អន្តរជាតិ
កូរ៉ូណាវីរុស៖ ករណីឆ្លងលើជនបរទេសនៅចិនមាន២៧ករណី, ស្លាប់ពីរ, បីនាក់សះស្បើយ គ្រូពេទ្យចិនកំពុងពិនិត្យអ្នកជំងឺនៅកន្លែងសម្រាកមួយក្នុងទីក្រុងវូហាន។ រូបភាព Xinhua
× ជនបរទេសចំនួន២៧នាក់ បានឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនៅទឹកដីចិន ហើយពីរនាក់បានបាត់បង់ជីវិត។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសចិននៅថ្ងៃទី១០ ខែកុម្ភៈ។ ក្នុងចំណោមករណីឆ្លងទាំងអស់ មានបីករណី ទទួលបានការព្យាបាលសះស្បើយ និងចេញពីមន្ទីរពេទ្យ ខណៈជាង២០នាក់ទៀតនៅស្ថិតក្រោមការដាក់នៅដោយឡែក (ចត្តាឡីស័ក) នៅឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang និយាយក្នុងការសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញនៅថ្ងៃទី១០ ខែកុម្ភៈថា ជនជាតិអាមេរិកម្នាក់ និងជនជាតិជប៉ុនម្នាក់ បានស្លាប់ដោយសារជំងឺបណ្ដាលមកពីកូរ៉ូណាវីរុស។ ករណីស្លាប់ទាំងពីរ សុទ្ធតែកើតនៅទីក្រុងវូហាន ខេត្តហ៊ូប៉ីជាទីដែលកូរ៉ូណាវីរុសផ្ទុះដំបូងគេ មុននឹងរាលដាលទៅកាន់ផ្នែកដទៃទៀតរបស់ចិន និងប្រទេសជាង២០ទៀតនៅជុំវិញពិភពលោក។
ឆ្លើយនឹងសំណួរទាក់ទងចំនួនជនបរទេសដែលឆ្លងវីរុស អ្នកនាំពាក្យរូបនេះបន្តថា ពួកគេស្ថិតក្នុងចំណោមជនបរទេសចំនួន២៧នាក់ដែលឆ្លងកូរ៉ូណាវីរុសនេះ។ លោក Geng បន្ថែមថា ពលរដ្ឋអាមេរិក បានស្លាប់នៅថ្ងៃទី៦ ខែកុម្ភៈកន្លងទៅ ទោះជាក្រុមគ្រូពេទ្យចិនព្យាយាមសង្គ្រោះជីវិតយ៉ាងណាក្ដី។ ពេលនេះ ភាគីកំពុងទាក់ទងជាមួយគ្រួសារ និងរដ្ឋាភិបាលអាមេរិកទាក់ទងនឹងការស្លាប់នេះ។ បើតាមស្ថានទូតអាមេរិកប្រចាំប៉េកាំង ពលរដ្ឋអាមេរិកនេះ ជាបុរសមានអាយុ៦០ឆ្នាំ។
ចំណែកឯជនជាតិជប៉ុនវិញ មន្ត្រីអ្នកនាំពាក្យដដែលលើកឡើងថា រូបគេបានស្លាប់នៅថ្ងៃទី៨ ខែកុម្ភៈ ហើយគ្រូពេទ្យចិនក៏ព្យាយាមព្យាបាលអស់ពីលទ្ធភាពផងដែរ។ ដូចគ្នានឹងករណីជនជាតិអាមេរិកដែរ ចិនបានបង្ហាញការសោកស្ដាយចំពោះមរណភាពនេះ ហើយបានទាក់ទងទៅកាន់គ្រួសារសព និងរដ្ឋាំភិបាលជប៉ុនផងដែរ។
នាសន្និសីទសារព័ត៌មានដដែល លោក Geng បានប្រកាសជំហររបស់ទីក្រុងប៉េកាំងក្នុងការការពារពលរដ្ឋបរទេសឲ្យដូចប្រជាជនចិនដែរ។ បើតាមលោក Geng ចិនបានចាត់វិធានការជាច្រើនដើម្បីឆ្លើយតបនឹងសំណើ និងក្ដីបារម្ភរបស់ជនបរទេសដែលស្នាក់នៅទឹកដីចិន។ ពាក់ព័ន្ធនឹងសំណួរថា មានជនបរទេសប៉ុន្មាននាក់ចង់ចាកចេញពីចិន មន្ត្រីក្រសួងការបរទេសចិនរូបនេះលើកឡើងអនុសាសន៍របស់ប្រមុខអង្គការសុខភាពពិភពលោកដែលមិនចង់ឲ្យមានការជម្លៀសមនុស្សអ្វីឡើយ។
យ៉ាងណាមិញ ចិននៅតែត្រៀមសហការជាមួយប្រទេសដែលចង់ជម្លៀសប្រជាជនរបស់ខ្លួន។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យដដែល។ លោកនិយាយដូច្នេះថា៖ «សម្រាប់ប្រទេសដែលមានបំណងដឹកជញ្ជូនប្រជាជនរបស់ខ្លួន ចិននឹងផ្ដល់ការរៀបចំ និងការសហការចាំបាច់ដែលអនុលោមតាមច្បាប់អន្តរជាតិ និងវិធានការគ្រប់គ្រងវីរុសរបស់ចិនផ្ទាល់»៕
Tag:
ចិន
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com