ជាតិ
នាយករដ្ឋមន្ត្រី​កម្ពុជា​៖ អ្នក​រើសអើង​ចិន ដោយសារ​កូ​រ៉ូ​ណា​វីរុស ដូចជា​សម្លាប់​ខ្លួនឯង​
11, Feb 2020 , 5:14 pm        
រូបភាព
​ភ្នំពេញ​៖ អ្នក​រើសអើង​ចិន ដោយសារ​​កូ​រ៉ូ​ណាវីរុស ដូចជា​កំពុង​សម្លាប់​សេដ្ឋកិច្ច​ខ្លួនឯង​។ សម្ដេច ហ៊ុន សែន ថ្លែង​បែបនេះ នៅក្នុង​ពិធីបើកការដ្ឋាន​ស្តារ និង​សាងសង់​ផ្លូវ​លេខ​២ និង​លេខ​២២ ប្រវែង​ជាង​៧២​គីឡូម៉ែត្រ នៅ​ព្រឹក​ថ្ងៃទី​១១ កុម្ភៈ​។​

 
​សម្ដេច ហ៊ុន សែន ដែល​ឱ្យ​តម្លៃ​លើ​ទំនាក់ទំនង​ចិន ក្នុង​គ្រា​លំបាក​នេះ បាន​និយាយថា បញ្ហា​វីរុស​កូ​រ៉ូ​ណា គឺជា​បញ្ហា​ប្រឈម​របស់​ពិភពលោក​ទាំងមូល ពោលគឺ​មិនមែនជា​ផល​លំបាក​របស់​ចិន​តែ​ម្នាក់​នោះទេ​។ ដោយ​មើលឃើញ​ពី​ចំណុច​នេះ សម្ដេច ហ៊ុន សែន ក៏បាន​ឆ្លៀត​រិះគន់​ទៅ​ប្រទេស​ដែល​បិទ​ជើងហោះហើរ​ជាមួយ​ចិន​ថា ជា​ទង្វើរ​រើសអើង និង​កំពុង​សម្លាប់​ចិន ដោយសារតែ​បញ្ហា​កូ​រ៉ូ​ណា​វីរុស​។ សម្រាប់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សកម្មភាព​របស់​ប្រទេស​ទាំងនោះ គឺជា​ទង្វើ​មិន​ត្រឹមត្រូវ​ឡើយ​។​



 
​លើកឡើង​បែបនេះហើយ សម្ដេច ហ៊ុន សែន ក៏បាន​និយាយ​ផ្លែផ្កា​ជំនួស​ចិន​វិញ​ថា ប្រទេស​ដែល​បិទ​ជើងហោះហើរ និង​រើសអើង​ចិន​នេះ ហាក់ដូចជា​កំពុង​ប្រើប្រាស់​វិធានការ​សម្លាប់​សេដ្ឋកិច្ច​ខ្លួនឯង​។​ក្នុង​ពិធីបើកការដ្ឋាន​ស្តារ និង​សាងសង់​ផ្លូវ​លេខ​២ និង​លេខ​២២ លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា​៖ « អ្នក​ដែល​រើសអើង​ជាមួយ​ចិន អ្នក​ចាំមើល​លទ្ធផល​ថ្ងៃក្រោយ ចាំមើល​ចិន​និយាយថា​ម៉េច​? ជួនកាល​(​រដ្ឋ​) ម្ចាស់​ការបិទជា​ឯកតោភាគី​ជាមួយ​ការធ្វើដំណើរ​ជាមួយ​ចិន ដល់ពេល​សុំ​បើក​វិញ ឧទាហរណ៍ ស្រាប់តែ​ចិន​ថា ចាំ​ពិចារណា​សិន​។ អា​ពាក្យ​ចាំ​ពិចារណា​សិន គឺ​គ្រោះថ្នាក់​(​បានន័យថា ចិន​អាច​មិន​បើក​ជើងហោះហើរ​វិញ​)​។ ខ្ញុំ​មិន​ប្រដៅ​អ្នកណា​ទេ​…»​។ 
 
​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន បាន​អះអាងថា ជំហរ​របស់​កម្ពុជា មិន​រត់ចោល​ចិន ដែល​ប្រឈមមុខ​នឹង​កូ​រ៉ូ​ណា​វីរុស​នេះ គឺជា​រឿង​ត្រឹមត្រូវ​។ បើតាម​ប្រមុខ​រដ្ឋាភិបាល ការរក្សា​ជំហរ​ដោះស្រាយ​បញ្ហាលំបាក​ចិន​នេះ គឺជា​នយោបាយ​ការទូត ដែល​បម្រើ​ផលប្រយោជន៍​ដល់​កម្ពុជា​។ 
 
«​មាន​អ្នកខ្លះ​ដាក់​ផ្លែ ដាក់​ផ្កា​ឱ្យ​ខ្ញុំ ឌឺ​សុទ្ធតែ​ថា​រួមសុខ​រួមទុក្ខ​ជាមួយ​ចិន ក៏ប៉ុន្តែ​អ្នកឯង​ត្រូវ​យល់​ឱ្យបាន ចំណងមិត្តភាព​មួយ​នេះ វា​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​នយោបាយ​និង​សេដ្ឋកិច្ចសង្គម​របស់​ក​ម្ពុ​ជា​។ អ្នកឯង​ត្រូវ​យល់ បើ​មិន​យល់​ទេ សុំ​ទៅ​រៀន​ថែម​»​។ នេះ​ជា​អះអាង​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានបញ្ជាក់​ជាថ្មី​ថា កម្ពុជា​នៅតែ​បើក​ដំណើរការ​ជើងហោះហើរ និង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ ជាពិសេស​ទទួលភ្ញៀវ​ទេសច​រ​ចូលមក​កម្ពុជា ដោយ​គ្មាន​ការរើសអើង​ឡើយ​។
​កាលពី​ថ្ងៃទី​៥ កុម្ភៈ សម្ដេច ហ៊ុន សែន បានធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​រដ្ឋា​ភិ​បាល និង​ប្រជាជន​ចិន​ក្នុង​គ្រា​លំបាក​នេះ និង​ផ្ដល់​ជំនឿ​ចិត្ត​ចំពោះ​ប្រជាពលរដ្ឋ និង​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​និង​រស់នៅ​ប្រទេស​ចិន​។ សម្ដេច ហ៊ុន សែន អះអាងថា ដំណើរ​ទស្សនកិច្ច​ទៅ​ចិន​នេះ ក៏​ដើម្បី​លុបបំបាត់​ការភ័យខ្លាច របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ ។​
 
​កម្ពុជា បាន​រកឃើញ​ករណី​​កូ​រ៉ូ​ណា​វីរុស លើ​បុរស​ជនជាតិ​ចិន​វ័យ​៦០​ឆ្នាំ​ម្នាក់ ដែល​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៣ មករា​កន្លងមក​ដែរ​។ ប៉ុន្តែ​បុរស​នោះ ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញ​សុខាភិបាល ព្យាបាល​ជាសះស្បើយ នៅ​ថ្ងៃទី​១០ កុម្ភៈ ក្រោយពី​សម្រាក​ថែទាំ​សុខភាព​នៅ​បន្ទប់​ដោយឡែក អស់​រយៈពេល​ជិត​២០​ថ្ងៃ​។ ជនជាតិចិន​ខាងលើនេះ បាន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ បន្ទាប់ពី​ទទួលបាន​ការព្យាបាល​ជោគជ័យ​៕

Tag:
 ហ៊ុន សែន​
  វីរុស​កូ​រ៉ូ​ណា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com