ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឧស្សាហ៍​ញុាំ “​សណ្ដែកបាយ​” តែ​តិច​អត់​ដឹង​អត្ថប្រយោជន៍​អស្ចារ្យ​របស់​វា​ចំពោះ​សុខភាព​
11, Feb 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​សណ្ដែកបាយ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។  ថា​តើ​សណ្ដែកបាយ​អាច​ផ្ដល់​ផល​ល្អៗ​អ្វីខ្លះ​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​រួមបញ្ចូល​សណ្ដែកបាយ​ក្នុង​របប​អាហារ ៖
 
១. ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​

​ជាតិ​ដែក គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​។ អ្នក​ដែល​ខ្វះ​ជាតិ​ដែក​ច្រើន​តែមាន​សុខភាព​ខ្សោយ​និង​ពិបាក​ផ្ដោតអារម្មណ៍​។ ជាតិ​ដែក​ទទួលខុសត្រូវ​ក្នុង​ការដឹកនាំ​អុកស៊ីសែន​ពេញ​ក្នុង​រាងកាយ​។ ប្រសិនបើ​ខ្វះ​ជាតិ​ដែក​អ្នកនឹង​ងាយ​ជួបប្រទះ​អាកា​រៈ​ខ្សោយ​សាច់ដុំ មិន​សកម្ម ចង្អោរ​ចង់​ក្អួត និង​អស់កម្លាំង​ខ្លាំង​។ កង្វះ​ជាតិ​ដែក​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​កុំ​ភ្លេច​រួមបញ្ចូល​សណ្ដែកបាយ​ក្នុង​របប​អាហារ​ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​។​
 
២. ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​

​សណ្ដែកបាយ​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​សរសៃ​ដែល​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​។ ជាតិ​សរសៃ​ជួយ​គ្រប់គ្រង​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​ការពារ​សុខភាព​បេះដូង​។ ជាតិ​សរសៃ​គ្រប់គ្រាន់​ក្នុង​រាងកាយ​ក៏​ទប់ស្កាត់​ព្យាបាល​អាកា​រៈ​ទល់លាមក​ផងដែរ​។ ជាតិ​សរសៃ​ក៏​បញ្ឈប់​ការ​ស្រូបយក​កូ​ឡេ​ស្តេ​រ៉ូ​ល​ដែល​ទប់ស្កាត់​បញ្ហា​បេះដូង​ផ្សេងៗ​។ វា​ក៏​ចាំបាច់​ក្នុងការ​សម្រុក​ទម្ងន់​! អាហារ​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ជួយ​ឱ្យ​ឆាប់​ឆ្អែត​និង​ឆ្អែត​បានយូរ​។​
 
៣. ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​

​សណ្ដែកបាយ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ សណ្ដែក​នេះ​ប្រសើរ​ណាស់​សម្រាប់​អ្នក​មិន​ចូលចិត្ត​ញ៊ាំ​សាច់​។ ប្រូតេអ៊ីន​ចាំបាច់​សម្រាប់​សុខភាព​សាច់ដុំ​និង​ការលូតលាស់​នៃ​ក្រចក ស្បែក ព្រមទាំង​សក់​។ ប្រូតេអ៊ីន​ក៏​ជួយ​ជួសជុល​កោសិកា​ដែល​ខូចខាត​ឡើងវិញ ហើយ​បង្កើន​ថាមពល​ផងដែរ​។​
 
៤. ផ្ទុក​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​ម​

​ប៉ូ​តា​ស្យូ​ម គឺ​សំខាន់​ណាស់​សម្រាប់​រក្សា​កម្រិត​នៃ​សម្ពាធ​ឈាម​មិនឱ្យ​ឡើង​ខ្ពស់​ខុស​ប្រក្រតី​និង​ការពារ​រាងកាយ​ពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ ប៉ូ​តា​ស្យូ​ម​ក៏​ជួយ​ដល់​ការលូតលាស់​នៃ​ឆ្អឹង​និង​សាច់ដុំ​គួរឱ្យកត់សម្គាល់​។​
 
៥. មាន​ផ្ទុក​កាឡូរី​និង​ជាតិ​ខ្លាញ់​ទាប​

​ការ​ទទួលទាន​សណ្ដែក​បាយ​អាចជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ធាត់​ជ្រុល ខណៈដែល​សណ្ដែក​នេះ​មាន​ផ្ទុក​កាឡូរី​និង​ជាតិ​ខ្លាញ់​ទាប​។ ម្យ៉ាងវិញទៀត​អ្នក​ដែល​ទទួលទាន​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​ក៏​មិន​ងាយ​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​បេះដូង ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ទឹកនោមផ្អែម​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com