ជាតិ
ក្រសួងអប់រំ ដាស់តឿនយុវជន «កុំឲ្យភ្លើតភ្លើនខុសប្រពៃណី នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់»
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បានចាត់វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២០។ ក្រសួងអប់រំចេញវិធានការនេះ ដើម្បីដាស់តឿនយុវជនមិនឲ្យភ្លើតភ្លើនភ្លេចការសិក្សា បាត់បង់ភាពថ្លៃថ្នូររបស់ខ្លួន ប្រាសចាកពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ នៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់។
កន្លងមកក្រសួងអប់រំ តែងតែសង្កេតឃើញថា ជារៀងរាល់ឆ្នាំនៅទិវាបុណ្យនៃសេចក្តីស្រឡាញ់(Valentine’s Day) មានយុវជនភាគច្រើនយល់ច្រឡំថាជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នា ដែលរំលងពីប្រពៃណីទំនៀមទម្លាប់ខ្មែរ និងបាត់បង់តម្លៃកិត្តិយសខ្លួន។
បើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នាបច្ចុប្បន្ននេះសិស្សានុសិស្សភាគច្រើនមានការយល់ដឹងបានទូលំទូលាយពីអត្ថន័យនៃទិវាបុណ្យនៃសេចក្តីស្រឡាញ់នេះហើយ។ លោក បញ្ជាក់ដូច្នេះថា៖«សិស្សានុសិស្សភាគច្រើនបានយល់ច្បាស់ពីអត្ថន័យថ្ងៃ១៤កុម្ភៈ ថាពុំមែនជាពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ ជាទូទៅយុវជន បានប្រែការចូលរួមថ្ងៃ១៤កុម្ភ: មកជាការចូលរួមការងារសង្គមផ្សេងៗ ដូចជាបរិច្ចាគឈាម កិច្ចការសប្បុរសធម៌ និងការរក្សាសុខភាពផ្លូវចិត្តតាមលំនាំព្រះពុទ្ធសាសនាជាដើម»។
ដើម្បីទប់ស្កាត់រាល់សកម្មភាពប្រក្រតីនៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ក្រសួងអប់រំ ណែនាំឲ្យគ្រឹះស្ថានសិក្សាសាធារណៈ ឯកជនអនុវត្តវិធានការ៤ចំណុច រួមមានទី១ ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជាតាមរយៈគោរពទង់ជាតិ ណែនាំកុំឲ្យការយល់ខុសអំពីអត្ថន័យនៃទិវាបុណ្យនៃសេចក្តីស្រឡាញ់។ ទី២ ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាសាធារណៈឲ្យបានម៉ឺងម៉ាត់ លើការគ្រប់គ្រងសីលធម៌ និងវិន័យ ដោយតាមដានវត្តមានរបស់សិស្ស។ ទី៣ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត»។ ទី៤ ត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អាណាព្យាបាល សហគមន៍ ដើម្បីផ្តល់ព័ត៌មាននានាដែលពាក់ព័ន្ធសកម្មភាពប្រក្រតីរបស់សិស្សដែលប្រព្រឹត្តខុស ឲ្យទាន់ពេលវេលា។
ក្រៅពីដាក់ចេញវិធានការនេះហើយ ក្រសួងអប់រំអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ ជាពិសេស សិស្ស និស្សិត គួរប្រតិបត្តិឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការបាត់បង់កិត្តិយសរបស់ខ្លួនឯង ក្រុមគ្រួសារ និងប្រាសចាកប្រពៃណីដ៏ផូរផង់របស់ខ្មែរ៕ Tag:
ក្រសួងអប់រំ
បុណ្យនៃសេចក្តីស្រឡាញ់
យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com