ជាតិ
មន្ត្រីបង្កើតពាក្យស្លោក៖«អង្គរឈរជាង១ពាន់ឆ្នាំ រង់ចាំអ្នកមកទស្សនា កុំភ័យកុំខ្លាចកូរ៉ូណា ២-៣ថ្ងៃទើបនឹងកើតទេ»
× សៀមរាប៖ «អង្គរឈរជាង១ពាន់ឆ្នាំ រង់ចាំអ្នកមកទស្សនា កុំភ័យកុំខ្លាចកូរ៉ូណា ២-៣ថ្ងៃទើបនឹងកើតទេ» គឺជាពាក្យស្លោករបស់មន្ត្រីក្រសួងទេសចរណ៍ ដើម្បីបំផុសចលនាទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបនាអំឡុងពេលដែលពិភពលោកកំពុងជួបវិបត្តិនៃវីរុសកូរ៉ូណា។ មន្ត្រីក្រសួងទេសចរណ៍បានបង្កើតពាក្យស្លោកនេះឡើង ក្នុងន័យលើកទឹកចិត្តប្រតិបត្តិករទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរកុំឱ្យបារម្ភខ្លាំងពេកចំពោះមេរោគដែលទើបនឹងកើតមួយនេះ។
ក្នុងកិច្ចប្រជុំការងារទេសចរណ៍ជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១០ កុម្ភៈ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបង្ហាញពីការតាំងចិត្ត ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់វីរុសកូរ៉ូណា។ មន្ត្រីក្រសួងទេសចរណ៍រូបនេះអះអាងថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពខ្ពស់សម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ទោះបច្ចុប្បន្នកំពុងកើតវីរុសកូរ៉ូណាក្ដី។ លោកជឿជាក់ថា វិបត្តិនេះនឹងដោះស្រាយបាននារយៈពេលដ៏ខ្លីខាងមុខ ហើយស្ថានការណ៍នឹងវិលត្រឡប់មករកសភាពដើមវិញ។
បើតាមការអះអាងរបស់លោក ទិត ចន្ថា នៅកម្ពុជាមានករណីវីរុសកូរ៉ូណាតែមួយករណីនៅក្រុងព្រះសីហនុតែប៉ុណ្ណោះ ហើយក៏បានជាសះស្បើយហើយដែរ។ ចំណែកខេត្តសៀមរាបមិនទាន់មានករណីនេះទេ ហើយសកម្មភាពទេសចរណ៍នៅមានសភាពធម្មតា គ្រាន់តែថមថយទេសចរជនជាតិចិន ដែលកំពុងផ្ទុះជំងឺប្រភេទថ្មីនេះ។ នេះជាលើកឡើងរបស់លោក ទិត ចន្ថា ទៅកាន់មន្ត្រី និងវិស័យឯកជនដែលចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
ដ្បិតថា កម្ពុជាមានស្ថានភាពល្អប្រសើរក្នុងកាលៈទេសៈនៃវិបត្តិវីរុសកូរ៉ូណាក៏ពិតមែន តែរដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ប្រាប់ថា ក្រសួងនៅតែបន្ដតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត និងបើកទ្វារស្វាគមន៍គ្រប់ជាតិសាសន៍ចូលមកទស្សនាកម្ពុជា ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់។
លោក ទិត ចន្ថា បញ្ជាក់ថា អំឡុងពេលដែលមានការថមថយទេសចរបរទេសនេះ ក្រសួងកំពុងជំរុញចលនាទេសចរណ៍ក្នុងស្រុកឱ្យមានសកម្មភាពកាន់តែខ្លាំងក្លា ព្រោះថាប្រជាជនក្នុងស្រុកនាពេលបច្ចុប្បន្នក៏មាន សកម្មភាពដំណើរទេសចរណ៍មិនចាញ់បរទេសប៉ុន្មានទេ៕
លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍
Tag:
ទេសចរណ៍សៀមរាប
កូរ៉ូណា
ទិត ចន្ថា
© រក្សាសិទ្ធិដោយ thmeythmey.com