ជាតិ
រដ្ឋាភិបាល ចំណាយ​ថវិកា​ជាង​៥៦​លាន​ដុល្លារ លើ​គម្រោង​ផ្លូវជាតិ​លេខ​២ និង​លេខ​២២​ប្រវែង​៧២​គីឡូម៉ែត្រ
11, Feb 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ផ្លូវជាតិ​លេខ​២ និង​លេខ​២២ មាន​ប្រវែង​ជាង​៧២​គីឡូម៉ែត្រ ដែល​បានចាប់ផ្ដើម​សាងសង់ នៅ​ថ្ងៃទី​១១​ខែកុម្ភៈ​នេះ នឹង​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ៥៦,១​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន ដែល​បាន​ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​។​


 
​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ផ្លូវ​ទាំងពីរ​ខ្សែ​នេះ នឹង​សាងសង់​ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ AC  ដែលជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​។ បើតាម​សម្ដេច ហ៊ុន សែន បដិភាគ​រដ្ឋាភិបាល មាន​ចំនួន​១១​លាន​ដុល្លារ សម្រាប់​គម្រោង​ផ្លូវ​នេះ​។​
 
​កំណាត់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ មាន​ប្រវែង​សរុប ៧២,១៧​គីឡូម៉ែត្រ​។ ផ្លូវជាតិ​លេខ​២ ចាប់ពី​រង្វង់​មូល​តាខ្មៅ ដល់​អូរ​ចំបក់ មាន​ប្រវែង ៦២,៥៦​គីឡូម៉ែត្រ រាប់​ចាប់ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តកណ្តាល​រហូតដល់​ខេត្តតាកែវ ។ ចំណែក​ផ្លូវជាតិ​លេខ​២២ ពី​អូរ​ចំបក់ ដល់​អង្គតាសោម មាន​ប្រវែង ៩,៦១​គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្តតាកែវ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៕

Tag:
 ផ្លូវជាតិ​
 ​ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com