ជាតិ
ពីនេះ ពីនោះ
តើស្ត្រីវ័យក្មេងហៅបុរសចាស់ៗថា«បង»មាន«ទោសផ្នែកសីលធម៌»ឬទេ?
× កាលពីអតីតកាល នារីខ្មែរកម្រនឹងហៅបុរសនៅតាមទីសាធារណៈថា«បង»ណាស់ បើទោះបីជាបុរសនោះមានអាយុនៅតិចល្មមក៏ដោយ។ ជាទម្លាប់ចាស់ៗ នារីខ្មែរច្រើនហៅបុរសៗថា«ពូ» ពីព្រោះពាក្យពូនេះវាមិនសូវបង្កប់អត្ថន័យស្នេហា ដូចជា ពាក្យថា«បង»។ ប៉ុន្តែ និន្នាការនេះបានក្រឡាប់ចាក់ទាំងស្រុងនៅក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។
នៅរាជធានីភ្នំពេញ ជាពិសេស នៅតាមក្រុមហ៊ុន ភោជនីយដ្ឋាន ដែលបម្រើសេវាកម្ម នារីវ័យក្មេង(អាយុក្រោម២០ឆ្នាំ)តែងតែហៅបុរសៗថា«បង» បើទោះបីជាបុរសនោះមានអាយុជាង៤០ ឬ៥០ ឬជាង៦០ឆ្នាំក៏ដោយក្តី។
មូលហេតុនៃការផ្លាស់ប្តូរនេះ ត្រូវបាននារីទាំងនោះពន្យល់ជាទូទៅថា គឺដើម្បីទាក់ទាញអារម្មណ៍មនុស្សសម័យថ្មីដែលចូលចិត្តអោយ អ្នកផ្តល់សេវាកម្ម ប្រើពាក្យ«ល្អៗលើកតម្កើង»។ នារីផ្តល់សេវាកម្មម្នាក់និយាយថា នាងត្រូវបានគេស្តីបន្ទោស ដោយគ្រាន់តែនាងហៅអតិថិជនថា អ្នកមីង ឬលោកពូ។ អតិថិជនខ្លះមិនសប្បាយចិត្តនឹងពាក្យអ្នកមីងឬលោកពូទេ ពីព្រោះពួកគេមិនចង់មានអារម្មណ៍ថា«ចាស់»។ ពួកគេចូលចិត្តពាក្យ«អ្នកបង»សម្រាប់ស្ត្រី និងពាក្យថា«បង»សម្រាប់បុរស។
ដោយសារតែចរន្តនេះហើយ ទើបនារីផ្តល់សេវាកម្មទាំងឡាយសម្រេចចិត្តហៅបុរសទាំងអស់ថា«បង» និងហៅស្ត្រីថា«អ្នកបង» បើទោះបីជាពួកគេមានផ្ទៃមុខជ្រីវជ្រួញបន្តិចក៏ដោយក្តី។
សំណួរ៖ តើស្ត្រីវ័យក្មេងហៅបុរសចាស់ៗថា«បង»មាន«ទោសផ្នែកសីលធម៌»ដែរឬទេ?
© រក្សាសិទ្ធិដោយ thmeythmey.com