ជាតិ
សង្គមជាតិ
ពលរដ្ឋមួយក្រុម នាំគ្នារៃថវិកា ទិញសម្ភារជូនអ្នកធាក់ស៊ីក្លូ ដើម្បីបង្ហាញក្តីស្រឡាញ់ រូបភាពអ្នកធាក់ស៊ីក្លូ
× ភ្នំពេញ៖ ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ដែលជាបុណ្យប្រពៃណីរបស់បរទេស នឹងត្រូវប្រព្រឹត្តឡើងនៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ។ ចំថ្ងៃនោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួន នឹងបង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សជាទីស្រឡាញ់របស់ខ្លួន តាមសកម្មភាពខុសគ្នាៗ។ សកម្មភាពទាំងនោះ មានការផ្តល់ថវិកា សម្ភារ និងចំណាយពេលវេលានៅជាមួយក្រុមគ្រួសារ មិត្តភក្តិ និង ដៃគូជាដើម។
ជាមួយគ្នានេះ ពលរដ្ឋកម្ពុជាមួយក្រុម បានចំណាយពេល សម្រាប់ប្រមូលថវិកាពីមហាជន ដើម្បីទុកទិញសម្ភារប្រើប្រាស់ឲ្យអ្នកធាក់ស៊ីក្លូនៅរាជធានីភ្នំពេញ។ លោក អ៊ីវ សំណាង ប្រធាននាយករដ្ឋបាលធនធានមនុស្សនៅក្រុមហ៊ុនឯកជនមួយ ដែលជាអ្នកផ្តួចផ្តើមបង្កើត កម្មវិធីសប្បុរសធម៌តាំងពីឆ្នាំ២០១៩មក រួមជាមួយនឹងក្រុមការងារប្រមាណ៤ ទៅ៥នាក់ទៀត បរិច្ចាគថវិកាផ្ទាល់ខ្លួន និងរៃអង្គាសពីសាធារណជន សម្រាប់ទិញសម្ភារប្រើប្រាស់ និងម្ហូបអាហារដល់អ្នកដែលមានមុខរបរជាអ្នកធាក់ស៊ីក្លូនៅថ្ងៃទី១៤ ខែកុម្ភៈ។
លោក អ៊ីវ សំណាង បានបញ្ជាក់ថា លោក បង្កើតកម្មវិធីសប្បុរសធម៌នេះឡើង ដោយសារលោកតែងតែមើលឃើញពីទុក្ខលំបាករបស់អ្នកធា្លក់ស៊ីក្លូ ដែលពលរដ្ឋខ្មែរខ្លះបានមើលរំលង។ លោក បានលើកឡើងដូច្នេះថា៖«នៅថ្ងៃ១៤កុម្ភៈគឺជាទិវាបុណ្យនៃសេចក្តីស្រឡាញ់ មនុស្សគ្រប់គ្នាគឺសុទ្ធតែអាចចែកក្តីស្រឡាញ់ទៅមនុស្សដែលខ្លួនស្រឡាញ់ តាមរូបភាព និងសកម្មភាពផ្សេងៗ។ ប៉ុន្តែពួកគាត់អត់មានអ្នកចែកក្តីស្រឡាញ់ឲ្យគាត់ទេ អ៊ីចឹងមានតែយើងទាំងអស់គ្នាទេ ដែលត្រូវចូលរួមជាកម្លាំង ជាសម្ភារ ជាថវិកា សម្រាប់យកទៅចែកជូនពួកគាត់នៅថ្ងៃហ្នឹង»។
ថវិកាដែលប្រមូលបានពីសប្បុរសជន លោក អ៊ីវ សំណាង នឹងយកទៅទិញម្ហូបអាហារ ក្រមា កៅអៀក ប្រេងក្រឡា ខោចែវ ស្បែកជើង មី ត្រីខ និងផ្តល់ជាថវិកាខ្លះផងដែរ សម្រាប់ជូនដល់អ្នកធាក់ស៊ីក្លូប្រមាណ១០០នាក់។ លោកនឹងចែកសម្ភារទាំងនោះនៅក្នុងវត្តសំពៅមាស នៅថ្ងៃទី១៦ ខែកុម្ភៈ។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ នៅថ្ងៃទី១១ ខែកុម្ភៈ លោក អ៊ីវ សំណាង បាននិយាយថា៖«មុនថ្ងៃទី១៦ ខែកុម្ភៈ ខ្ញុំអាចទៅប្រមូល និងផ្សព្វផ្សាយដល់អ្នកដែលធាក់ស៊ីក្លូនៅតាមផ្សារអូរឫស្សី ក្រោយបរមរាជវាំង និងនៅផ្សារកណ្តាលឲ្យមកប្រមូលផ្តុំគ្នានៅវត្តសំពៅមាស។ ការចែកហ្នឹងគឺយើងមានជាខិតប័ណ្ណសម្រាប់គាត់ ដើម្បីគាត់យកខិតប័ណ្ណហ្នឹងមកដូរជាសម្ភារ។ យើងមិនមែនរើសអើងទេ ព្រោះយើងបារម្ភហានិភ័យ។ ពេលណាគាត់បានហើយ តែបែរជាគាត់មកយកទៀត»។
លោក អ៊ីវ សំណាង ជឿជាក់ថា សកម្មភាពរបស់ខ្លួន នឹងជួយសម្រួលដល់ជីវភាពរបស់អ្នកដែលប្រកបមុខរបរជាអ្នកធាក់ស៊ីក្លូដែលកំពុងតែជួបផលលំបាកបានមួយកម្រិតដែរ។ លោក អ៊ីវ ប្រាប់ថា៖«ពេលខ្ញុំខំព្យាយាម ប្រមែប្រមូលសម្ភារ និងថិវកាទៅឲ្យពួកគាត់ ហើយពួកគាត់ញញឹម ហើយគាត់ក៏អរគុណពួកយើង ពេលហ្នឹងខ្ញុំសប្បាយចិត្ត និងរំភើបជាខ្លាំង។ ស្នាមញញឹមរបស់ពួកគាត់បានជំរុញទឹកចិត្តខ្ញុំឲ្យនៅតែបន្តធ្វើទៀត»៕
Tag:
បុណ្យនៃសេចក្តីស្រឡាញ់
ថវិកា
សប្បុរសធម៌
© រក្សាសិទ្ធិដោយ thmeythmey.com