ទោះមេដឹកនាំកំពូលរបស់កម្ពុជា ព្យាយាមបង្ហាញជំហរថា មិនបារម្ភពីការបាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបក្តី តែកម្ពុជា នៅតែចៀសមិនផុត ពីការត្រៀមខ្លួនផ្នែកបច្ចេកទេស ការរៀបចំថវិកាបម្រុង និងដាក់ចេញវិធានការផ្សេងៗ ដើម្បីទប់ទល់នឹងការបាត់ប្រព័ន្ធអនុគ្រោះពន្ធនេះ។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើងថា កម្ពុជា មិនមែន ទើបតែនឹងត្រៀមខ្លួននាពេលនេះទេ គឺបានត្រៀមយូរមកហើយ ដើម្បីទទួលយកលទ្ធផលពីការសម្រេចរបស់សហភាពអឺរុប។
អ្នកនាំពាក្យរូបនេះ ថ្លែងដូច្នេះថា៖«តាមពិតទៅរឿងហ្នឹង មិនមែនយើង ទើបតែត្រៀមថ្ងៃហ្នឹងទេ។ ជំហរបស់យើង យើងបានដឹងយូរហើយ សម្តេច ហ៊ុន សែន ក៏បានលើកឡើងច្រើនដង ហើយក៏បានធ្វើកំណែទម្រង់ច្រើនណាស់ដើម្បីត្រៀមខ្លួន ទទួលយកលទ្ធផលនៅថ្ងៃទី១២ស្អែកនេះ ទោះបីជាយ៉ាងណាក៏ដោយ»។
សំឡេងលោក ស៊ាង ថៃ៖
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ សហភាពអឺរ៉ុប នឹងសម្រេចចុងក្រោយថា ព្យួរ EBA នៅកម្ពុជា ឬមិនព្យួរ។ បើសហភាពអឺរ៉ុបសម្រេចព្យួរមែន រយៈពេល៦ខែក្រោយមកទៀត សេចក្តីសម្រេចនោះ នឹងចូលជាធរមាន។ វា មានន័យថា ពេលសេចក្តីសម្រេចចូលជាធរមាន កម្ពុជា ត្រូវបង់ពន្ធ ពេលនាំទំនិញចូលទៅទីផ្សារអឺរ៉ុប។
លោក ស៊ាង ថៃ ប្រាប់ថា លោក មិនទាន់អាចសន្និដ្ឋានបានឡើយ នឹងមានវិនិយោគិន ឬអ្នកថៅកែរោងចក្រខ្លះ អាចនឹងដកខ្លួនចេញពីកម្ពុជា បើសហភាពអឺរ៉ុប សម្រេចព្យួរ EBA ។ លោក មានប្រសាសន៍ថា៖«យើងមិនទាន់អាចនិយាយបានទេ ព្រោះមិនទាន់មកដល់។ អ្វីដែលយើងខិតខំធ្វើ គឺយើងបានជួយគាត់ហើយ...»។
សំឡេងលោក ស៊ាង ថៃ៖
កន្លងមក លោក ហាវ រតនៈ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច ធ្លាប់បង្ហើបថា កម្ពុជា រដ្ឋាភិបាលកម្ពុជា មានប្រាក់បម្រុងដល់ទៅប្រមាណ៣ពាន់លានដុល្លារឯណោះ ដើម្បីដោះស្រាយនឹងវិបត្តិឬហានិភ័យ (ផ្នែកសេដ្ឋកិច្ច)។
សម្តេចនាយករដ្ឋមន្ត្រីមន្ត្រី ហ៊ុន សែន រក្សាជំហរដដែលថា មិនស្នើសុំឲ្យសហភាពអឺរ៉ុប បន្តផ្តល់ EBA ដល់កម្ពុជានោះទេ។ ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ នាព្រឹកថ្ងៃ១១ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា ព្យួរ EBA ឬមិនព្យួរ គឺជាសិទ្ធិរបស់សហភាពអឺរ៉ុប។
យ៉ាងណា ប្រមុខរដ្ឋាភិបាល ចាត់ទុកថាជារឿងងល្អសម្រាប់កម្ពុជា បើសហភាពមិនព្យួរ EBA តែបើព្យួរ កម្ពុជា នឹងប្រឹងរស់ ដោយដកដង្ហើមខ្លួនឯង។ លើសពីនេះ ប្រមុខរដ្ឋាភិបាល លើកទឹកចិត្តប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី កុំឲ្យតក់ស្លុតនឹងសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា រោងចក្រមួយចំនួននៅកម្ពុជា នឹងត្រូវបិទទ្វាររយៈពេល១ខែពេញឬក៏អាចដល់២ខែ ចាប់ពីចុងខែកុម្ភៈនិងក្នុងខែមីនា ឆ្នាំ២០២០។ តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១១ ខែកុម្ភៈ សមាគមរោងចក្រកាត់ដេរ លើកហេតុផលដូចមន្ត្រីនិងប្រមុខរដ្ឋាភិបាលដែរថា ការបិទរោងចក្របណ្តោះអាសន្ននេះ គឺដោយសារអស់វត្ថុធាតុដើម ដែលនាំចូលពីចិន តែមិនមែនមកពីការព្យួរ EBA ឡើយ។
សមគមរោងចក្រកាត់ដេរ បកស្រាយថា ការរាលដាលនៃមេរោគកូរ៉ូណា ធ្វើឲ្យរោងចក្រនិងក្រុមហ៊ុននៅចិន ត្រូវផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើម ទៅបណ្តាប្រទេសនានា រួមទាំងកម្ពុជា ផងដែរ៕