កីឡាអន្តរជាតិ
អន្តរជាតិ
Alli សុំទោសដែលចេញវីដេអូលេងសើចជុំវិញកូរ៉ូណាវីរុស ខណៈ FA ត្រៀមដាក់ពិន័យ
× Dele Alli ខ្សែបម្រើក្រុម Tottenham Hotspur បានសុំទោសចំពោះការបង្ហោះវីដេអូលើបណ្ដាញសង្គមដោយបង្ហាញការលេងសើច និងរើសអើងមនុស្សជុំវិញករណីមេរោគកូរ៉ូណាវីរុស (2019-nCoV) ។ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) បើកការស៊ើបអង្កេតអំពីឥរិយាបទរបស់ខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះផងដែរ។
តាមរយៈវីដេអូខ្លីមួយដែលបង្ហោះលើបណ្តាញសង្គមនោះ គេឃើញថា Alli បានពាក់ម៉ាស់ ពណ៌ខ្មៅអង្គុយក្នុងបន្ទប់សម្រាកនៅអាកាសយានដ្ឋានមួយដោយមានសរសេរជាអក្សរផងដែរថា«Corona whattt សូមមេត្តាស្តាប់សំឡេង»។
ខ្សែបម្រើសញ្ជាតិអង់គ្លេស វ័យ២៣ឆ្នាំរូបនេះ ថែមទាំងយកកាមេរ៉ាទូរសព្ទរបស់ខ្លួនថតសំដៅឆ្ពោះទៅបុរសអាស៊ីម្នាក់ដែលអង្គុយក្បែរនោះមុនពេលបង្ហាញដបលាងដៃសំលាប់មេរោគមួយដប ហើយសរសេរថា«មេរោគនេះត្រូវតែលឿនជាងការចាប់ខ្ញុំ»។
ខ្សែវីដេអូដែលបានថតដោយ Alli ខណៈពេលរូបគេកំពុងវិស្សមកាលរដូវរងារពីក្របខណ្ឌ Premier League ត្រូវបានលុបចោលចេញវិញ ក្រោយមានពាក្យបណ្តឹង និងរិះគន់ជាច្រើននោះ។ វីដេអូនេះ ហាក់បង្ហាញការរើសអើងអ្នកដែលកើតកូរ៉ូណាវីរុស ដែលជាទង្វើមិនសមរម្យសម្រាប់កីឡាករអាជីព។
ស្របពេល ជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (2019-nCoV) បានឆក់យកជីវិតមនុស្សជាង១០០០នាក់នៅក្នុងប្រទេសចិន ស្ថាប័ន FA អះអាងថាខ្លួនបានសរសេរទៅ Alli ដើម្បីស្នើឲ្យរូបគេពន្យល់ពីការបង្ហោះវីដេអូអំពីមេរោគនេះ។
ខ្សែបម្រើកណ្តាលរបស់ក្រុមរហស្សនាមមាន់ខ្នាយមាសរូបនេះ អាចប្រឈមមុខនឹងការហាមប្រាម ឬការដាក់ពិន័យពីសំណាក់ FA ខណៈដែលរូបគេព្យាយាមបង្ហាញការសុំទោសនៅក្នុងវីដេអូមួយនៅលើបណ្តាញសង្គមចិន Weibo។
«សួស្តីអ្នកទាំងអស់គ្នា ខ្ញុំ Dele Alli ខ្ញុំគ្រាន់តែចង់សុំទោសចំពោះវីដេអូដែលខ្ញុំបានបង្ហោះកាលពីម្សិលមិញ។ នេះមិនមែនជារឿងលេងសើចទេ ហើយខ្ញុំបានដឹងភ្លាម ខ្ញុំក៏ដកវាចេញ។ ខ្ញុំបានធ្វើឲ្យខ្លួនឯង និងក្លិបអាប់ឱនដោយសារតែរឿងនេះ»។ នេះជាការសុំទោសរបស់ Alli៕
Tag:
Tottenham Hotspur
Dele Alli
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com