អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​បណ្ណាល័យ​ថ្មី​មួយ​ខ្នង​នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​
11, Feb 2020 , 2:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្វាយរៀង​៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បានដាក់​សម្ពោធ​អគារ​បណ្ណាល័យ​ថ្មី​មួយ​ខ្នង នៅ​សាលាបឋមសិក្សា​សំរោង ស្ថិតក្នុង​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០​។ បណ្ណាល័យ​នេះ កសាងឡើង​ដោយ​ប្រើប្រាស់​ថវិកា​របស់​ប្រា​សាក់ និង​មូលនិធិ CVC ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ និង​បណ្ដុះ​វប្បធម៌​អាន​នៅ​កម្ពុជា​។   
 
​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក ស៊ុន ប៊ុណ្ណា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​, លោក ថន ថា​វុ​ទ្ធា អភិបាលស្រុក​ចន្ទ្រា ជា​តំណាង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​, លោក ពិន ដា​រ៉ា អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តស្វាយរៀង និង​លោក អ៊ុំ សមអឿន អនុប្រធាន​នាយក​ប្រតិបត្តិ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​។ កម្មវិធី​នេះ ក៏មាន​ការចូលរួម​ផងដែរ ពី​ព្រះសង្ឃ អាជ្ញាធរ​ដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​នៅក្នុង​សហគមន៍​។​
 
​ថ្លែង​ក្នុង​ពិធី​នោះ លោក ថន ថា​វុ​ទ្ធា បាន​ឡើង​ថ្លែង​មតិ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​វត្តមាន​របស់​គណៈអធិបតី និង​ភ្ញៀវកិត្តិយស​ទាំងអស់ ដែល​បាន​ចូលរួម​ពិធី​នៅថ្ងៃនេះ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដែល​បានផ្ដល់​មូលនិធិ​សាងសង់​អគារ​បណ្ណាល័យ  ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ និង​បណ្ដុះ​វប្បធម៌​អាន​នៅក្នុង​ទឹកដី​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។ នេះ​គឺជា​កាយវិការ​ដ៏​សប្បុរស ដ៏​គួរឱ្យ​កោតសរសើរ​ក្រៃលែង​របស់​ប្រា​សាក់ នៅក្នុង​កិច្ចការ​សង្គម ដែល​បាន​ផ្ដល់នូវ​សមិទ្ធផល ដែល​មិនអាច​កាត់ថ្លៃ​បាន​នេះ​។​


 
​ចំណែក​លោក អ៊ុំ សមអឿន អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា ការសាងសង់​អគារ​បណ្ណាល័យ​នេះ គឺជា​ការងារ​ដែល​ប្រា​សាក់ ធ្វើឡើង​ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ជូន​ដល់​សង្គម ដោយ​ចូលរួម​បណ្ដុះ​វប្បធម៌​អាន និង​លើកកម្ពស់​សមត្ថភាពរ​បស់​សិស្សានុសិស្ស ដែលជា​កូន​ជា​ចៅ របស់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​នានា ដែល​ប្រា​សាក់​បានធ្វើ​ប្រតិបត្តិការ ដើម្បី​ជាការ​តបស្នង ចំពោះ​ការគាំទ្រ និង​ប្រើប្រាស់​ផលិតផល និង​សេវា​ប្រា​សាក់​។ ជាក់ស្ដែង​នៅក្នុង​ខេត្តស្វាយរៀង     ប្រា​សាក់ បានផ្ដល់​ជា​អគារ​បណ្ណាល័យ​ចំនួន​២ ក្នុងនោះ​បណ្ណាល័យ​មួយ​ខ្នង ស្ថិតក្នុង​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ម្រាម ស្ថិតក្នុង​ភូមិ​ម្រាម​ខាងត្បូង ឃុំ​ម្រាម ស្រុក​រមាសហែក ត្រូវបាន​សាងសង់​រួច ប៉ុន្តែ​មិនទាន់​បំពាក់​សម្ភារ​នៅឡើយ​។ ចំណែកឯ បណ្ណាល័យ​មួយទៀត គឺ​បណ្ណាល័យ​នៅ​សាលាបឋមសិក្សា សំរោង ដែល​កំពុង​សម្ពោធ​នាឱកាស​នេះ​។ លោក​បន្តថា នៅក្នុង​គម្រោង​បណ្ណាល័យ​សាលា​សំរោង​នេះ ប្រា​សាក់ និង​មូលនិធិ CVC បានផ្ដល់​ជា​ថវិកា ក្នុងការ​កសាង​ជា​អគារ​បណ្ណាល័យ ការបំពាក់​សៀវភៅ សម្ភារ បរិក្ខារ ការបណ្ដុះបណ្ដាល​បណ្ណារក្ស និង​ការគាំទ្រ​គម្រោង​រយៈពេល​៣ ឆ្នាំ​។​
​ជា​សំណូមពរ លោក​សង្ឃឹមថា​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមាន​ប្រជាពលរដ្ឋ​ជា​អតិថិជន អាជ្ញាធរ​ដែនដី និង​ភាគី​ពាក់ព័ន្ធ នឹង​បន្ត​ការគាំទ្រ​ប្រា​សាក់ តទៅទៀត​ក្នុង​ថ្ងៃ​អនាគត ដើម្បី​ប្រា​សាក់​មានលទ្ធភាព​កាន់តែច្រើន ក្នុង​ការជួយ​ដល់​សង្គមជាតិ​។​
 
​ថ្លែង​ក្នុងឱកាស​នេះ លោក ស៊ុន ប៊ុណ្ណា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា និង​ជា​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា  បាន​សម្ដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​កោតសរសើរ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ដែល​បានផ្ដល់​មូលនិធិ និង​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​គម្រោង​បណ្ណាល័យ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្រេចយក​វិស័យ​អប់​រំជា​អាទិភាព​។ ប្រា​សាក់ គឺជា​ដៃគូ​ដ៏​ល្អ ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ​។ លោក​បាន​សំណូមពរ​ឱ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និង​មាតាបិតា​សិស្ស ជួយ​ថែរក្សា និង​ប្រើប្រាស់​បណ្ណាល័យ​នេះ ឱ្យ​អស់ពី​លទ្ធភាព ដោយ​ជំរុញឱ្យមាន​ការអាន​ឱ្យបាន​ច្រើន​ផុសផុល ដើម្បី​បង្កើន​បំ​ណិ​ន​ជីវិត ចំណេះដឹង និង​សមត្ថភាព​ឱ្យបាន​ទូលំទូលាយ​។ លោក​បញ្ជាក់ថា ការអាន​សៀវភៅ ធ្វើឱ្យ​យើង​មានចំណេះដឹង ដើម្បី​កសាង​ជីវភាព​បាន​ធូរធារ ចេះ​ថែរក្សា​សុខភាព និង​គិតគូរ​បាន​វែងឆ្ងាយ​។ អាស្រ័យហេតុនេះ មាតាបិតា​សិស្ស ត្រូវបញ្ជូន​កូន​ទៅ​រៀន​ឱ្យបាន​គ្រប់គ្នា និង​ឱ្យបាន​រៀន​វែងឆ្ងាយ កុំ​បោះបង់ចោល​ការសិក្សា និង​ការអាន​សៀវភៅ ហើយ​ទាំងអស់គ្នា ត្រូវ​ជួយ​ថែរក្សា​បណ្ណាល័យ​នេះ ឱ្យបាន​គង់វង្ស​យូរអង្វែង​រាប់​ជំនាន់​ទៅមុខទៀត​។​


 
​សូមបញ្ជាក់ថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៩​នេះ គម្រោង​បណ្ណាល័យ ប្រា​សាក់ ដាក់ឱ្យ​ប្រើប្រាស់ និង​កំពុង​សាងសង់​ចំនួន ៤១ អគារ គ្របដណ្តប់​លើ​ភូមិ​ចំនួន 455  ដែលមាន​ចំនួន​គ្រួសារ​សរុប 98,613 គ្រួសារ មាន​ប្រជាជន​សរុប​ចំនួន 404,559 នៅក្នុង 13 ខេត្ត​រួមមាន  កំពង់ស្ពឺ កំពង់ចាម កណ្ដាល ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះវិហារ បាត់ដំបង ស្វាយរៀង បន្ទាយមានជ័យ កែប និង​ពោធិ៍សាត់ និង​មាន​សិស្សានុសិស្ស ដែល​ទទួលផល​ផ្ទា​ល់ពី​គម្រោង​បណ្ណាល័យ​នេះ​ចំនួន 110,120 នាក់​។​
 
​អំពី​ប្រា​សាក់ និង​គម្រោង​បណ្ណាល័យ​ប្រា​សាក់​
 
​ប្រា​សាក់ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​លំដាប់​ទីមួយ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ធនាគារ​ធំៗ​ទាំង 5 នៅ​កម្ពុជា ដោយ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន រួមមាន​៖ សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង សេវា​ហិរញ្ញវត្ថុ​ឌីជីថល ផ្ទេរប្រាក់ ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់​ទោះជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹម ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស អេ​ធី​អឹម សេវា​ធនាគារ​ចល័ត ម៉ាស៊ីន​ឆូត​កាត ម៉ាស៊ីន​ដាក់​ប្រាក់ សេវា​ខេ​ម​បូ​ឌា​ន​ស៊ែរ​ស្វ៊ី​ច (CSS) សេវា​ទូទាត់​ប្រព័ន្ធ​បាគង និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេងៗ​ទៀត ជាមួយនឹង​បណ្តាញ​ការិយាល័យ​ជិត 200 ទីតាំង ព្រមទាំង​បុគ្គលិក​ជាង 9,000 នាក់​។​
 
​ស្របតាម​ទស្សនវិស័យ និង​បេសកកម្ម​របស់ខ្លួន ក៏ដូចជា​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​បាន​គាំទ្រ​និង​ប្រើប្រាស់​ផលិតផល​និង​សេវា​របស់​ប្រា​សាក់​នាពេល​កន្លងមក ប្រា​សាក់​បាន​បង្កើត​និង​ចូលរួម​កម្មវិធី​សង្គម​ជាច្រើន ដូចជា កម្មវិធី​ជំនួយ​សង្គ្រោះបន្ទាន់​សម្រាប់​គាំពារ​អតិថិជន​ដែល​ទទួលរង​ផលប៉ះពាល់​ពី​គ្រោះមហន្តរាយធម្មជាតិ​និង​គ្រោះថ្នាក់​ផ្សេងៗ កម្មវិធី​មនុស្សធម៌ និង​ការឧបត្ថម្ភ​សកម្មភាព​សង្គម​នានា ជាពិសេស​នោះ​គឺ​ការចូលរួមចំណែក​បណ្ដុះ​វប្បធម៌​អាន តាមរយៈ «​គម្រោង​បណ្ណាល័យ​ប្រា​សាក់​»​។​
 
​សម្រាប់​អគារ​បណ្ណាល័យ​នៅ​សាលាបឋមសិក្សា សំរោង នេះ​ស្ថិត​ក្នុងចំណោម​អគារ​បណ្ណាល័យ​ទាំងអស់ 41 ខ្នង ដែល​ប្រា​សាក់​បាន​សាងសង់​ជូន​បណ្ដា​សាលារៀន​នានា​នៅ​ទូទាំង​កម្ពុជា​។ ប្រា​សាក់​មិន​ត្រឹមតែ​ផ្ដល់​តួ​អគារ​បណ្ណាល័យ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ឧបត្ថម្ភ​ការបំពាក់​ធនធាន​សម្ភា​រ​ឯកសារ និង​ការបណ្ដុះបណ្ដាល​បណ្ណារក្ស​ថែម​ទៀតផង​ដើម្បីឱ្យ​បណ្ណាល័យ​នេះ​ដំណើរការបាន​ដោយ​រលូន ក្រោម​កិច្ចសហការ​ពី​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com