ជាតិ
កម្ពុជារង់ចាំលទ្ធផលសំណាកអ្នកជំងឺហូឡង់ម្នាក់ដែលមានអាការក្តៅខ្លួន
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ នៅព្រឹកថ្ងៃអង្គារ បានអះអាងថា ជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណា អត់ទាន់មានករណីឆ្លងមកលើប្រជាជនកម្ពុជានោះឡើយ ហើយគិតត្រឹមម៉ោងនេះ កម្ពុជាលែងមានករណីនេះទៀតហើយ បន្ទាប់ពីអ្នកជំងឺជនជាតិចិនអាយុ៦០ឆ្នាំ បានចាកចេញពីមន្ទីរពេទ្យ កាលពីម្សិលមិញ។
ប៉ុន្តែនៅពេលនេះ កម្ពុជាកំពុងតាមដានករណីទេសចរហូឡង់ម្នាក់ដែលស្ថិតនៅលើនាវាមួយនៅខេត្តព្រះសីហនុ។ ទេសចរនោះមានអាការៈក្តៅខ្លួន ហើយត្រូវបានដាក់នៅដោយឡែកក្នុងមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាកំពុងរង់ចាំលទ្ធផលសំណាកពីវិទ្យាស្ថានជាតិប៉ាស្ទ័រផងដែរ។
លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងប្រាប់សារព័ត៌មានថ្មីៗ យ៉ាងខ្លីថា ប្រហែលវេលាថ្ងៃត្រង់នេះ លទ្ធផលច្បាស់ការនឹងត្រូវបានដឹង។ «មកដល់ពេលនេះ យើងពិនិត្យមើលតែជនជាតិហូឡង់តែប៉ុណ្ណោះ មិនទាន់ឈានដល់ពិនិត្យអ្នកដទៃឡើយ»។ លោកបានបញ្ជាក់យ៉ាងដូច្នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com