្អ និង​បញ្ចប់ Nyrene “Neutron Bomb” Crowley នៅ​ក្រុង​ហ្សា​កាតា​។ កីឡាការិនី​សញ្ជាតិ​ជប៉ុន​វ័យ ២០ ឆ្នាំ​ដែល​មិនទាន់​ស្គាល់​ពាក្យ​ចាញ់​រូបនេះ​អាចឈាន​ដល់​កម្រិត​ខ្ពស់​មួយទៀត ហើយ​ទំនង​ជួប​វីរ​កីឡាការិនី​ឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol ទៅ​ថ្ងៃមុខ​។ កីឡាការិនី​ជំនាញ វូ​ស៊ូ និង ជំនាញ​ចាប់​បោក​ផង​នោះ​មកពី​ឥណ្ឌូណេស៊ី​នឹង​តេស្ត​សមត្ថភាព​ទល់ “Strong Heart Fighter” នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​។  ជាមួយគ្នា​នោះ បើសិន​ជួបគ្នា​មែន រូបគេ​អាច​នឹង​ត្រៀម​រួចរាល់​ថា​អាច​ទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Women’s Atomweight World Title ឬ យ៉ាងណា​។ 
 
Taiki Naito



​គេ​ជា​កីឡាករ​សាង​កំណត់ត្រា​ល្អឥតខ្ចោះ​មួយ​សម្រាប់ Taiki “Silent Sniper” Naito  ពេល​ឈ្នះ​ពិន្ទុ​លើ Savvas Michael Petchyindee Academy ឬ “The Baby Face Killer” ក្នុងការ​ប្រកួត​មួយ​ថៃ​ចំនួន ៣ ទឹក​ដ៏​ជក់ចិត្ត​។  Naito ឥឡូវនេះ គឺ​ឈ្នះ ៣ លើក​ជាប់​គ្នា​នៅ​សង្វៀន ONE Super Series និង​បាន​ផ្ដួល​កីឡាករ​ខ្លាំងៗ​មួយចំនួន​ទៀតផង​។ Naito ពិតជា​សក្ដិសម​ក្នុង​ដំណើរ​ទៅ​ជួប​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion កីឡាករ Petchdam Petchyindee Academy ឬ  “The Baby Shark”​។ បើ​ជួបគ្នា​មែន នោះ​សង្វៀន​ច្បាស់​ជា​រង្គើ​ឆាក​ជាមិនខាន​។ Petchdam មាន​ក្បាច់​ប្រកួត​គួរ​ឲ្យ​ទាក់ទាញ​ដែល​គួរ​ប៉ះ Naito​។ ទន្ទឹមគ្នា​នោះដែរ វា​ជាការ​លើកទឹកចិត្ត​មួយ​សម្រាប់ The Baby Shark ដើម្បី​យកឈ្នះ “Silent Sniper” ដោយសារ​កីឡាករ​ជប៉ុន​រូបនេះ​ទើប​ផ្ដួល​មិត្ត​រួម​ក្លិប​របស់ខ្លួន​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា​ការប្រកួត​ក្នុង​កម្មវិធី ONE:KING OF THE JUNGLE  នៅ​សុ​ក្រទី ២៨  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ ប្រទេស​សិង្ហ​បុរី ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com