កីឡាអន្តរជាតិ
អន្តរជាតិ
AFC ពិន័យ​គ្រូ​វៀតណាម​៤​ប្រកួត និង​ប្រាក់​៥០០០​ដុល្លារ ក្រោយ​រកឃើញថា​ប្រមាថ​អាជ្ញាកណ្តាល​នៅ​ស៊ី​ហ្គេម ២០១៩
11, Feb 2020 , 9:39 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ដាក់ពិន័យ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​វៀតណាម​លោក Park Hang-seo ចំនួន​៤​ប្រកួត និង​ប្រាក់ ៥០០០ ដុល្លារ​អាមេរិក ដោយសារ​ប្រើ​ឥរិយាបទ​មិន​សមរម្យ​កាលពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម (SEA Games) ឆ្នាំ ២០១៩ លើក​ទី​៣០ នៅ​ហ្វីលីពីន​។​


 
​ទង្វើ​របស់លោក Park កើតឡើង​អំឡុងពេល​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​វិញ្ញាសា​កីឡាបាល់ទាត់​បុរស រវាង​វៀតណាម​ទល់នឹង​ឥណ្ឌូណេស៊ី​។ គ្រូបង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​រូបនេះ​បាន​ប្រើ​កាយវិការ​រញ៉េរញ៉ៃ​ដាក់​លោក​អ​ជ្ញា​កណ្តាល​កាត់សេចក្តី​នៅពេល​ប៉ះ​ទ​ង្គិ​ត​គ្នា​របស់​កីឡាករ​ឥណ្ឌូណេស៊ី និង​កីឡាករ​វៀតណាម Nguyen Trong Hoang រហូត​ត្រូវ​បានផ្តល់​កាត​ក្រហម​បណ្តេញចេញ​ផង​។​
​បន្ទាប់ពី​បាន​កាត​ក្រហម លោក Park រិត​តែ​សម្តែង​ការមិន​ពេញចិត្ត និង​តវ៉ា​តឹងសរសៃក​ដោយ​ជម្លោះ​ពាក្យសម្តី​ដាក់​អាជ្ញាកណ្តាល និង​មន្ត្រី​អាជ្ញាកណ្តាល​ផ្សេងៗ​ទៀត រហូត​មានការ​អន្ត្រាគមន៍​ពី​សំណាក់​អ្នករៀបចំ​ការប្រកួត​នេះ​ថែម​ទៀតផង​។​

 
 
AFC កំ​កត់​បាន​ថា​លោក Park បាន​ប្រើពាក្យ​ប្រមាថ​ទៅលើ​អាជ្ញាកណ្តាល​ធ្ងន់ធ្ងរ​មួយ ដែល​ឈានដល់​កម្រិត​រំលោភបំពាន រហូត​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា ៤៧ នៃ​ក្រម​វិន័យ និង​ក្រមសីលធម៌​របស់ AFC​។​
 
​គ្រូ​សញ្ជាតិ​កូរ៉េខាងត្បូង វ័យ​៦២​ឆ្នាំ​រូបនេះ ត្រូវ AFC ព្យួរ​ក្នុង​ការប្រកួត​មិត្តភាព​ចំនួន​៤​ប្រកួត​ដែល​ក្នុងនោះ​មានការ​ព្យួរ​ដោយ​ស្វ័យប្រវត្តិ​មួយ​ប្រកួត​តាមរយៈ​ការបណ្តេញ​ចេញពី​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ស៊ី​ហ្គេម​កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩​។ ក្រៅពីនេះ លោក Park ក៏ត្រូវ​បង់ប្រាក់​ផាកពិន័យ​ចំនួន​៥០០០​ដុល្លារ​ផងដែរ ហើយ AFC ព្រមាន​ទៀតថា​បើសិនជា​លោក​ធ្វើ​ទង្វើ​បែបនេះ​បន្តទៀត ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ទ្វីបអាស៊ី​មួយ​នេះ នឹងដាក់​ពិន័យ​ឲ្យ​ធ្ងន់ធ្ងរ​ជាង​នេះ​ទ្វេ​រដង​។​
 
​នា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ វៀតណាម​បាន​យកឈ្នះ​ឥណ្ឌូណេស៊ី​ក្នុង​លទ្ធផល ៣-០ និង​ក្លាយជា​ម្ចាស់​មេដាយមាស​ផ្នែក​កីឡាបាល់ទាត់​បុរស​នៃ​ព្រឹត្តិការណ៍​កីឡា​តំបន់​អាស៊ាន​ឆ្នាំ​២០១៩ នៅលើ​ទឹកដី​ហ្វីលីពីន​។​
 
​ការប្រកួត​មិត្តភាព​អន្តរជាតិ​លើកដំបូង​របស់​វៀតណាម​គ្រោង​នឹងធ្វើ​ឡើង​នៅ​ខែមីនា ឆ្នាំ​២០២០ ដោយ​ត្រូវ​ជួប​អ៊ីរ៉ាក់​៕

Tag:
 SEA Games
  Park Hang-seo
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com