ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តី បង្គាប់ឲ្យក្រុមហ៊ុន «បាញ់ទឹក» ពេលធ្វើផ្លូវ ដើម្បីកុំឲ្យហុយដីប៉ះពាល់សុខភាពពលរដ្ឋ
11, Feb 2020 , 8:34 am        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានផ្តាំទៅក្រុមហ៊ុនម៉ៅការ «ឲ្យស្រោចទឹកឲ្យបានញឹកញាប់» ក្នុងអំឡុងពេលធ្វើនិងជួសជុលផ្លូវ ដើម្បីចៀសវាងដីហុយ រំខានដល់សុខភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ។​ ការផ្តែផ្តាំរបស់លោករដ្ឋមន្រ្តី គឺធ្វើឡើងក្នុងពិធីបើកការដ្ឋានស្តារនិងសាងសង់ផ្លូវលេខ២និងលេខ២២ ប្រវែង៧២គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង។



លោក ស៊ុន ចាន់ថុល ក៏បានប្រាប់ក្រុមហ៊ុនម៉ៅការសាងសង់ ឲ្យខិតខំយកចិត្តទុកដាក់ក្នុងការសាងសង់ឲ្យមានគុណភាព និងល្អរឹងមាំផងដែរ ស្របតាមស្តង់ដារ ដែលបានកំណត់ក្នុងកិច្ចសន្យា។ លោក បន្តថា ក្នុងអំឡុងពេលនៃការសាងសង់ ក្រុមហ៊ុន ត្រូវបំពាក់ឧបក្ខារនិងឧបករណ៍សុវត្ថិភាពឲ្យបានគ្រប់គ្រាន់។

លើលពីនេះ លោករដ្ឋមន្រ្តី បានណែនាំក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ឲ្យយកចិត្តទុកដាក់តាមដានត្រួតពិនិត្យបច្ចេកទេសសាងសង់ឲ្យបានម៉ត់ចត់និងច្បាស់លាស់ ស្របតាមលក្ខណបច្ចេកទេស ហើយត្រូវរាយការណ៍ជូនក្រសួងឲ្យបានទៀងទាត់ពីវឌ្ឍនភាពនិងបញ្ហាប្រឈមនានា ដើម្បីដោះស្រាយបានទាន់ពេលវេលា៕

Tag:
 ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com