អន្តរជាតិ
លោក ស៊ី ជិន​ភីង​៖ សង្គ្រាម​ប្រជាជន​ប្រឆាំង​កូ​រ៉ូ​ណាវី​រុស នឹង​ទទួលជោគជ័យ​
11, Feb 2020 , 3:09 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ចុះត្រួតពិនិត្យកិច្ចការទប់ស្កាត់ និងគ្រប់គ្រងកូរ៉ូណាវីរុស។ រូបភាព Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ចុះត្រួតពិនិត្យកិច្ចការទប់ស្កាត់ និងគ្រប់គ្រងកូរ៉ូណាវីរុស។ រូបភាព Xinhua
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​១០ ខែកុម្ភៈ បាន​ចុះ​ត្រួតពិនិត្យ​ដោយ​កិច្ចការ​ទប់ស្កាត់ និង​គ្រប់គ្រង​កូ​រ៉ូ​ណា​វីរុស​នៅ​រដ្ឋធានី​ប៉េកាំង​។ នេះ​ជា​លើកដំបូង​ដែល​លោក ស៊ី ចេញមុខ​ផ្ទាល់​ដល់ទី​តាំង​ដើម្បី​ស្វែងយល់​ការងារ​នេះ ខណៈ​កន្លងមក​លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​មន្ត្រី​លើ​សង្គ្រាម​ប្រឆាំង​កូ​រ៉ូ​ណាវី​រុស​។ ដោយ​ចាត់ទុក​យុទ្ធនាការ​ប្រឆាំង​វីរុស​នេះ​ជា​សង្គ្រាម​របស់​ប្រជាជន មេដឹកនាំ​ចិន​អះអាងថា ចិន​នឹង​ទទួលជោគជ័យ​នៅ​ទីបំផុត​។​

 
​ដោយ​ពាក់​ម៉ាស់​ការពារ​ផង​នោះ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ទៅ​ត្រួតពិនិត្យ​ប្រតិបត្តិ​ការទប់ស្កាត់ និង​គ្រប់គ្រង​កូ​រ៉ូ​ណាវី​រុស សហគមន៍​ប្រជាជន មន្ទីរពេទ្យ​ដែល​រ៉ាប់រង​ព្យាបាល​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស និង​មជ្ឈមណ្ឌល​តាមដាន​វីរុស​នេះ​នៅក្នុង​ទីក្រុង​ប៉េកាំង​។ លោក ស៊ី និយាយថា ស្ថានភាព​បច្ចុប្បន្ន​នៅតែ​ធ្ងន់ធ្ងរ​ដដែល ប៉ុន្តែ​លោក​បង្ហាញ​ការ​ជឿជាក់ថា សង្គ្រាម​ប្រជាជន​ប្រឆាំង​កូ​រ៉ូ​ណា​វីរុស​នឹង​ទទួលបាន​ជោគជ័យ​ដោយ​ពេញលេញ​។  
 
​ក្នុង​ដំណើរ​ទៅកាន់​មន្ទីរពេទ្យ Beijing Ditan លោក ស៊ី ប្រាប់​បុគ្គលិក​ពេទ្យ​ទាំងអស់​ឲ្យ​ប្រឹងប្រែង​អស់ពី​លទ្ធភាព​ដើម្បី​ព្យាបាល​ប្រជាជន បន្ត​អនុវត្ត​ផែនការ​ព្យាបាល​របស់ខ្លួន និង​ណែនាំ​ឲ្យ​ប្រជាន​បង្កើន​ការការពារ​ខ្លួនឯង​។ ពី​ទីនោះ លោក ស៊ី ក៏បាន​ជជែក​ជាមួយ​ក្រុមគ្រូពេទ្យ​នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​តាម​អន​ឡាញ​ផងដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua មេដឹកនាំ​ចិន​បាន​លើកទឹកចិត្ត​គ្រូពេទ្យ និង​មន្ត្រី​ទាំងអស់​បន្ត​ការប្រយុទ្ធ​របស់​ពួកគេ​ដើម្បី​ការពារ​ទីក្រុង​។​
 
«​វូ​ហាន​ជាទី​ក្រុង​វីរបុរស​។ ប្រជាជន​ហ៊ូ​ប៉ី និង​វូ​ហាន​ជា​អ្នកក្លាហាន​ដែល​មិនអាច​បំបែក​បាន​ដោយ​ការលំបាក ឬ​គ្រោះថ្នាក់​ប្រវត្តិសាស្ត្រ​អ្វី​ទាំងអស់​។ ដរាបណា​ធ្វើការ​ជាមួយគ្នា ប្រយុទ្ធ​ដោយ​អង់អាច និង​ជម្នះ​ក្ដី​លំបាក យើង​ច្បាស់​ជា​អាច​យកឈ្នះ​សង្គ្រាម​ប្រឆាំង​កូ​រ៉ូ​ណាវី​រុស​។​» នេះ​ជាការ​លើកឡើង​របស់​ប្រមុខរដ្ឋ​ចិន​ដែល​ចាត់ទុក​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ជា​អាទិភាព​សំខាន់​ជាងគេ​ក្នុង​យុទ្ធនាការ​ប្រឆាំង​វីរុស​ប្រភេទ​ថ្មី​នេះ​។ 
 
​ដូច​ដឹង​ស្រាប់ ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស​។ ស្ថានការណ៍​ក្នុង​ទីក្រុង​នេះ នៅតែ​មិនទាន់​ស្រាកស្រាន្ត​នៅឡើយ ខណៈ​អ្នកស្លាប់ និង​អ្នក​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នេះ ចេះតែ​កើនឡើង​។ បច្ចុប្បន្ន វូ​ហាន​ស្ថិតក្រោម​ការបិទ​ជិត​តែម្ដង ដោយ​អាជ្ញាធរ​មិន​បិទ​ការធ្វើដំណើរ​ចេញចូល​ទីក្រុង​ដែលមាន​ប្រជាជន​១១​លាន​នាក់​នេះ ខណៈ​ការជួយ​សង្គ្រោះ​កំពុង​ធ្វើឡើង​យ៉ាង​ញាប់ដៃ​បំផុត​។​
 
​បើ​គិត​ត្រឹម​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែកុម្ភៈ អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ឡើងដល់​១០១៨​នាក់​ហើយ តួលេខ​នេះ កើន​ពី​៩១០​នាក់ កាលពី​ថ្ងៃ​ម្សិលមិញ ដោយ​បន្ថែម​ករណី​ស្លាប់​១០៨​នាក់​ទៀត​។ ក្នុងនោះ ចំនួន​អ្នកស្លាប់​ដល់​ទៅ​១០៣ គឺ​នៅ​ខេត្ត​ហ៊ូ​ប៉ី​តែម្ដង និង​៥​នាក់​ទៀត ដោយ​ម្នាក់ៗ​នៅ​រដ្ឋធានី​ប៉េកាំង​, ទីក្រុង​ធាន​ជីន​, ខេត្ត​ហី​ឡុង​ជាំ​ង​, អាន​ហ៊ុយ និង​ហឺ​ណាន​៕ 

Tag:
 ចិន​
  ស៊ី ជិន​ភីង​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com